• 2021-05-18 03:40:19
  • ព័ត៌មាន

ព្រឹក​នេះ​មាន​ព័ត៌មាន​វិវត្ត​ពី​ស្ថានភាព​របស់ ស៊ិន ឧត្តម​ផល្លា ដែល​កំពុង​តស៊ូ​នឹង​ជំងឺ​មហារីក

  • 2021-05-18 03:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប្រមាណ​២សប្ដាហ៍​មុន ប្រិយមិត្ត​ស្លុត​ចិត្ត ក្រោយ ស៊ិន ឧត្តម​ផល្លា បាន​បើកចំហ​រឿង​នាង​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ស្រប​ពេល​គេ​ឃើញ​តារា​ចម្រៀង​ស្រី ធ្លាក់​ខ្លួន​ស្គម​រីងរៃ បង់​អស់​សម្រស់​ដ៏​ស្រស់​ប្រិមប្រិយ​ពី​មុន។ ឥឡូវ​នេះ មាន​ដំណឹង​ពី​ស្ថានភាព​វិវត្ត​របស់​នាង​ហើយ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន ផល្លា ស្ថានភាព​​សុខភាព​របស់​នាង​ល្អ​ប្រសើរ​ជាង​ពី​ពេល​ប្រមាណ ២សប្ដាហ៍​មុន។ វេលា​នោះ សូម្បី​តែ​សាមី​ខ្លួន​ក៏​ស្ទើរ​តែ​អស់​សង្ឃឹម​ដែរ រហូត​ដល់​ធ្លោយ​មាត់​ថា ស្ថានភាព​របស់​ខ្លួន​ពេល​នេះ មិន​ដឹង​ថា អាច​រក្សា​ជីវិត​មើល​ថែ​កូន​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ។ ប្រយោគ​នេះ​ហើយ ដែល​ធ្វើ​ប្រិយមិត្ត ក៏​ដូច​ជា​មិត្ត​ភ័ក្តិ​ជា​ច្រើន​ស្លុត​ចិត្ត និង​អាណិត ផល្លា បុគ្គល​ដែល​មាន​ឆន្ទៈ​សិល្បៈ​ខ្ពស់ ចេះ​ជួយ​គេ​ឯង មិន​សម​ណា​ជួប​រឿង​បែប​នេះ​ខ្លួន​ឯង​សោះ។

កាល​នោះ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​រយៈ​សារ​អេឡិចត្រូនិក ផល្លា ប្រឹង​និយាយ​ខ្សាវ​ៗ​ស្ទើរ​ស្ដាប់​មិន​លឺ។ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ ស្ថានភាព​បាន​ប្រសើរ​ច្រើន។ ស៊ិន ឧត្តម​ផល្លា អាច​និយាយ​បាន​ច្បាស់​ល្អ​ បើ​ធៀប​នឹង​ពេល​មុន។ តារា​ចម្រៀង​ច្រើន​ភាសា ប្រាប់​ថា នាង​បាន​ប្រសើរ​ជាង​មុន ហើយ​មាន​ក្ដី​សង្ឃឹម​ក៏​ច្រើន​ជាង​ពេល​មុន​ដែរ បាន​មក​ពី​ការ​ព្យាបាល​ទាំង​ពីរ​ផ្នែក គឺ​ថ្នាំ​ពេទ្យ និង​ថ្នាំ​ខ្មែរ។

ផល្លា កំពុង​សម្រាក​ព្យាបាល​ជំងឺ(រូបគេង)

“ឥឡូវ​នេះ រាង​គ្រាន់ ក្បាល​វា​​អត់​សូវ​ពើត​ដូច​មុន បើ​មុន​គឺ​ពើត​ខ្លាំង…ហើយ​រាល់​ថ្ងៃ​ខ្ញុំ​នៅ​តែ​ទៅ​ពេទ្យ​ដាក់​សេរ៉ូម និង​លេប​ថ្នាំ​ប្រចាំ។ ដោយ​ឡែក​ថ្នាំ​ខ្មែរ​ដែល​គេ​យក​មក​អោយ​ ក៏​ហូប​ដែរ អីចឹង​ខ្ញុំ​មិន​ដឹង​ថា អាការ​ដែល​ប្រសើរ​នេះ បាន​មក​ពី​ការ​លេប​ថ្នាំ​ពេទ្យ ឬ​ការ​ផឹក​ថ្នាំ​ខ្មែរ​ទេ ព្រោះ​រាល់​ថ្ងៃ​លេប​ក៏​លេប ផឹក​ក៏​ផឹក​ទាំង​ពីរ អីចឹង​មិន​ដឹង​ថា ប្រសើរ​ដោយ​សារ​មួយ​ណា​ទេ!"។ ស៊ិន ឧត្តម​ផល្លា ថ្លែង។

ស៊ិន ឧត្តម​ផល្លា បាន​បាត់​មុខ​ពី​ការងារ​សិល្បៈ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០។ ក្រោយ​មក​ក៏​លេច​មុខ​នាង​កោរ​សក់ អស់​រលីង​ពី​ក្បាល ហើយ​នាង​បាន​ប្រាប់​ថា​សារព័ត៌មាន​ថា កោរ​ដើម្បី​សង​គុណ​ម្ដាយ។ បន្ត​មក​ទៀត​ក៏​មាន​ស៊េរី​រូប​ភាព​ខុស​ប្រក្រតី​ជា​ច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។ រូប​នោះ គេ​ឃើញ​ផល្លា​មាន​មុខ​ខ្មៅ​ខុស​ធម្មតា ហើយ​នាង​បាន​ចេញ​មក​អះអាង​ថា ខ្មៅ​ដោយ​សារ​ថត​ក្រោម​ម្លប់។

ប៉ុន្តែ​មក​មិន​យូរ​ប៉ុន្មាន ក៏​បាន​ដាច់​ចិត្ត​ទម្លាយ​ថា តាម​ពិត​គឺ​នាង​មាន​ជំងឺ​ប្រចាំ​កាយ មហារីក​កូន​កណ្ដុរ។ ចុង​ក្រោយ​នេះ នាង​ក៏​បាន និង​កំពុង​ជំនះ​លើ​ការ​វាយ​ប្រហារ​របស់​ជំងឺ​នេះ ក្រោយ​ពី​វា​បាន​រាល​ទៅ​ដល់​ខួរ​ក្បាល ដោយ​សារ​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ទំនើប​ផង និង​ថ្នាំ​ខ្មែរ​ផង។ ផល្លា​ថា នាង​មិន​ទាន់​គិត​រឿង​ការងារ​សិល្បៈ​អី​នោះ​ទេ ប៉ុន្តែ​បាន​ត្រឹម​រក្សា​ជីវិត ដើម្បី​រៀប​ចំ​កូន​ៗ​ទាំង​បី​ឲ្យ​ដល់​ត្រើយ​ មាន​គ្រួសារ​គ្រប់​គ្នា គឺ​ជា​អ្វី​ដែល​នាង​ចង់​បាន​បំផុត​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់