• 2021-08-25 02:32:12
  • ព័ត៌មាន

តស៊ូ​នឹង​ឆាក​ជីវិត ឃ្មឹប ស៊ូ​ចូល​ធ្វើ​ជា​សន្តិសុខ​យាម​ផ្សារ តែ​ឥឡូវ​ត្រូវ​គេ​បណ្ដេញ​ចេញ​ ហើយ​អត់​បើក​ប្រាក់​ខែ​ឲ្យ​ទៀត!

  • 2021-08-25 02:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ឈ្មោះ​អតីត​តារា​កំប្លែង​ស្រី រ៉េន សុធារី ហៅ​នាង​ខ្មឹប គេ​ប្រាកដ​ជា​នឹក​ឃើញ​ដល់​រឿងរ៉ាវ​ធំៗ​ចំនួន​៣​ដែល​នាង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល នោះ​គឺ​ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​បាន នាង​ធ្លាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​អតីត​ប្រពន្ធ​ចុង​នាយ​ហុងដា​ដែល​ត្រូវ​ជា​ស្វាមី​របស់​នាង និង​ករណី​ទី៣​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ច្រើន​នោះ គឺ​នាង​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ម្សិលមិញ គេ​ទទួល​បាន​ដំណឹង​មួយ​ទៀត​ពី​អតីត​តារា​កំប្លែង​រូប​នេះ ថា​នាង​ដឹង​ខ្លួន​ខុស ហើយ​ចេះ​កែខ្លួន ដោយ​រត់​ទៅ​ធ្វើ​ជា​សន្តិសុខ​ក្នុង​ក្រុមហ៊ុន​មួយ ហើយ​ឥឡូវ​នេះ​ត្រូវ​ជួប​បញ្ហា​ក្រុមហ៊ុន​នោះ​បញ្ឈប់​នាង ព្រម​ទាំង​សន្ដិសុខ​មួយ​ចំនួន​ទៀត​ដោយ​មិន​បើក​ប្រាក់​ខែ​ឲ្យ​ឡើយ។

បើ​តាម​នាង​ខ្មឹប និង​បុរស​ម្នាក់​ដែល​ជា​សន្តិសុខ​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា​នោះ បាន​ផ្ដល់​បទសម្ភាសន៍​ខ្លី​ដល់​សារព័ត៌មាន​មួយ​ថា រូប​នាង និង​សន្តិសុខ​ខ្លះ​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ដោយ​លើក​ហេតុផល​ថា គ្មាន​សមត្ថភាព​ធ្វើ​ការ ហើយ​មិន​ព្រម​បើក​លុយ​ឲ្យ​ឡើយ។ នាង​ខ្មឹប​ថា ប្រាក់​ខែ​យាម​១​ពេល គឺ​១៨០​ដុល្លារ ហើយ​នាង​ត្រូវ​យាម​យប់​ទៀត​ត្រូវ​គុណ​ប្រាក់​ខែ​នឹង​២ ដូច្នេះ​នាង​ត្រូវ​បាន​ប្រាក់​ខែ​ជាង​៣០០​ដុល្លារ តែ​ថៅកែ​ក្រុមហ៊ុន​មិន​ព្រម​បើក​ឲ្យ​សោះ បើ​ទោះបី​ជា​ពេល​នេះ​នាង​យល់​ព្រម​ឈប់​ទៅ​ហើយ​ក្ដី។

គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០២១ នេះ Sabay មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​ថៅកែ​ក្រុមហ៊ុន​សន្តិសុខ​នោះ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​សម្ដី​របស់​បុរស​សន្តិសុខ​ម្នាក់ ថា​ម្ចាស់​ក្រុមហ៊ុន​សន្តិសុខ​មាន​ហេតុផល​ផ្លាស់​ប្ដូរ​ទីតាំង​យាម ឬ​បញ្ឈប់​ការងារ​នាង​ខ្មឹប​តែ​ម្ដង ក៏​ដោយសារ​តែ​ម្ចាស់​ផ្សារ​ប៉េសេ​ដែល​នាង​ខ្មឹប និង​រូប​លោក​ធ្លាប់​យាម​រាល់​ថ្ងៃ​នោះ ប្រាប់​ទៅ​ថៅកែ​ក្រុមហ៊ុន​សន្ដិសុខ​ថា អ្នក​ទាំង​ពីរ​មក​យាម​មិន​ដែល​ទៀងទាត់​ម៉ោង​សោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់