• 2021-08-26 03:12:03
  • ព័ត៌មាន

តារា​ស្រី​ទាំង​២​ដួង​នេះ មាន​ហេតុផល​រៀង​ខ្លួន​ក្នុង​ការ​លាក់បាំង​ភាព​ឡុងចុង​លើ​មុខរបរ​ដែល​ខ្លួន​សង្ឃឹម​បំផុត

  • 2021-08-26 03:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ចុង​ខែ​សីហា ឆ្នាំ​២០២១ តារា​ចម្រៀង ខាត់ សុឃីម និង​តារា​សម្ដែង ស្វែង សុជាតា នៅ​តែ​ព្យាយាម​លាក់បាំង​មុខរបរ​របស់​ខ្លួន និង​ទំហំ​ទឹកប្រាក់​ខាតបង់​ពិតប្រាកដ ក្រោយ​ពី​ធ្លាយ​ព័ត៌មាន​ថា​តារា​ស្រី​ទាំង​២​ដួង​នេះ មាន​ម្នាក់​ខាត​អស់​ជិត​១​លាន​ដុល្លារ និង​ម្នាក់​ទៀត​ខាត​អស់​១៩​ម៉ឺន​ដុល្លារ ទៅ​លើ​មុខរបរ​ដែល​ខ្លួន​រំពឹង​ថា​ជោគជ័យ​បំផុត​តែ​បែរ​ជា​បរាជ័យ​ទៅ​វិញ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ចំពោះ​តារា​ចម្រៀង​ស្រី​ពហុ​ជំនាញ ខាត់ សុឃីម ធ្លាប់​ប្រើ​ពាក្យ​មួយ​តាម​បណ្ដាញ​សារព័ត៌មាន​ថា៖"មហាជន នឹង​ភ្ញាក់ផ្អើល​ហើយ​លាន់មាត់​មក​ខ្ញុំ​ថា ចុម...កាដុមឆែប ខាត់ សុឃីម"។ នេះ គឺជា​ពាក្យ​ដែល​នាង​ប្រើ​ស្រប​ពេល​ដែល​ប្រកាស​លក់​ផ្នួង ឬ​សម្អាងការ​របស់​ខ្លួន ដើម្បី​ផ្សែផ្សំ​លុយ​បន្ថែម​ទៅ​វិនិយោគ​លើ​មុខរបរ​មួយ​ដែល​នាង​ថា​ធំសម្បើម ហើយ​ប្លែក​ពី​គេ​នៅ​ស្រុក​ខ្មែរ។ ប៉ុន្ដែ​មុខរបរ​នេះ ត្រូវ​បាន​នាង​លាក់​មហាជន​រហូត​មក​ដល់​ពេល​នេះ ក្រោយ​ពី​នាង​បង្ហើប​ថា បាន​ចាញ់​បោក​ប្រាក់​គេ​អស់​ជិត​១​លាន​ដុល្លារ។

សារព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ ដោយ​ស្រង់​សម្ដី​របស់​តារា​ស្រី​រូប​នេះ​ថា ខាត់ សុឃីម បាន​ចាញ់​បោក​គេ​អស់​ប្រាក់​សរុប​ជិត​១​លាន​ដុល្លារ ក្នុង​នោះ​ប្រាក់​ដែល​ជា​កម្លាំង​ញើស​ឈាម​រកស៊ី​ផ្ទាល់​ខ្លួន​ចំនួន៧៩ម៉ឺន​ដុល្លារ និង​ប្រាក់​រាយ​រង​ជាប់​ខ្លួន​មួយ​ចំនួន​ទៀត។ បើ​ទោះ​បី​ជា​នាង​បាន​បង្ហាញ​ពី​ទំហំ នៃ​ការ​ខាត​បង់​នេះ​ទៅ​ហើយ​ក្ដី តែ​នាង​នៅ​តែ​លាក់​មុខរបរ និង​ម្ចាស់​ក្រុមហ៊ុន​ដែល​នាង​ចាញ់​បោក​នោះ​ដដែល ប៉ុន្ដែ​គេ​សង្កេត​ឃើញ​នាង​ចេញ​មុខ​តវ៉ា​ជាមួយ​បាតុករ​ជា​ច្រើន​ប្រឆាំង​ទៅ​នឹង​អគ្គនាយ​ក្រុមហ៊ុន Enaritaឈ្មោះ ឌឹម សួនណាត។

