• 2021-06-23 02:25:19
  • ព័ត៌មាន

ដឹងហើយរំជួលចិត្ត ពីមូលហេតុ Eunhyuk (Super Junior) ទិញផ្ទះជូនប៉ាម៉ាក់ និងវិលមកនៅជុំគ្នាវិញ

  • 2021-06-23 02:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងភាគថ្មី​នៃ​កម្មវិធី «Mr. House Husband 2» របស់ KBS សមាជិកពូកែ​រាំ​ជាងគេប្រចាំ Super Junior គឺ Eunhyuk បាន​បង្ហើប​ពីជីវិត​ថ្មី​របស់លោក​ជាមួយ​នឹង​គ្រួសារជា​ថ្មី ឯហេតុផល​ពី​ក្រោយ​ដឹង​ហើយរំជួល​ចិត្ត។

ស្របពេល​មនុស្ស​ពេញ​វ័យ​ជា​ច្រើន​នាក់ ពេញ​ចិត្ត​ក្នុង​ការ​ចំណាយ​ពេល​រស់នៅ​ក្រៅផ្ទះ​ដោយ​ខ្លួន​ឯងផ្ទាល់ ប៉ុន្តែ​សម្រាប់ Eunhyuk ដែល​ពេល​នេះ​មាន​អាយុ ៣៥ឆ្នាំ បែរជា​សម្រេច​ចិត្តមក​រស់នៅជុំឪពុកម្ដាយវិញ​ជា​លើក​ដំបូង​ ក្រោយពី​រស់នៅ​បែកពី​គ្រួសារ​តាំង​ពី​ចូល​សិល្បៈមក​ម្ល៉េះ។

Eunhyuk បាន​បង្ហាញ​ផ្ទះ​ដ៏​ទំនើប​ទាន់សម័យ​មួយ​កន្លែង​ ស្ថិត​នៅ​ជនបទ ក្នុង​កម្មវិធី Mr. House Husband 2 ប៉ុន្តែ​អ្វី​ដែលជា​កត្តាជំរុញ​ឲ្យលោក​ត្រូវ​មក​រស់នៅបែប​នេះ​ពិតជា​លាក់ន័យ​ជ្រៅណាស់។

Eunhyuk និយាយថា​ «ដោយសារម៉ាក់​របស់​ខ្ញុំ»។ លោក​បាន​ទិញ​ផ្ទះ​នេះ​ជា​ពិសេសជូន​សម្រាប់ម្ដាយ។ ជា​រឿង​ក្ដុកក្តួល​មួយ​ ពេល​សមាជិក​ Super Junior រូប​នេះ​បង្ហើប​ឲ្យដឹង​ថា​ ម្ដាយ​របស់​ខ្លួនថ្មីៗនេះ​ កំពុង​មាន​ជំងឺរលាកសួត​ Interstitial ដែល​ជា​ជំងឺ​ដែល​កើតឡើង​នៅពេល​ជាលិកាក្នុងសួត​ ក្លាយទៅ​ជា​រលាក និង​មាន​ស្លាកស្នាម​ទៀត។ បន្ថែម​ពី​លើ​នេះ ជំងឺរលាក​សួត​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញាមិនស្រួល​ តាំង​ពី​ក្អក​រហូត​ដល់​ត្រឹម​អាច​ដក​ដង្ហើម​ខ្លីៗ និង​អស់​កម្លាំង​ខ្លាំង​យក​តែម្ដង។

កាន់​តែសោកសៅ​បំផុត​នោះគឺ ការ​ព្យាករណ៍​អាការៈរបស់ Eunhyuk មិន​មាន​លក្ខណៈវិជ្ជមាន​ទេ។ តារា​ប្រុស​រូបនេះ​បាន​ឲ្យដឹង​ថា​ បច្ចុប្បន្ន​នេះ​សួត​របស់​ម្ដាយ​នៅ​សល់​តែ​ ៣៧ភាគរយ​ប៉ុណ្ណោះ ហើយ​សុខភាព​វិញគឺ​កាន់តែយ៉ាប់យ៉ឺន​ឡើង។

Eunhyuk ថា កន្លងទៅមិន​យូរ​ប៉ុន្មានដែរ ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​លោក និងគ្រួសារ​ថា​ គួរ​តែ​ត្រៀម​ចិត្ត​ឲ្យហើយទៅ ក្នុងការនិយាយ​លា​ម្ដាយ ព្រោះរឿង​មិនល្អ​អាច​នឹង​កើតឡើង​គ្រប់ពេល​ចាប់ពីពេល​នេះ​តទៅ។

ទោះ​ជា​ម្ដាយ​របស់​លោកអាច​ទទួល​ការ​វះកាត់​ប្ដូរ​សួត​បាន​មែន ក៏ Eunhyuk ថា​ ឱកាស​រស់​របស់​ម្ដាយ​មាន​តែ​ ៧ឆ្នាំ​ប៉ុណ្ណោះយ៉ាង​ច្រើន។ ដូច្នេះ​ទើបលោក​សម្រេច​ចិត្តទិញ​ផ្ទះ​មួយ​កន្លែង​ដែល​មាន​ផាសុកភាព និង​ស្អាត​ឥតខ្ចោះ ដោយ​បំពាក់​ទៅ​ដោយ​គ្រឿងបរិក្ខារល្អៗមាន​ប្រយោជន៍ ដូចជា​ជណ្ដើរយន្ត ដើម្បី​សម្រួល​ដល់​ម្ដាយ ដូចនេះ​លោក​ខ្លួន​ង​ផ្ទាល់ ក៏​អាច​ចំណាយ​ពេលមាន​តម្លៃ​ជាមួយ​នឹង​ម្ដាយ​នៅ​ពេល​វេលាចុងក្រោយ​របស់​គាត់​ដែរ។

បន្ទាប់ពីរស់នៅឆ្ងាយពីក្រុមគ្រួសាររបស់គាត់អស់រយៈពេលប្រហែលជា ២០ ឆ្នាំ Eunhyuk  បានរ៉ាយរ៉ាប់ថា លោកមានអារម្មណ៍ថា មិនអាចធ្វើអ្វីបានច្រើនសម្រាប់ឪពុកម្តាយនៅឡើយទេ។ ហេតុនេះ Main Dancer ប្រចាំ Super Junior រូបនេះ​បានប្តេជ្ញាថា៖​ «ខ្ញុំគ្រោងធ្វើអ្វី​គ្រប់យ៉ាង ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យលោកទាំង ២ ហើយនឹង​ធ្វើជាកូនប្រុសល្អ តាមដែលខ្ញុំអាចធ្វើបាន»៕​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់