• 2021-07-09 07:37:10
  • ព័ត៌មាន

ម៉ា ច័ន្ទ​បញ្ញា លម្អិត​ពី​ល្បិច​លួច​ចម្លង​អរិយធម៌ និង​មរតក​ជាតិ​ខ្មែរ​ពី​សំណាក់​ប្រទេស​ជិត​ខាង រហូតមានបញ្ហា

  • 2021-07-09 07:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង​តារា​ចម្រៀង​ប្រុស ម៉ា ច័ន្ទ​បញ្ញា ប្រាប់​ពី​ល្បិច​លួច​ចម្លង​អរិយធម៌ ឬ​មរតក​ជាតិ​សាសន៍​មួយ​ពី​សំណាក់​ជាតិ​សាសន៍​មួយ ខណៈ​ដែល​សិល្បករ-សិល្ប​ការិនី​ខ្មែរ​កាន់​តែ​ច្រើន​បាន​យក​បណ្ដាញ​សង្គម​របស់​ខ្លួន​ធ្វើ​ជា​វេទិកា​បញ្ចេញ​មតិ និង​ប្រតិកម្ម​រឿង​សៀម​សង់​ប្រាសាទ​មួយ​ដោយ​ចម្លង​រចនាបថ​តាម​ប្រាសាទ​អង្គរ​វត្ត​ខ្មែរ។

នៅ​ក្នុង​សំណេរ​ដ៏​វែងអន្លាយ​មួយ​បង្ហោះ​នៅ​លើ​គណនី​Facebook ផ្ទាល់​ខ្លួន​របស់​លោក ម៉ា ច័ន្ទ​បញ្ញា នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​Facebook block សារ​នេះ​ភ្លាមៗ និង​ផ្អាក​ដំណើរការ​គណនី​របស់​លោក​រយៈ​ពេល​១​ថ្ងៃ​ពេញ។ លោក​អះអាង​ថា បញ្ហា​នេះ គឺ​កើត​ចេញ​ពី​ការ​និយាយ​ចំៗ និង​ជា​ចំណុច​រសើប​របស់​ជាតិ​សាសន៍​មួយ។

តារា​ចម្រៀង​រូប​នេះ​និយាយ​ថា អ្វី​ដែល​យើង​គួរ​ធ្វើ​ពី​ពេល​នេះ មិនមែន​ទាល់​តែ​មាន​រឿង​គឺ​ស្រែក​នោះ​ទេ​ គួរ​ក្រឡេក​មើល​ពី​ភាព​ជា​ម្ចាស់​របស់​ខ្លួន​យើង។ លោក​រំលឹក​រឿង​មួយ​ថា ប៉ា​របស់​លោក​ធ្លាប់​រដ្ឋ​បញ្ជូន​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ជា​ផ្នែក​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ ប៉ា​លោក​បាន​យក​រឿងTOYOTA មក​ចែក​រំលែក​លោក​ថា៖"យើង​ដឹង​ថា​មាន​ម៉ាក​រថយន្ដ​ជា​ច្រើន​ចង់​ចម្លង​ពី​យើង តែ​គ្មាន​អ្នក​ណា​អាច​ចម្លង​ព្រលឹង​របស់​ពួក​យើង​បាន​ទេ"។

ដោយ​ឡែក​រឿង​ប្រាសាទ​អង្គរ​នេះ​វិញ លោក ម៉ា ច័ន្ទ​បញ្ញា និយាយ​ថា គេ​ដឹង​ថា​គ្រឹះ​សំខាន់ នៃ​អរិយធម៌​ស្ថាបត្យកម្ម ត្រូវ​មាន​យ៉ាង​សព្វ​គ្រប់​ទាំង​សិល្បៈ​ ក្បាច់គុន របាំ ល្ខោន ចម្រៀង អក្សរសាស្ត្រ អក្សរសិល្ប៍ ប្រពៃណី ម្ហូបអាហារ។ បើ​គេ​ចង់​បាន​ក្បាច់​គុន​ខ្មែរ​ ត្រូវ​យក​របាំ និង​ល្ខោន​ជា​គោល​សិន បើ​ចង់​បាន​ចម្រៀង​ខ្មែរ គេ​ត្រូវ​យក​អក្សរ​ជា​គោល​សិន បើ​ចង់​បាន​ម្ហូប​អាហារ​ខ្មែរ​ ត្រូវ​យក​ប្រពៃណី​ជា​គោល​សិន។

ម៉ា ច័ន្ទ​បញ្ញា៖"នេះ​ជា​ក្បួន​ចម្លង​ត្រជាក់​យ៉ាង​ស្ងាត់​ៗ​ដែល​យើង​មិន​ចាប់អារម្មណ៍ ហើយ​ត្រូវ​បាន​គេ​កំពុង​តែ​ធ្វើ​វា​ឡើង​ជា​ប្រព័ន្ធ​យ៉ាង​សស្រាក់សស្រាំ ដោយ​យក​ភាពយន្ត ពាណិជ្ជកម្ម កត្តា​នយោបាយ ធ្វើ​ជា​ចំណុច​រុញ​ទៅ​កន្លែង​ដែល​ម្ចាស់​ដើម​ដូច​យើង​ទៅ​មិន​ដល់ ហើយ​គេ​យក​តារា​ល្បីៗ ឆាណែល​ផ្សព្វផ្សាយ​ល្បីៗ វិធី​ផ្សព្វផ្សាយ​ប្លែកៗ សេដ្ឋកិច្ច កត្តា​ភូមិសាស្ត្រ យក​មក​រុញ​យុទ្ធនាការ​នេះ​ឲ្យ​ទៅ​ដល់​គោលដៅ​របស់​គេ"។

តារា​ចម្រៀង​រូប​នេះ​បន្ថែម​ថា នៅ​លើ​ឆាក​អន្តរជាតិ​ដែល​យើង​ទៅ​មិន​ទាន់​ដល់ ហើយ​គេ​បង្កើត​ភាព​ជា​ម្ចាស់ នៃ​គ្រឹះ​អរិយធម៌​ទាំង​នេះ ដោយ​សម្អាង​លើ​ការ​ឈាន​ចូល​អន្តរជាតិ​មុន​យើង រួច​ហើយ​គេ​នឹង​សាកល្បង​ម្ដង​ហើយ​ម្ដង​ទៀត ទាញ​ជា​តឹកតាង​ថា​គេ​ជា​ម្ចាស់​ប្រាសាទ ក្បូរក្បាច់ គំនិត​គ្រប់​យ៉ាង​ដែល​ដូនតា​យើង​បាន​បង្កើត​ឲ្យ​យើង​ក្លាយ​ទៅ​ជា​អ្នក​ចម្លង​គេ​ទៅ​វិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់