• 2021-06-28 06:20:00
  • ព័ត៌មាន

នេះជាមូលហេតុធំនាំឲ្យ Big Hit រាងចាលមិនចង់បង្កើតក្រុមនារី​យ៉ាងយូររាប់​ឆ្នាំកន្លងមកនេះ

  • 2021-06-28 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Big Hit បាន​ប្រកាសជ្រើសរើស​ច្បាស់ៗ តែចំពោះបេក្ខភាព​ជាបុរសប៉ុណ្ណោះ កន្លងមក​ច្រើន​ឆ្នាំ​មក​នេះ។ ទោះបីលោក Bang Shi Hyuk មិនដែល​បង្ហើប​ពី​មូលហេតុពីក្រោយ ក៏ប៉ុន្តែមាន​មតិជា​ច្រើន​លើកឡើង​ថា​ ទំនង​ដោយសារមេរៀន​ដែល​លោក​ជួប​ប្រទះ​នៃការបរាជ័យរបស់ក្រុម​នារីមាន​ឈ្មោះ​ថា GLAM (ក្រុមនារី​ដំបូង​របស់ Big Hit)

មុន​ BTS បង្កើត លោក Bang Shi Hyuk បាន​ចាប់ដៃគូសហការជាមួយ​នឹង​ផលិតកម្ម Source Music ដោយ​បាន​សម្រេច​បង្កើតក្រុម​ចម្រៀង​នារី​មួយក្រុម។ នៅ​ខែកក្កដា ឆ្នាំ២០១២ ក្រុម​ចម្រៀង GLAM ក៏ត្រូវ​បានបង្កើតពិតមែន។

ក្រុម​នេះ​មាន​សមាជិក​ទាំងអស់ ៥​នាក់ ហើយ​បង្ហាញ​មុខជាមួយ​នឹង​បទ​ថ្មី​ ដែលលោក Bang Shi Hyuk និង Pdogg ជា​អ្នក​សម្រិតសម្រាំង​ឲ្យមាន​ចំណងជើង​ថា «Party (XXO)»

ប៉ុន្តែ​ក្រោយមក​ សមាជិក​ម្នាក់ដែល​មាន​ឈ្មោះថា TRINITY ក៏​បាន​ចាកចេញពីក្រុមនៅ​ឆ្នាំ ២០១២ ហើយផលិតកម្ម Source Music បាន​ប្រកាសថា​នាង​មាន​បញ្ហា​ផ្ទាល់ខ្លួន ដោយ​ក្រោយ​មក​ស្រាប់តែអ្នកគាំទ្រ​ដឹង​ថា​ សមាជិក​រូបនេះ​ធ្លាប់​ជា​ “Sasaeng Fan” ឬអ្នកគាំទ្រ​ជ្រុលនិយម ដែល​តែង​តាមស្អិត និង​ធ្វើរឿងគួរ​ឲ្យខ្មាសជា​ច្រើនដាក់​ Lee Teuk (Super Junior) តាំង​ពីមុននាង​ចេញ​មុខទៅទៀត។

TRINITY

បន្ទាប់​មក​សមាជិក​ក៏នៅ​សល់​ត្រឹម​ ៤នាក់ ដោយ​វិលមកវិញ​នៅ​ឆ្នាំ ២០១៣ ជាមួយ​នឹង​បទ «I Like That» បទ​ដែល​រួមគ្នា​ផលិតដោយ Bang Shi Hyuk, Pdogg និង RM (BTS)។ ប៉ុន្តែ​លទ្ធផល​ពីការ​ Promote ដូចជា​មិន​ចេញ​មក​ល្អ​សោះ ជា​ហេតុ​ត្រូវ​បរាជ័យ។

រហូត​ដល់ខែ កុម្ភៈ ​ឆ្នាំ ២០១៤ GLAM បានចេញ​បទ​ថ្មី​មួយ​មាន​ចំណងជើងថា «Special Gift [Give It 2 U]» ដែល​ជា​បទ​ចុងក្រោយ​បង្អស់​របស់​ពួកគេ។

ដោយសារលទ្ធផល​ដូច​ជា​មិនហុចផ្លែផ្កាមក​ដូច​ចិត្ត សមាជិកក៏ពិបាកក្នុង​ការ​នៅ​ជុំគ្នា។ ក្រោយមក វា​កាន់តែ​មាន​រឿង​ធំ​ ពេល​សមាជិក​ម្នាក់ទៀតឈ្មោះ Dahee ត្រូវគេ​រក​ឃើញ​ថា​ មាន​ជាប់ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវនឹង​តារាប្រុស​ដែល​មាន​ប្រពន្ធ​ហើយ គឺ Lee Byung Hyun

