• 2021-08-03 02:47:34
  • ព័ត៌មាន

ទើប​ធ្លាយ​រឿង អម្ពរ ទេវី ល្បី​ឈ្មោះ​ខ្លាំង​តាម​រយៈ​ស្នាដៃ​២ របស់ ហ៊ុយ ពុធ ក្រោយ​មរណៈភាពផលិតកររូបនេះ

  • 2021-08-03 02:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្ដាយ និង​ក្រៀមក្រំ​បំផុត​សម្រាប់​សិល្ប​ករ សិល្ប​ការិនី​ខ្មែរ ចំពោះ​មរណភាព​របស់​អ្នក​និពន្ធ និង​ដឹកនាំ​រឿង​ជើង​ចាស់ ហ៊ុយ ពុធ កាល​ពី​យប់​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២១។ ល្ងាច​មិញ និង​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​សីហា នេះ គេ​ឃើញ​មាន​អ្នក​និពន្ធ និង​អ្នក​សិល្បៈ​កាន់​តែ​ច្រើន​ឡើង​បាន​ចូល​រួម​រំលែក​ទុក​តាម​រយៈ​ការ​សរសេរ​សារ​បណ្ដាញ​សង្គម ហើយ​ក៏​បាន​រំលឹក​នូវ​ស្នាដៃ​លោក​មួយ​ចំនួន​ដែរ។

លោក ហ្វៃ សំអាង ដែល​ប្រិយមិត្ដ​នៅ​តែ​ចាំ​ឈ្មោះ និង​គាំទ្រ​ស្នាដៃ​របស់​លោក​នោះ បាន​សរសេរ​សារ​រំលែក​ទុក​តាម​បណ្ដាញ​សង្គម​Facebook ថា រូប​លោក និង​គ្រួសារ​ពិត​ជា​មាន​ក្ដី​ក្ដុកក្ដួល និង​សោក​ស្ដាយ​ជា​ទី​បំផុត ចំពោះ​មរណភាព​លោក​គ្រូ ហ៊ុយ ពុធ។ លោក​ថា លោក​គ្រូ ហ៊ុយ ពុធ គឺ​ជា​កំពូល​អ្នក​ដឹកនាំ​រឿង​ភាពយន្ត ចម្រៀង​កាយវិការ ចម្រៀង​ខារ៉ាអូខេ និង​កម្មវិធី​ទូរទស្សន៍​តាំង​ពី​មុន​សម័យ​ឆ្នាំ​១៩៧៥ រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​លើ​ស្នាដៃ​ជា​ច្រើន។

ហ្វៃ សំអាង៖"លោក​គ្រូ​មាន​ស្នាដៃ​ច្រើន​គួរ​ឲ្យ​គោរព​កោតសរសើរ ហើយ​រឿង​ល្បី​ល្បាញ​ខ្លាំង គឺ​រឿង"ស្នេហ៍​ហែក​ជ្រែក​វិញ្ញាណ"​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី អម្ពរ ទេវី ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភព​ភាពយន្ត រឿង"បុត្រា​ភុជង្គនាគ"។ល។ និង​មាន​បទ​ចម្រៀង​ជា​ច្រើន​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស"។

ក្រៅ​ពី​លោក ហ្វៃ សំអាង ក៏​មាន​អ្នក​សិល្បៈ​ខ្លះ​ទៀត​ដែរ​ដែល​បង្ហាញ​ការ​សោកស្ដាយ និង​ក្ដុកក្ដួល​នូវ​ដំណឹង​មរណៈ​ភាព​នេះ ប៉ុន្ដែ​ពួកគេ​មិន​បាន​បង្ហាញ​ពី​ប្រវត្ដ និង​ស្នាដៃ​របស់​អ្នក​ដឹកនាំ​រឿង ហ៊ុយ ពុធ ទេ។ ភរិយា និង​កូនចៅ​របស់​លោក ហ៊ុយ ពុធ បាន​ប្រកាស​ដំណឹង​មរណៈ​ទុក្ខ​នេះ​តាម​រយៈ​បណ្ដាញ​សង្គម​កាល​ពី​ល្ងាច​មិញ​ថា ឧបាសិកា ហ៊ុយ ពុធ ដែល​ត្រូវ​ជា​ស្វាមី បីតា ជីតា និង​តា​ទួត បាន​ទទួល​មរណៈភាព​កាល​ពី​ម៉ោង​២០ និង​១៥​នាទី នា​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយ​រោគពាធ។

សព ត្រូវបានធ្វើតេស​កូវីដ-១៩ គឺ​អវិជ្ជមាន និង​មាន​ការ​បញ្ជាក់​ពី​សង្កាត់)។ បច្ចុប្បន្នសព​របស់​លោក ហ៊ុយ ពុធ តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​លេខ 93B ផ្លូវលំ ភូមិ​ព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់