• 2021-07-28 03:28:54
  • ព័ត៌មាន

ក្ដីក្ដាំ​រវាង អ៊ិន សុភិន និង​សុខ រ៉ាស៊ី មិន​នៅ​ទ្រឹង​ទេ! ពេល​នេះ សុខ រ៉ាស៊ី ទម្លាយ​ខ្ទេច​នូវ​នីតិវិធី​សម្របសម្រួល​លើក​ទី១

  • 2021-07-28 03:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពិធី​ករ សុខ រ៉ាស៊ី ប្រកាស​ប្ដឹង​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន ឡើង​តុលាការ​រឿង​ជំពាក់​លុយ​ជិត​២​ម៉ឺន​ដុល្លារ​មិន​ព្រម​សងបាន​ស្ងាត់​ឈឹង​មួយ​រយៈ​ធំ មាន​ប្រិយមិត្ត​ខ្លះ​យល់​ថា​ក្ដីក្ដាំ​នេះ​បាន​ដើរ​ដល់​ជញ្ជាំង​ទ័ល​ហើយ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​គិត​ថា​រឿង​នេះ​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នីតិ​វិធី​របស់​តុលាការ។

ប៉ុន្តែ​តាម​ពិត​ក្ដីក្ដាំ​នេះ មិន​ទាន់​ទៅ​ដល់​ដៃ​តុលាការ​នៅ​ឡើយ​ទេ គឺ​ស្ថិតនៅ​ដំណាក់កាល​សម្របសម្រួល​ក្នុង​ដែន​សមត្ថកិច្ច​របស់​អធិការដ្ឋាន​មួយ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ភាគី​ទាំង​សងខាង ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​ឲ្យ​ជួប​ទល់​មុខ​គ្នា ហើយ​បាន​ជជែក​សម្របសម្រួល​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​រឿង​មិន​ទាន់​បញ្ចប់ ដោយ​ភាគី​ទាំង​សង​ខាង​នៅ​មាន​ចំណុច​ប្រទាំង​ប្រទើស​គ្នា​មួយ​ចំនួន​ទៀត។

ពិធី​ករ សុខ រ៉ាស៊ី បាន​ប្រាប់​Sabay នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​កក្កដា នេះ​ថា នៅ​ក្នុង​ជំនួប​ចរចា​លើក​ទី១ ភាគី​ចុង​ចម្លើយ​គឺ​លោក អ៊ិន សុភិន ស្នើ​ឲ្យ​លោក​ចេញ​លិខិត ឬ​វីដេអូ​Live ជា​សាធារណៈ​មួយ ដើម្បី​សុំ​ទោស​ក្នុង​ចេតនា​លាង​កិត្តិយស​លោក អ៊ិន សុភិន ដែល​លោក សុខ រ៉ាស៊ី ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​ជំពាក់​លុយ​នេះ មុន​នឹង​លោក​យល់​ព្រម​សង​លុយ​ដែល​ជំពាក់​នោះ។

សុខ រ៉ាស៊ី៖"ខ្ញុំ​ម៉េច​ត្រូវ​ចេញ​វីដេអូ​សុំ​ទោស​គាត់...បើ​ខ្ញុំ​អត់​ខុស​អី​ផង បើ​ទោះ​បី​ឡើង​ដល់​តុលាការ​ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ ព្រោះ​ខ្ញុំ​មាន​ភស្តុតាង​អី​ទាំង​អស់ ហើយ​កាល​ជួប​នឹង​គាត់​ថា​ឲ្យ​ជា​សែក​ខ្ញុំ​ទៀត មិន​ដឹង​ថា​មាន​លុយ​ពិត​ប្រាកដ​អត់"។

លោក សុខ រ៉ាស៊ី បញ្ជាក់​ថា លោក​នឹង​មិន​ចេញ​វីដេអូ​សុំ​ទោស​អ្វី​ឡើយ ហើយ​បើ​សមត្ថកិច្ច​កោះ​ហៅ​ដើម្បី​សម្របសម្រួល​លើក​ទី២ នៅ​តែ​មិន​ត្រូវ​រ៉ូវ​គ្នា​ទៀត​លោក​នឹង​ឲ្យ​សមត្ថកិច្ច​រុញ​រឿង​នេះ​ទៅ​ដៃ​ព្រះរាជអាជ្ញា​តែ​ម្ដង។ លោក​លោក​ក៏​បាន​ផ្ដាំ​ទៅ​មេធាវី​របស់​លោក​ដែរ​ថា រឿង​ដល់​ដំណាក់​កាល​នេះ​ហើយ​លោក​នឹង​មិន​បក​ក្រោយ​វិញ​ទេ។

ឆ្លើយតប​បញ្ហា​នេះ​ភាគី​ចុង​ចម្លើយ គឺ​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន ថា​បើ​លោក សុខ រ៉ាស៊ី យល់​ព្រម​តាម​អ្វី​ដែល​លោក​ស្នើ​សុំ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច កាល​ពី​ជួប​គ្នា​សម្របសម្រួល​លើក​ទី១​នោះ គឺ​រឿង​នឹង​ត្រូវ​បញ្ចប់​ភ្លាម​ដោយ​មិន​មាន​អ្វី​ទាក់ទាម​ទៀត​ទេ។

អ៊ិន សុភិន៖"រឿង​ហ្នឹង​អត់​អី​ទេ...បាន​បក​ស្រាយ​អី​ជាមួយ​គ្នា​អស់​ហើយ! ខ្ញុំ​រង់ចាំ​តែ​គាត់​ទទួល​យក​លក្ខខណ្ឌ​ហ្នឹង​១​ទេ បើ​គាត់​ព្រម​រឿង​នឹង​បញ្ចប់​ហើយ។ ប៉ុណ្ណឹង​សិន​ចុះ​ណា...ខ្ញុំ​រវល់​រៀបចំ​Bussiness system ឲ្យ​ហើយ​សិន ព្រោះ​ខ្ញុំ​ត្រូវ​Live show នៅ​ថ្ងៃ​សៅរ៍​នេះ​ហើយ"។

សូម​រំលឹក​ថា ក្ដីក្ដាំ​រវាង​លោក អ៊ិន សុភិន និង​លោក សុខ រ៉ាស៊ី បាន​កើត​ចេញ​រឿង​ជំពាក់​លុយ​ជិត​២​ម៉ឺន​ដុល្លារ។ ដើម​បណ្ដឹង គឺ​លោក សុខ រ៉ាស៊ី និយាយ​ថា​លុយ​ដែល​ជំពាក់​នោះ គឺ​ថ្លៃ​រៀបចំ​ឆាក​កម្មវិធី​ប្រកួត​Miss Grand Cambodia ២០២០ ដែល​រៀបចំ​ការ​ប្រកួត​ដោយ​លោក​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស គឺ​លោក អ៊ិន សុភិន។ លោក សុខ រ៉ាស៊ី បាន​ព្យាយាម​ទា​លុយ​នេះ​ជិត​១​ឆ្នាំ​ហើយ តែ​លោក អ៊ិន សុភិន នៅ​តែ​មិន​ទាន់​សង ដោយ​អះអាង​ថា​លោក​កំពុង​ជួប​បញ្ហា ហើយ​មាន​គេ​ជំពាក់​លុយ​លោក​បន្ត​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី