- 2021-09-01 08:56:07
- ព័ត៌មាន
អ៊ុំ សក្ខណា មានមុខរបរយួរ សោម កណ្ណិកា មានមុខរបរទូល តែឱកាសសម្ដែងលែងមាន មុខរបរទាំងពីរក៏លែងដើរ!
- 2021-09-01 08:56:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សក្ខណា មានមុខរបរយួរ សោម កណ្ណិកា មានមុខរបរទូល តែឱកាសសម្ដែងលែងមាន មុខរបរទាំងពីរក៏លែងដើរ!
ចន្លោះមិនឃើញ
រយៈពេលជាងពីរឆ្នាំ នៃការអូសបន្លាយវិបត្តិជំងឺកូវីដ-១៩ មានសិល្បករ-សិល្បការិនីខ្មែរច្រើន បានប៉ះពាល់ខាងប្រាក់ចំណូល ជាពិសេសតារាចាស់ៗដែលមិនសូវមានទីផ្សារការងារសិល្បៈស្រាប់ផងនោះ។ តារាទាំងនោះ គឺមានដូចជា អ្នកស្រី ញឹម សុខា អ៊ុំ សក្ខណា ប៊ុត ចាន់សោភ័ណ្ឌ សោម កណ្ណិការ និងអ្នកស្រី សយ ណារីរ័ត្ន ជាដើម។
ក្នុងចំណោមតារាស្រីវ័យចំណាស់ទាំងនេះ ធ្លាប់ទទួលបានការទំនុកបម្រុង និងឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគខ្លះពីសប្បុរសជនដែរ នៅក្នុងគ្រាដ៏លំបាកនេះ។ ប៉ុន្តែគេឃើញតារាសម្ដែង អ៊ុំ សក្ខណា ហៅម៉ែនឿន និងតារាសម្ដែង សោម កណ្ណិកា បានបាត់ឱកាសសម្ដែងខ្សែភាពយន្តហើយ ហើយក៏ស្រាប់តែបាត់ឱកាសលក់ដូរនូវមុខរបរកំប៉ិកំប៉ុកទៀត។
និយាយពីអ្នកស្រី អ៊ុំ សក្ខណា ហៅម៉ែនឿន។ អ្នកស្រី កំពុងប្រវេប្រវាយកម៉ូតូក្មួយដែលដឹកអីវ៉ាន់តាមអនឡាញទៅបញ្ចាំដើម្បីបង់រំលស់ថ្លៃផ្ទះដែលអាក់ខានបង់គេរយៈពេលបីខែទៅហើយនោះ ដោយសារតែប្រភពចំណូលពីការសម្ដែងបានបាត់ស្ទើរទាំងស្រុង ហើយមុខរបរលក់ប្រហុកឆៅ និងកន្ទុយហេះដែលធ្លាប់រកចំណូលក្រែលដែរនោះក៏អត់ទៀត។
អ្នកស្រី អ៊ុំ សក្ខណា៖"ឥឡូវបាត់ចំណូលពីសម្ដែង អាហ្នឹង(ប្រហុកចៅ និងកន្ទុយហេះ)បាត់ដែរ! លក់ពីរបីឆ្នាំហើយ ម៉ែតែងតែធ្វើវាយួរទៅលក់...មានតួៗ កូនៗគេចូលចិត្ដគេកុម្ម៉ង់ទិញហូរហែ ដល់ឥឡូវអត់សូវបានចេញថត អត់ហ្មង...ពីរបីថ្ងៃបានដាច់១ក្រឡ ជួនកាលអត់ទៀតពិបាកណាស់"។
កាលពីដើមឆ្នាំ២០២១ តារាសម្ដែងរូបនេះ ក៏ធ្លាប់ទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន៥០០០ដុល្លារពីថៅកែហាងពេជ្រ ទ្រី ដាណា ដែរ ហើយក្រោយមកទៀតក៏មានថៅកែផលិតកម្ម"រាម" លោកស្រី នួន សុន្ទរី ហៅស្រីអូន និងមានសប្បុរសជនមួយចំនួនទៀតក៏បានជួយដែរ ប៉ុន្ដែប្រាក់ជំនួយទាំងនោះត្រូវតារាសម្ដែង អ៊ុំ សក្ខណា ចាត់ចែងសងគេអស់ហើយ ហើយបច្ចុប្បន្នត្បិតថា អាជីពសម្ដែង និងមុខរបរលក់ប្រហុក មិនដំណើរការល្អ ប៉ុន្តែតារារូបនេះបានងាកទៅរកមុខរបរលក់ទាខ្វៃវិញម្ដង ហើយសព្វថ្ងៃលក់អស់ចន្លោះពី៨ ទៅ១០ក្បាលដែរ គ្រាន់ដោះទ័លជីវភាពប្រចាំថ្ងៃ។
ងាកមកតារាសម្ដែងស្រី សោម កណ្ណិកា វិញ។ សោម កណ្ណិកា ក៏ស្ថិតនៅក្នុងជីវភាពដុនដាបណាស់ដែរ ក្រោយពីអាជីពសម្ដែងត្រូវបានផ្អាកស្ទើរទាំងស្រុង ហើយមុខរបរទូលនំពុម្ពលក់តាមផ្សារអូឡាំពិកក៏ត្រូវកាត់ផ្ដាច់ដោយសារតែលក់លែងដាច់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនេះ។
អ្នកស្រី សោម កណ្ណិកា ធ្លាប់ប្រាប់Sabay ថា អស់ឱកាសពីអាជីពសម្ដែង និងទូលនំពុម្ពលក់គ្រាន់បានដោះទ័លជីវភាពនោះ អ្នកស្រីត្រូវបង្ខំចិត្ដទៅស៊ីឈ្នួលលាងចាន និងជួលលក់បាយស្រូបគេនៅជិតផ្សារអូឡាំពិកនោះវិញម្ដង។ ការងារនេះ គ្រាន់តែបានដោះស្រាយក្រពះប្រចាំថ្ងៃប៉ុណ្ណោះ ប៉ុន្តែបន្ទប់នៅជួលគេនោះត្រូវជំពាក់ថ្លៃឈ្នួលគេជាច្រើនខែ តែម្ចាស់ផ្ទះចេះតែអនុគ្រោះជាបន្តបន្ទាប់។
សោម កណ្ណិកា៖"ពិបាកណាស់កូនអើយ! ចង់ស្រែកប្រាប់នណាក៏គេមិនជឿដែរ ជាពិសេសនៅក្នុងពេលកូវីដនេះ...ចេញថតក៏មិនបាន ពឹងលើលក់នំ ឥឡូវអត់ទៀត ទ្រាំលាងចានឲ្យប្អូនគេលក់បាយនៅផ្សារហ្នឹងដែរ គ្រាន់តែបានដោះទ័លមួយពេលៗទេកូន"។
កូនសិស្សល្ខោននិយាយរបស់យាយម៉ែម៉ឺន សោម កណ្ណិកា មិនធ្លាប់ទទួលបានការទំនុកបម្រុង ឬឧបត្ថម្ភធំដុំដូចតារាស្រីវ័យស្របាលអ្នកស្រីដទៃទៀតនោះទេ។ ប៉ុន្តែចុងក្រោយនេះ គេឃើញតារាសម្ដែងវ័យជរារូបនេះ ទទួលបានប្រាក់ ជំនួយខ្លះគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃពីសប្បុរសជនតាមរយៈតារាសម្ដែងប្រុសវ័យក្មេង សាយ សៀរ៉ា៕