• 2021-07-20 03:10:03
  • ព័ត៌មាន

មុន​បោះ​លក់​ស្នាដៃ​ថ្មី​លើក​នេះ ម៉ៅ សំណាង បង្កើត​សំណួរ​មួយ សូម្បី​តែ​ខ្លួន​ឯង​ក៏​ពិបាក​រក​ចម្លើយ

  • 2021-07-20 03:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​សៀវភៅ​ប្រលោម​លោក​ជើង​ចាស់ ម៉ៅ សំណាង ហៅ​ទន្សាយ ស្ទើរ​តែ​អស់​កម្លាំង​ចិត្ត​ក្នុង​ការ​និពន្ធ​សៀវភៅ​រឿង​ថ្មី​ៗ​បន្ថែម​ទៀត​ដោយសារ​តែ​បញ្ហា​ប្រឈម​សំខាន់​ចំនួន​ពីរ។ នោះ​គឺ​បញ្ហា​សុខភាព​លោកស្រី កាន់​តែ​ទ្រុឌទ្រោម ហើយ​បញ្ហា​មួយ​ទៀត គឺ​ការ​លួច​ចម្លង​ស្នាដៃ និង​យក​ទៅ​អាន​នៅ​លើ​Youtube រក​ប្រាក់​ពី​លើ​កម្លាំង​ញើស​ឈាម​របស់​លោកស្រី​នៅ​តែ​បន្ត​កើត​មាន។

សារ​បែប​អស់សង្ឃឹម​នេះ ត្រូវ​បាន​អ្នកស្រី ម៉ៅ សំណាង បញ្ចេញ​តាម​បណ្ដាញ​សង្គម​Facebook កាល​ពី​ថ្ងៃ​ទី១៦ ខែ​​កក្កដា ស្រប​ពេល​ដែល​អ្នក​ស្រី​សរសេរ​បញ្ចប់​សៀវភៅ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា"នភាល័យ" ហើយ​ត្រៀម​បោះ​លក់​ក្នុង​ពេល​ឆាប់​ៗ​នេះ។

អ្នកស្រី បាន​ចំណាយ​ពេល​ជាង​៧​ខែ ទើប​អាច​សរសេរ​បញ្ចប់​នូវ​សៀវភៅ​១​ក្បាល​នេះ ហើយ​ការ​សរសេរ​នេះ​ទៀតសោត​អ្នកស្រី​ត្រូវ​សរសេរ​ដោយ​ដៃ​ម្ដង​មួយ​អក្សរៗ ខុស​ពី​អ្នក​និពន្ធ​បច្ចុប្បន្ន​ប្រើ​កុំព្យូទ័រ។

ម៉ៅ សំណាង៖"ក្នុង​ឆ្នាំ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​កម្លាំង​ខ្ញុំ​ហាក់​ចុះ​ទ្រុឌទ្រោម​ជាង​មុន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ខិតខំ​សរសេរ​ទាំង​ឈឺ ទាំង​ជា។ ខ្ញុំ​ត្រូវ​សរសេរ​ដោយ​ដៃ​ម្តង​មួយ​តួអក្សរ​ៗ​ដូច្នេះ​ហើយ​វា​ប្រើ​ពេល​វេលា និង​កម្លាំង​ច្រើន​ជាង​អ្នក​និពន្ធ​ថ្មីៗ​ដែល​ពួកគេ​ចេះ​បច្ចេកវិទ្យា​អាច​ជួយ​សម្រួល​ការងារ​ពួកគេ​ច្រើន"។

អ្នក​និពន្ធ​វ័យ​ជរា​រូប​នេះ បន្ថែម​ថា នៅ​ពេល​ដែល​បញ្ចប់​ការ​សរសេរ​ចំណង​ជើង​ថ្មី​ម្តង​ៗ អ្នកស្រី​ហាក់​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ទៅ​វិញ ព្រោះ​គាត់​មិន​ដឹង​ថា​តើ​សៀវភៅ​របស់​លោកស្រី​ដែល​នឹង​ចេញ​ផ្សាយ​ទៅ​នោះ​ អាច​លក់​បាន​យូរ​ប៉ុនណា​នៅ​លើ​ទីផ្សារ បើ​នៅ​តែ​មាន​ការ​លួច​ចម្លង​ស្នាដៃ​ ក៏​ដូចជា​ការ​យក​ទៅ​អាន​នៅ​Youtubeរក​ប្រាក់​ពី​លើ​កម្លាំង​ញើស​ឈាម​លោកស្រី​ដោយ​គ្មាន​ការ​អនុញ្ញាត។

លោកស្រី បាន​ចោទ​ជា​សំណួរ​ដោយ​សូម្បី​តែ​ខ្លួន​លោកស្រី​ផ្ទាល់​ក៏​គ្មាន​ចម្លើយ​ផង​នោះ​ថា៖"តើ​ខ្ញុំ​អាច​ទ្រាំ​អង្គុយ​ចុក​ខ្នង ចុក​ចង្កេះ សរសេរ​ម្ដង​មួយ​តួ​អក្សរ បាន​រហូត​ដល់​ពេលណា?"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់