ការ​ចេញ​មុខ​តវ៉ា និង​បញ្ចេញ​សកម្មភាព​តតាំង​នឹង​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ខ្លះ​យល់​ថា ខាត់ សុឃីម អាច​នឹង​ចាញ់​បោក​ក្រុមហ៊ុន​វិនិយោគ​នេះ​ហើយ។ ប៉ុន្ដែ​ខ្លះ​ទៀត​សង្ស័យ​ថា ខាត់ សុឃីម អាច​ចាញ់​បោក​ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ​មួយ​ដែល​គ្រោង​នាំ​ចូល និង​ចែកចាយ​គ្រឿង​សម្អាង​នៅ​កម្ពុជា ដោយ​កន្លង​ទៅ​នាង​ក៏​ធ្លាប់​បង្ហើប​ថា នាង​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​មួយ ដើម្បី​ត្រៀម​នាំ​ចូល​ផលិត​សុទ្ធ១០០% ពី​ប្រទេស​កូរ៉េ ដើម្បី​មក​ចែកចាយ​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា។

"ខាត់ សុឃីម ទទួល​ស្គាល់​ខ្លួន​ឯង​ថា​ល្ងង់ ហើយ​ឆាប់​ជឿ​គេ ទើប​របូត​ប្រាក់​អស់​មិន​ចេះ​តិច​នេះ។ ភាព​ជឿជាក់​លើ​មុខរបរ​ថា​នឹង​ដំណើរការ​១០០% និង​ទុក​ចិត្ត​គេ​ពេក​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​ពហុ​ជំនាញ​រូប​នេះ ខ្មាសអៀន ហើយ​បន្ដ​លាក់បាំង​រឿង​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន"។

ងាក​មក​រឿង​របស់​តារា​សម្ដែង ស្វែង សុជាតា វិញ។ នាង បាន​ផ្សែផ្សំ​ប្រាក់​ទាំង​ពី​ចំណូល​សិល្បៈ និង​រកស៊ី​ផ្ទាល់​ខ្លួន ដើម្បី​សម្ងំ​រៀបចំ​ដំណើរការ​រីហ្សត​មួយ​កន្លែង​នៅ​លើ​ដី​ចម្ការ​ក្បែរ​ជើង​ភ្នំ ស្ថិតនៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៩ រហូត​ដល់​ឆ្នាំ​២០២០ ហើយ​ទើប​តែ​មក​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២១ នេះ ស្រាប់​តែ​ធ្លាយ​ព័ត៌មាន​ថា ស្វែង សុជាតា បាន​បរាជ័យ​លើ​មុខរបរ​នោះ​ហើយ ហើយ​របូត​ទាំង​ប្រាក់​អស់​ចំនួន​១៩​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង។

ស្វែង សុជាតា៖"ការ​ដែល​លាក់លៀម​មិន​ចង់​ឲ្យ​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​ដឹង​ពី​ស្ថានភាព​រស់នៅ និង​ការ​ខាតបង់​នេះ ក៏​ដោយសារ​តែ​នាង​មិន​ចង់​ឲ្យ​គេឯង​ដឹង​ថា​នាង​មាន​ដី​ចម្ការ​មួយ​កន្លែង​ដែល​អាច​រៀបចំ​ជា​រីហ្សត​យ៉ាង​ប្រណីត​មួយ​បាន​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ"។

ក្រោយ​ពី​ខាតបង់​លើ​មុខរបរ​រៀបចំ​កន្លែង​សម្រាប់​អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត ដោយ​មាន​បញ្ហា​ជំងឺ​កូវីដ-១៩ តារា​សម្ដែង​វ័យ​ជ្រេ ស្វែង សុជាតា បាន​ប្រកាស​លក់​ផ្ទះ​១​ល្វែង​បន្ទាន់ ក្នុង​តម្លៃ​៦​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​ដើម​រកស៊ី​មុខរបរ​ផ្សេង​វិញ។ កាលណោះ​នាង​ប្រាប់​Sabay ថា លុយ​ដែល​លក់​បាន​នាង​នឹង​យក​ទៅ​ធ្វើ​បញ្ចូល​ជា​ភាគហ៊ុន​ជាមួយ​មិត្តភ័ក្ដិ​រកស៊ី​ខាង​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ថៃ​មក​លក់​នៅ​ស្រុក​ខ្មែរ​វិញ​ម្ដង ប៉ុន្ដែ​នាង​នៅ​តែ​ចិញ្ចឹមចិត្ដ​ថា​នឹង​រៀបចំ​ដំណើរការ​រីហ្សត​នេះ​ដដែល​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់