Lee Byung Hyun

នៅ​ខែកញ្ញា ឆ្នាំ២០១៤ Dahee ដែល​មាន​ឈ្មោះ​ពិត Kim Si Won ត្រូវ​បាន​ចាប់​ខ្លួនពីបទ​គំរាម​កំហែងតារាសម្ដែង Lee Byung Hun។ នាង​បាន​រួមគំនិតជាមួយ​នឹង​តារាម៉ូដែល Lee Ji Yeon ស្នើឲ្យ Lee Byung Hun បង់ប្រាក់ចំនួន ៤,៥លានដុល្លារ ជាការដោះដូរជាមួយ​នឹ​ងវីដេអូដែល​លួច​ថត​ជា​សម្ងាត់។ វីដេអូ​នេះ​ដែរ មាន​ការ​ឲ្យដឹងថា Lee Byung Hun បានប្រើសម្ដី​ខ្លះ​ដែល​មិនគួរ​ឲ្យស្ដាប់ និង​មិនសមរម្យ។

Lee Ji Yeon (ឆ្វេង) និង, Dahee (ស្ដាំ)

ពេល Lee Byung Hun ដាក់ពាក្យ​ប្ដឹង Dahee ក៏ស្រាប់​តែ​ប្រញ៉ាប់​ទិញ​សំបុត្រយន្តហោះ ដើម្បីគេច​ពី​ការ​ស៊ើបអង្កេត ប៉ុន្តែ​ក្រុម​ប៉ូលីសមាន​សមត្ថកិច្ចមិន​ឲ្យនាង​ទៅណា​ទាន់ទេ ដោយ​ចាប់​បាន​ជា​ស្ថាពរនៅ​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤។ ពីពេល​នោះ​មក​ Dahee ក៏​បាន​ទទួល​កំហុស និង​ស្នើសុំ​ឲ្យ​មាន​ការ​យោគយល់ និងអនុគ្រោះដោយកាយវិការទន់ភ្លន់។

ឈាន​ដល់ខែមករា ឆ្នាំ២០១៥ ករណី​របស់​អតីត​តារា​ស្រី​រូបនេះ​ បញ្ជាក់​ចេញ​មកថា នាង​ពិតជា​មានកំហុស ពីបទ​គំរាម​កំហែង។ ក្នុងពេល​ជំនុំជម្រះក្ដីដំបូង នាង​ត្រូវ​បាន​តុលាការកាត់ទោស​ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ។ នៅពេល​នាងប្ដឹងតប តុលាការក៏​កាត់ទោសជា​ថ្មី​ ដោយ​ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ និង​ព្យួរទោស ២ឆ្នាំ។ នាង​ក៏បាន​បញ្ចប់ការ​ដោយបងពិន័យ ២០ ០០០ដុល្លារ ដោយសារខាង Lee Byung Hun ក៏​មិន​ចង់ឲ្យអ្នកណា​រង​ទោស​ធ្ងន់ធ្ងរអ្វីពេកដែរ។

ដោយសារ​មាន​រឿង​ច្រើន​បែប​នេះហើយទើប Big Hit សម្រេច​បំបែក​ក្រុម​នេះ​ចោល ព្រោះ​ក្រុមហ៊ុន​បញ្ជាក់​ថា​ គ្មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ក្រុមនេះ​ឲ្យ​ដើរទៅមុខតទេ។

ក្រុមអ្នកគាំទ្រផលិតកម្មទាំងអស់ក៏បាន​លើកឡើង​ដូចៗគ្នា​ដែរថា​ ក្រៅពីករណីល្អក់កកររបស់ក្រុម GLAM វា​ដូចជា​គ្មាន​បញ្ហា​អ្វី​ផ្សេងរហូត​ធ្វើឲ្យក្រុមហ៊ុនរាងចាល​លែង​ចង់​បង្កើតក្រុមនារីជាយូរ​ឆ្នាំ​មកនេះទេ។

ទោះជាយ៉ាង​ណា​ក៏​នៅ​មាន​ព័ត៌មាន​ជា​ច្រើន​ដែរកន្លងមក​ថ្មីៗ ថាក្រុមហ៊ុន​នេះ​ក៏មាន​បំណង​ចង់បើកទ្វារសម្រាប់ចំណូលថ្មី​ប៉ែកខាងនារីៗដែរ ដោយពួកគេ​បាន​ចាប់គូសហការជាមួយនឹងផលិតកម្ម​ Source Music ជាថ្មី​ម្ដងទៀត ក្នុង​ការ​បង្កើតក្រុមនារីថ្មី ហើយគ្រោង​នឹង​បង្ហាញ​មុខក្រុម​ថ្មី​នេះ​នៅឆ្នាំ ២០២១៕​​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី