• 2021-07-26 09:40:54
  • ព័ត៌មាន

តារា​សម្ដែង​ប្រុស​សម្បូរ​សាច់ដុំ និង​ពេញ​សមត្ថភាព​ទាំង​នេះ សុទ្ធតែ​មាន​ឈ្មោះ​ក្នុង​ជួរ​កង​កម្លាំង​បម្រើ​ជាតិ

  • 2021-07-26 09:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ​ស្ទើរ​គ្រប់​ជំនាន់ នៃ​ការ​ប្រឡង​ចូល​សិល្បៈ ឬ​បោះ​ជំហាន​ចូល​វិស័យ​សិល្បៈ តែងតែ​មាន​មុខរបរ ឬ​ក្របខ័ណ្ឌ​រដ្ឋ​មួយ​បន្ថែម​ពី​លើ​អាជីព​របស់​ពួកគេ​រៀង​ៗ​ខ្លួន។ តារា​ៗ​ដែល​មាន​មុខ​ជំនួញ ឬ​ក្របខ័ណ្ឌ​រដ្ឋ អាច​មាន​ច្រើន ប៉ុន្តែ​មិន​ត្រូវ​បាន​សាមី​ខ្លួន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​ទេ។ ​ថ្ងៃ​នេះ​Sabayចាប់​អារម្មណ៍​លើ​តារា​សម្ដែង​ប្រុស​៣​ដួង។

នៅ​ចុង​ឆ្នាំ​២០២១ នេះ តារា​សម្ដែង​ប្រុស​៣​ដួង បង្ហាញ​ខ្លួន​កាន់​តែ​លេចធ្លោ និង​ចាប់​ផ្ដើម​មាន​ទីផ្សារ​សិល្បៈ​ឡើង​វិញ​បើ​ទោះ​បី​ជា​កម្ពុជា​នៅ​តែ​បន្ត​ញាំញី​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ តារា​សម្បូរ​សាច់ដុំ និង​រូប​សម្បត្តិ​ស្រស់​សង្ហា​ទាំង​នោះ​សុទ្ធតែ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​សន្តិសុខ​ជាតិ គឺ​មាន​ដូច​ជា៖ លោក ភុល សុណ្ណដានីន លោក ប៉ែន ភ័ក្រសុធារិទ្ធ និង​លោក ជា​កែវ សុវណ្ណ ហៅ​ជា សុវណ្ណនរាហ៍។

១/ បើ​និយាយ​ពី​តារា​សម្ដែង​ប្រុស ភុស សុវណ្ណដានីន លោក គឺ​ជា​តារា​សម្ដែង​វ័យ​កណ្ដាល​ដ៏​មាន​ប្រជា​ប្រិយភាព​ទាំង​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ ភាពយន្ត​ខ្នាត​ធំ និង​រឿង​អប់រំ ព្រម​ទាំង​ស្ពត​ពាណិជ្ជកម្ម​ផ្សេងៗ។ លោក​មាន​ឋានន្តរសក្ដិ​ជា​វរសេនីយ៍ទោ និង​មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ។

២/លោក ប៉ែន ភ័ក្ដ្រ​សុធារិទ្ធ។ តារា​សម្ដែង​ដែល​គិត​ត្រឹម​ឆ្នាំ​២០២១ នេះ មាន​វ័យ​៣០​ឆ្នាំ កំពុង​មាន​ទីផ្សារ​ខ្ពស់​ល្អ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ បន្ទាប់​ពី​លោក​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​២០១០ តាម​រយៈ​ការ​ដើរ​ម៉ូត។ បច្ចុប្បន្ន​ក្រៅ​ពី​អាជីព​សម្ដែង​លោក​ក៏​មាន​ឈ្មោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​មួយ​ដែរ។

តារា​សម្ដែង​រូប​នេះ​ធ្លាប់​ប្រាប់​Sabay ថា លោក​បាន​សម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​ប៉ា ក៏​ដូច​ជា​ខ្លួន​ឯង​ដែល​បាន​ប្រឡង​ជាប់​ជា​មន្ត្រី​នគរបាល។ បើ​តាម​ការ​បង្ហើប​របស់​សុធារិទ្ធ លោក​ជា​មន្ត្រី​នគរបាល​ម្នាក់​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ។

៣/លោក ជា សុវណ្ណ​នរាហ៍ មាន​ឈ្មោះ​ពិត​ថា ជា​កែវ សុណ្ណ។ តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​មហាជន​ស្គាល់​កាន់​តែ​ច្រើន​តាម​រយៈ​ការ​សម្ដែង​ខ្សែភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម អិល ឌី គឺ​រឿង"ជួប​ស៊យ" ដោយ​លោក​បាន​ដើរ​ជា​តួ​បង​ប្រុស​បង្កើត​"អា​ស៊យ" សម្ដែង​ដោយ​នាយ​គ្រឿន។ នៅ​ពី​ក្រោយ​ភាព​ល្បីល្បាញ​នេះ គេ​មិន​សូវ​ដឹង​ឡើយ​ថា​លោក​មាន​តួនាទី​អ្វី​បន្ថែម​ពី​លើ​អាជីព​សម្ដែង​នោះ​ទេ។ តាម​ពិត​លោក ជា​មន្ត្រី​កងកម្លាំង​ម្នាក់ នៃ​ក្រសួង​ការពារ​ជាតិ។

តារា​សម្ដែង​រូប​ស្រស់​សង្ហា​នេះ​ធ្លាប់​បង្ហើប​ថា ក្រៅ​ពី​អាជីព​សម្ដែង​លោក​មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​មួយ​ដែរ គឺ​ជា​មន្ត្រី​យោធា​កំពុង​ធ្វើ​ការងារ​នៅ​ការិយាល័យ​មួយ​ក្នុង​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ។ លោក​ក៏​មាន​បងប្អូន​ធ្វើ​ការ​នៅ​ក្រសួង​ជាមួយ​គ្នា​ដែរ ខណៈ​បង​ប្រុស​បង្កើត​ម្នាក់​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ក្នុង​ចំណោម​បងប្អូន​លោក គឺ​មាន​តែ​លោក​ម្នាក់​គត់​ដែល​ជា​មន្ត្រី​រាជការ​ផង និង​ចាប់​យក​អាជីព​សិល្បៈ​ផង ហើយ​ការងារ​ទាំង​ពីរ​អាច​ធ្វើ​បាន​ជា​ធម្មតា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់