• 2021-08-17 03:22:57
  • ព័ត៌មាន

សាយ៖ កុំចាំដល់ក្លាយជាអ្នកមាន ចាំជួយសង្គម!

  • 2021-08-17 03:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Starting Up បានឈានដល់សប្ដាហ៍ទី៤ ហើយ ដែលមានលោក អ៊ួន បឋម ហៅ សាយ ជា​ភ្ញៀវកិត្តិយស រួមជាមួយ​អ្នកសម្របសម្រួលកម្មវិធី២រូប គឺលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group និង កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events។

នៅក្នុង​កម្មវិធីដែលមានរយៈពេលប្រមាណ ១ម៉ោងនេះ សាយ បានរៀបរាប់រឿងរ៉ាវជាច្រើនទាក់ទងនឹងការបង្កើត​កម្មវិធី​សង្គម​កន្លងមក ជាពិសេស​គឺកម្មវិធីរត់ដើម្បីសប្បុរសធម៌ RUN WITH SAI កាលពីឆ្នាំមុន។ ដែលក្នុងនោះ សាយ បានលើក​ពាក្យមួយឃ្លា ដែលជម្រុញចិត្ត​ខ្លួនឯង ឲ្យបង្កើត​កម្មវិធីសង្គម​នេះឡើង គឺ "កុំចាំដល់ក្លាយជាអ្នកមាន ចាំជួយសង្គម"

សាយ បានពន្យល់ថា "អ្នកមានច្រើនណាស់ បានជួយសង្គម រហូតដល់ធ្វើឲ្យ​មានការគិតថា ការជួយសង្គម គឺជាទំនួលខុសត្រូវរបស់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ប៉ុន្តែធាតុពិត សង្គមទាំងមូល គឺជាទំនួលខុសត្រូវ​របស់​យើងទាំងអស់គ្នា"។

សាយ ក្នុងកម្មវិធី Starting Up

តារាល្បី ដែលជាម្ចាស់កសិដ្ឋាន Sai Farm នៅខេត្តរតនគិរីរូបនេះ បានបន្ថែមថា "បើយើងចង់ឃើញសង្គមមួយដ៏ល្អ យើងត្រូវចូលរួម​ដោយខ្លួនឯង ជួយសង្គមដោយខ្លួនឯង​ ទោះតិចក្ដី ច្រើនក្ដី ទៅតាមជំនាញរៀងៗខ្លួន ជាជាង​ការ​អង្គុយរិះគន់គ្នា។ ខ្ញុំចង់ឲ្យទស្សនវិស័យហ្នឹង សាយភាយដល់អ្នកផ្សេងទៀត ខ្ញុំចង់ឲ្យពួកគាត់ មានអារម្មណ៍ចង់ជួយសង្គម​ដូចខ្ញុំដែរ"។

ដោយសារតែមានផ្នត់គំនិតជួយសង្គម​ខាងលើនេះហើយ ទើបសាយ បានសម្រេចចិត្ត​រត់​ជុំវិញប្រទេស​កម្ពុជា រកថវិកា​ជួយមន្ទីរពេទ្យ​កុមារអង្គរ​កាលពីឆ្នាំមុន។ ហើយនៅឆ្នាំនេះដែរ សាយ នឹង​ចាប់ផ្ដើម​កម្មវិធី​សប្បុរសធម៌​ថ្មីមួយទៀត​ ស្របតាមបរិបទកូវីដ-19 ដែលមានឈ្មោះថា "RUN WITH SAI Virtual Run 2021"។

សាយបានឲ្យដឹងថា "RUN WITH SAI Virtual Run 2021" គឺជាផ្នែកមួយដើម្បីរក្សាសុខភាពផ្លូវកាយ តភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាដើម្បីរក្សាសុខភាពផ្លូវចិត្ត ព្រមទាំងបានចូលរួមក្នុងកិច្ចការងារមនុស្សធម៌ផងដែរ។ ប្រិយមិត្តដែលចង់ចូលរួម សូមចុះឈ្មោះតាមរយៈដំណភ្ជាប់នេះ៖ https://www.saicambodianartist.com/

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាក្នុង​កម្មវិធី Starting Up សប្ដាហ៍ទី៤ ខាងក្រោមនេះ៖

មតិយោបល់
អត្ថបទថ្មី