• 2021-05-26 08:14:09
  • ព័ត៌មាន

ធ្លាប់​ជា​អ្នកបម្រើ​ការលើ​យន្ត​ហោះ គេ​ថា​គ្មាន​អី​អស្ចារ្យ ដូច​តែ​អ្នក​រត់តុ​ធម្មតា​ដែរ ឥឡូវ ហ្សូរីដា បង្ហើប​រឿងខ្លះ​ៗ​ឲ្យ​ដឹង!

  • 2021-05-26 08:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​តារា​សម្ដែង និង​ជា​ពិធី​ការិនី ដួង ហ្សូរីដា ខ្លះ​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​អំពី​អតីត​កាល ឬ​ប្រវត្តិ​ការងារ​របស់​តារា​ស្រី​ល្បី​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​រូប​នេះ​នៅ​ឡើយទេ។ ថ្ងៃ​នេះ ហ្សូរីដា បាន​រំលឹក​នូវ​ការងារ​មួយ​ដែល​នាង​ធ្លាប់​បំពេញ​កាល​ពី​៨​ឆ្នាំ​មុន។

ដួង ហ្សូរីដា និយាយ​ថា ក្ដី​សុបិន្ដ​ទី២​ដែល​នាង​ប៉ងប្រាថ្នា​តាំង​ពី​តូច គឺ​អ្នក​បម្រើ​លើ​យន្តហោះ។ ក្ដី​សុបិន​នេះ​បាន​សម្រេច​ដោយ​សមត្ថភាព សុខភាព​ល្អ ការ​ខិតខំ​ប្រឹងប្រែង តស៊ូ និង​ជម្នះ​គ្រប់​ឧបសគ្គ។ នាង​ធ្លាប់​ទទួល​បាន​ពាក្យ​ពេបជ្រាយ​ថា មាន​អី​អស្ចារ្យ​ជា​អ្នក​បម្រើ​លើ​យន្តហោះ​ដូច​តែ​អ្នក​រត់​តុ​ធម្មតា​ដែរ។

ដួង ហ្សូរីដា៖"មិនសូវខុសគ្នាទេ តែទំរាំបានធ្វើការបំរើភ្ញៀវប៉ុណ្ណឹង ពួកយើងត្រូវការរៀនសូត្រ ទន្ទេញមេរៀន ត្រូវស្គាល់គ្រប់ឧបករណ៍ ត្រូវចេះវិធីសង្រ្គោះបឋម ត្រូវចេះវិធីជំលៀស និង ការងារលំបាកជាច្រើនទៀត សំខាន់សុខភាពពីចុងសក់ដល់ចុងជើងត្រូវតែល្អ ១០០%"។

ដួង ហ្សូរីដា មិន​បាន​បញ្ជាក់​ពី​រយៈ​ពេល​បម្រើ​ការងារ​លើ​យន្តហោះ? ហើយ​មាន​មូលហេតុ​អ្វី​បាន​ជា​នាង​បោះ​បង់​អាជីព​នេះ​នោះ​ទេ? ប៉ុន្តែ​នាង​បង្ហើប​តាម​រយៈ​សំណេរ​មួយ​លើ​គណនី​Facebook ថា នាង​ត្រូវ​យំ​ជា​ច្រើន​ដង​ស្ទើរ​ទ្រាំ​មិន​បាន​ចង់​តែ​ឈប់​ភ្លាមៗ តែ​កាលណោះ​នាង​តែងតែ​សួរ​ខ្លួន​ឯង​ថា​តើ​មាន​នារី​ប៉ុន្មាន​នាក់​ទៀត​មាន​ឱកាស​ប្រឡង​ជាប់​ដូច​នាង។ នាង​ថា ជា​អ្នក​បម្រើ​មែន តែ​ជា​អ្នក​បម្រើ​កាលីប​លើ​ដែល​ធ្វើ​ឲ្យ​នាង​រឹងមាំ និង​ជោគជ័យ​ជា​បន្ដបន្ទាប់​រហូតដល់​សព្វថ្ងៃនេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់