- 2021-06-21 03:58:55
- ព័ត៌មាន
បន្ទាប់ពីទទួលពានមាស៣ សុខ សុធន ត្រូវគេហាមដាក់ស្នាដៃប្រលោមលោក និងកំណាព្យចូលប្រកួតដល់សព្វថ្ងៃ
- 2021-06-21 03:58:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីទទួលពានមាស៣ សុខ សុធន ត្រូវគេហាមដាក់ស្នាដៃប្រលោមលោក និងកំណាព្យចូលប្រកួតដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
កាលបរិច្ឆេទ នៃការទទួលស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿងពីកវីនិពន្ធ និងសាធារណជន ដើម្បីប្រឡងជ្រើសរើសយកអ្នកទទួលពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២១ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប នឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះហើយ។
អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់លោក សុខ សុធន បានប្រាប់Sabay នៅថ្ងៃទី២១ ខែមិថុនា ថា លោកសោកស្ដាយដែលពុំមានឱកាសបានទទួលពានរង្វាន់ថ្មីៗបន្ថែមទៀត បន្ទាប់ពីលោកទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ លើស្នាដៃតែងនិពន្ធជាច្រើន ប៉ុន្តែក្រសួងបានស្នើសុំឲ្យលោកផ្អាកការផ្ញើស្នាដៃតែងនិពន្ធរបស់លោកទៅប្រកួតតទៀត ក្រោយពីលោកទទួលបានពានរង្វាន់លេខ១ទូទាំងប្រទេសផ្នែកប្រលោមលោក និងកំណាព្យ រឿងចំនួន៣រួចមក។
លោក សុខ សុធន៖"គេលែងឲ្យខ្ញុំដាក់ស្នាដៃចូលប្រឡងហើយ ឥឡូវទៅជាមានឱកាសធ្វើគណៈមេប្រយោគអីវិញ។ខ្ញុំនៅតែលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងស្នាដៃ ដើម្បីលើកតម្កើងអក្សរសិល្ប៍ និងអក្សរជាតិខ្មែរ ហើយខ្ញុំមើលឃើញក្មេងៗគេតែងចុងជួនបានល្អ តែសំខាន់ជាងនេះនៅរូបារម្មណ៍"។
បើតាមលោក សុខ សុធន ស្នាដៃប្រលោមលោក និងកំណាព្យលោកជាច្រើនត្រូវបានអ្នកអានភាគច្រើនទទួលស្គាល់តាំងពីមុនឆ្នាំ២០០០ ពោលគឺនៅក្រោយលោកទទួលបានពានរង្វាន់ទូទាំងប្រទេសលើការនិពន្ធចំនួន៣ធំៗ។ ស្នាដៃទី១របស់លោក គឺកំណាព្យរឿង"អ្នកម្ដាយក្រមុំ"ឆ្នាំ១៩៨៩ ស្នាដៃទី២ គឺកំណាព្យរឿង"ពេលពុកមិននៅ"ឆ្នាំ១៩៩៥ និងស្នាដៃទី៣គឺកំណាព្យរឿង"ក្អែកហើរទៅហើយ"ឆ្នាំ២០០០ ហើយកំណាព្យរឿងទាំងនេះសុទ្ធតែបានបោះពុម្ពជាសៀវភៅយ៉ាងតិច២លើក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសទទួលយកស្នាដៃប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿងលើប្រធានបទសេរី ពីកវីនិពន្ធ និងសាធារណជន តាំងពីខែធ្នូ ឆ្នាំ២០២០។ ក្នុងសេចក្ដីប្រកាសមួយរបស់ក្រសួងបញ្ជាក់ថា ម្ចាស់ជយលាភីលេខ១ នឹងទទួលបានពានមាស១ ប្រកាសនីយបត្រ១ និងថវិកា។ ជយលាភីលេខ២ នឹងទទួលបានប្រាក់១ ប្រកាសនីយបត្រ១ និងថវិកា។ រីឯម្ចាស់ជយលាភីលេខ៣ នឹងទទួលបានពានសម្រិត១ ប្រកាសនីយបត្រ១ និងថវិកា៕