• 2021-06-24 04:23:40
  • ព័ត៌មាន

មាត់​ប្រកែក តែ​ដៃ​ស្រវា! ករុណា ពេជ្រ បង្ហើបពី​ទំនាក់ទំនង​រវាង​រូបលោក និង​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នៅ​កំពង់ស្ពឺ

  • 2021-06-24 04:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​នៅ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​ផលិតកម្ម​ថោន គឺ​លោក ករុណា ពេជ្រ បាន​បង្កើត​មន្ទិល​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន និង​មិត្ត​សិល្បៈ​ជា​ច្រើន​ក្រោយ​ពី​លោក​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​លោក​អះអាង​ថា​នារី​ម្នាក់​នោះ​គឺ​ជា​ក្រមុំ​ខេត្ត​កំពង់​ស្ពឺ។

លោក ករុណា ពេជ្រ បាន​ប្រាប់​Sabay នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​មិថុនា ថា នារី​ម្នាក់​ដែល​លោក​កាន់​ដៃ​នោះ គឺ​ជា​នារី​ដែល​លោក​ស្គាល់ ហើយ​មាន​ទំនាក់ទំនង​គ្នា​ធម្មតា។ លោក​ថា បើ​លោក​ស្រឡាញ់​នារី​ម្នាក់​នេះ​មែន ក៏​មិន​ទាន់​ទៅ​រួច​ក្នុង​ការ​គិតគូរ​រឿង​រៀបការ​ដែរ ព្រោះ​លោក​នៅ​ជាប់​ឪពុក​ត្រូវ​មើល​ថែ​ជា​ចាំបាច់ ហើយ​ក្នុង​កាលៈទេសៈ​នេះ​ក៏​មិន​អំណោយផល​ដល់​ការ​រៀបការ ឬ​ធ្វើ​ពិធី​ផ្សេង​ៗ​ដែរ។

ករុណ ពេជ្រ៖"អត់​ទាន់​ច្បាស់​ថា​គិតគូរ​រឿង​រៀបការ​ពេលណា​ទេ​បង...ឥឡូវ​ខ្ញុំ​នៅ​មាន​ប៉ា​មើល​ថែ បើ​គិត​រឿង​ហ្នឹង​យើង​ថែម​បន្ទុក​មើល​ថែ​មួយ​ទៀត​ហើយ។ ខ្ញុំ​ស្គាល់​គាត់(នារី)...ពិបាក​អី​គ្រាន់​តែ​កាន់​ដៃ​គ្នា សម័យ​ឥឡូវ​គេ​ជិះ​ម៉ូតូ​ឱប​គ្នា​ផង​បង...នារី​ម្នាក់​ហ្នឹង​ត្រូវ​ជា​អី? បង​ចាំ​តាម​ដាន​មើល​សិន​ទៅ"។

ករុណា ពេជ្រ បាន​បង្ហាញ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​នារី​ម្នាក់​នៅ​ស្រុក​គងពិសី ខេត្ដ​កំពង់​ស្ពឺ ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សង្គម​តាំង​ថ្ងៃ​ម្សិលមិញ រហូត​ដល់​ថ្ងៃ​នេះ។ ភ្ជាប់​ជាមួយ​រូប​ថត​ស្និទ្ធស្នាល​ទាំង​នោះ លោក​បាន​សរសេរ​សារ​ភ្ជាប់​ថា"យើង​អ្នក​កំពង់​ស្ពឺ​ដូច​គ្នា មាន​តែ​នាំ​គ្នា​ដើរ​លេង​កំពង់​ស្ពឺ" និង​សារ​ថា"មន្ដ​ស្នេហ៍​កំពង់​ស្ពឺ"​ជា​ដើម។ បន្ទាប់​ពី​បង្ហោះ​សារ និង​រូប​ថត​ស្និទ្ធស្នាល មាន​អ្នក​គាំទ្រ​មិន​តិច​ទេ​ចូល​សរសេរ​សារ​អបអរ និង​ខ្លះ​ងឿងឆ្ងល់​បង្កើត​បាន​​ជា​សំណួរ​ចំៗ​តែ​គេ​សង្កេត​ឃើញ​លោក​មិន​ឆ្លើយតប​នឹង​សំណួរ​ទាំង​នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់