• 2021-07-02 02:09:45
  • ព័ត៌មាន

សាយ ទៅ​ដើរ​លេងសោះ តែ​ដាក់​ការ៉ុង​ទៅ​ហើយ​ស្រេច ព្រោះ​ដឹងចរិតអ្នក​ដើរ​ព្រៃ​យើង​មួយ​ចំនួន

  • 2021-07-02 02:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់​ស្ពឺ គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត/ក្រុង​ចំនួន​២២ ដែល​តារា​ចម្រៀង អ៊ួន បឋម ហៅ​សាយ រត់​ឆ្លង​កាត់​ក្នុង​កម្មវិធី"រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ"កាល​ពី​ឆ្នាំ​មុន។ តាម​រយៈ​ការងារ​សង្គម​មួយ​នេះ កេរ្តិ៍ឈ្មោះ​របស់​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ឬ​មាន​អ្នក​គាំទ្រ​ច្រើន​លើស​ពី​ការ​ចាប់​អាជីព​ចម្រៀង​ជា​ច្រើន​ឆ្នាំ​នោះ​មក​ទៀត​ផង។

សាយ ធ្លាប់​សន្យា​ថា​រូប​លោក និង​ក្រុម​ការងារ នឹង​វិលត្រឡប់​ទៅ​កាន់​ខេត្ដ​មួយ​ចំនួន​ដែល​លោក​ធ្លាប់​រត់​ឆ្លងកាត់ ដើម្បី​ទស្សនា ឬ​ផ្សព្វផ្សាយ​តំបន់​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច នៃ​ខេត្ត​នីមួយៗ។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០២១ លោក សាយ និង​ក្រុម​ការងារ​ចំនួន​៦​នាក់​ផ្សេង​ទៀត បាន​ធ្វើ​រឿង​ដែល​មហាជន​ចាប់​អារម្មណ៍​មួយ​ទៀត។

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ទេសចរណ៍​ធម្មជាតិ​គិរីរម្យ ខេត្ត​កំពង់​ស្ពឺ សាយ បាន​ត្រៀម​ការ៉ុង និង​ក្រចាប់​សម្រាប់​ចាប់​សំរាម​ជា​ស្រេច​ដោយ​លោក​ដឹង​ថា មាន​អ្នក​ដើរ​ភ្នំ ឬ​តំបន់​ទេសចរណ៍​មួយ​ចំនួន​នៅ​មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការ​ទុកដាក់​សំរាម​នៅ​ឡើយ ក្រោយ​ហូប​ចុក។ រូប​លោក និង​ក្រុម​ការងារ​បាន​ចុះ​ប្រមូល​សំរាម​នៅ​តំបន់​នោះ​ជា​ច្រើន​ការ៉ុង ហើយ​បាន​យក​ទៅ​ដាក់​កន្លែង​ញែក​សំរាម​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​នៅ​ឧទ្យានជាតិ​គិរីរម្យ។

សាយ៖"ពួក​យើង​មិន​អាច​រើស​សំរាម​រហូត​ទេ តែ​បើ​អ្នក​ទាំង​អស់​គ្នា​ចេះ​វេច​ខ្ចប់​សំរាម​ត្រឡប់​មក​វិញ​នោះ តំបន់​ទេសចរណ៍​ស្អាត​ៗ​នានា​នៅ​ក្នុង​ព្រៃ ក៏​នឹង​មិន​មាន​សំរាម​ដែរ។ សូម​ដើរ​លេង​ដោយ​ការ​ទទួល​ខុសត្រូវ! សំរាម​មិន​គួរ​ឲ្យ​ស្អប់​ទេ មនុស្ស​ដែល​ចោល​សំរាម​ទេ​ដែល​គួរ​ឲ្យ​ស្អប់"។

តារា​ចម្រៀង​Original Song អ៊ួន បឋម ហៅ​សាយ និង​ក្រុម​ការងារ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ បាន​ចេញ​ដំណើរ​ទៅ​កម្សាន្ដ​តំបន់​ដាច់​ស្រយ៉ាល និង​តំបន់​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​មួយ​ចំនួន​រួច​មក​ហើយ​ដូច​ជា៖ កំពត កោះកុង សៀមរាប ហើយ​លើក​នេះ​បាន​ទៅ​ដល់​ខេត្ដ​កំពង់​ស្ពឺ។ ដំណើរ​កម្សាន្ត​របស់​ក្រុម​លោក​តែងតែ​ភ្ជាប់​នូវ​សកម្មភាព​មនុស្ស​ធម៌ និង​ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​មហាជន និង​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​ចេះ​ចូល​រួម​ជួយ​ការងារ​សង្គម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី