• 2021-08-04 02:50:11
  • ព័ត៌មាន

ប៊ិស​នឹង​ស្លាប់​២​ដង​ហើយ! ជា សុវណ្ណនរាហ៍ ចាប់​ផ្ដើម​អល់អែក​ក្នុងការទទួល​ថត​រឿង​ថ្មី​បន្ថែម​ទៀត

  • 2021-08-04 02:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​ថា​ឡើយ​ទទួល​រឿង​ថ្មីៗ​បន្ថែម​ទៀត​ពី​ផលិតកម្ម ឬ​ក្រុមហ៊ុន​ផលិត​ស្ពត​នានា នៅ​ពេល​នេះ​តារា​សម្ដែង​រូប​សង្ហារ ជា សុវណ្ណនរាហ៍ ទ្រាំ​ឲ្យតែថត​ខ្សែ​ភាពយន្ត​ដែល​លោក​បាន​ទទួល​គេ​រួច​មកហើយ​នោះចប់ នឹង​អាល​បាន​សម្រាក​មួយ​រយៈ ព្រោះ​​លោក​ចេញ​ទៅ​ថត​ទី​កន្លែង​ណា គឺ​ត្រូវ​សម្លឹង​រក​មើលមន្ទីរពេទ្យ​ឲ្យ​ហើយ​ដើម្បីត្រៀមចូលសង្គ្រោះ។

លោក ជា សុណ្ណនរាហ៍ ប្រាប់​Sabay នៅ​ថ្ងៃ​ទី៤ ខែ​សីហា ថា រូប​លោក​កំពុង​មាន​ជំងឺ​ស្រឺត ឈាម​ស​ឡើង និង​អស់​កម្លាំង​ល្ហិតល្ហៃ​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ស៊ូទ្រាំ​នឹងការថត​យូរៗ ឬ​យប់​ជ្រៅ​បាន​ទៀត។ លោក​ថា កាល​ពី​ចុង​សប្ដាហ៍​មុន​លោក​ដួល​សន្លប់​ជា​លើក​ទី២ ក្នុង​ពេល​ថត​រឿង"Private Love"ស្ទើរ​១​យប់​ពេញ ព្រោះ​ចង់​បង្ហើយ​ប្លង់​ដែល​នៅ​សល់​តែ​២​ប្លង់​ទៀត​ប៉ុណ្ណោះ តែ​លោក​ទៅ​លែង​រួច ហើយ​សូម្បី​តែ​បើក​ឡាន​មក​ផ្ទះ​ខ្លួន​ឯង​ក៏​មិន​រួច​ផង គឺ​ត្រូវ​គេ​ជូន​មកទៀត។

ជា សុវណ្ណនរាហ៍៖"នៅ​សល់​មួយ​ថ្ងៃ​ទៀត​ត្រូវ​ទៅ​ថត​បញ្ចប់​ឲ្យ​គេ​នៅ​កំពត តែ​ដោយ​មាន​បម្រាម​គោចរ​ក៏​ផ្អាក​ទៅ​វិញ ហើយ​ខ្ញុំ​នេះ​ក៏​ត្រេកអរ​ដែរ​បាន​គេ​លើក​ថ្ងៃ​ថត...ដំបូង​គេ​ថា​ត្រូវ​តែ​ថត​បញ្ចប់​ឲ្យ​ហើយ ហើយ​ខ្ញុំ​គិត​ថា​បើ​មាន​បញ្ហា​អី​មើល​ពេទ្យ​ឲ្យ​ហើយ​នៅ​នោះ​ហ្មង"។

ជំងឺ​ស្រឺត និង​ឈាម​ស​ឡើង​របស់​តារា​សម្ដែង​រូប​នេះ ក៏​ធ្លាប់​ធ្វើ​ទុក្ខ​ខ្លាំង​ម្ដង​ដែរ​កាល​ពី​ឆ្នាំ​២០១៧។ កាលណោះ​លោក​កំពុង​តែ​រត់​ហាត់ប្រាណ​ស្ដាត​អូឡាំពិក​ក៏​ស្រាប់​តែ​ដួល​សន្លប់​តែ​ម្ដង កុំ​បាន​បុរស​ម្នាក់​ជួយ​សម្រួល​ចលនា និង​មាន​អ្នក​នាំ​យក​ទៅ​ពេទ្យ​ក៏​បាន​ធូរស្បើយ​ទៅ​វិញ។ ប៉ុន្ដែ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជំងឺ​ប្រចាំ​កាយ​របស់​លោក​ហាក់​រើ​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​អាជីព​សម្ដែង​របស់​លោក​ជួប​នឹង​បញ្ហា​មួយ​ចំនួន។

បើ​តាម​តារា​សម្ដែង​រូប​នេះ ចាប់​តាំង​ពី​លោក​ប្រឡូក​ចូល​ក្នុង​អាជីព​សម្ដែង​លោក​បាន​ថត​រឿង​ឲ្យ​ផលិតកម្ម​អិល ឌី ប្រហែល​១០​រឿង​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ផលិតកម្ម​មួយ បាន​ត្រៀម​រឿង​អប់រំ​ចំនួន​៣​សម្រាប់​លោក​ថត តែ​លោក​មិន​ទាន់​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ ខណៈ​ផលិតកម្ម​មាន​មួយ​ផ្សេង​ទៀត បាន​ជួប​ពិភាក្សា​ជាមួយ​លោក ហើយ​លោក​ក៏​ប្រាប់​ពី​លទ្ធភាព និង​ពេល​វេលា​ដែល​លោក​អាច​ថត​ឲ្យ​គេ​បាន ព្រោះ​ស្ថានភាព​សុខភាព​របស់​លោក​មិន​ទាន់​ប្រសើរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់