- 2021-09-02 02:44:42
- ព័ត៌មាន
គ្មានទោសសោះ តែតារាចម្រៀងអាហ្វហ្គានីស្ថានម្នាក់បែរត្រូវក្រុមតាលីបង់អូសទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃ
- 2021-09-02 02:44:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានទោសសោះ តែតារាចម្រៀងអាហ្វហ្គានីស្ថានម្នាក់បែរត្រូវក្រុមតាលីបង់អូសទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃ
ចន្លោះមិនឃើញ
តារាចម្រៀងប្រពៃណីអាហ្វហ្គានីស្ថានម្នាក់ដែលមានឈ្មោះថា Fawad Andarabi ត្រូវបានក្រុមតាលីបង់អូសយកទៅសម្លាប់ចោល នៅខេត្តមួយនៅតំបន់ភ្នំភាគខាងជើងទីក្រុង Kabul កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នេះបើតាមអ្នកកាសែតក្នុងស្រុកម្នាក់ រាយការណ៍ប្រាប់ CNN។
ដោយឡែកបើយោងតាម កូនប្រុសរបស់ជនរងគ្រោះខាងលើ ដែលមានឈ្មោះថា Jawad ក៏បានប្រាប់សារព័ត៌មាន The Associated Press ដែរថា តារាចម្រៀងជើងចាស់ Fawad Andarabi ត្រូវបានគេបាញ់ចំក្បាល ក្នុងដីចម្ការរបស់គ្រួសារ ក្នុង Andarab Valley ខេត្ត Baghlan ភាគខាងជើង។
កូនប្រុសដដែលបាននិយាយថា «គាត់គ្មានទោសកំហុសអ្វីទេ ហើយគាត់ត្រឹមជាអ្នកចម្រៀងដែលកំដរអារម្មណ៍ប្រជាជនទូទៅប៉ុណ្ណោះ»។
កាសម្លាប់នេះ កាន់តែបង្កការព្រួយបារម្ភអំពីការវិលត្រឡប់ទៅរក ការរឹតបន្តឹងច្បាប់ដែលក្រុមតាលីបង់បានដាក់ដូចកាលពីគ្រប់គ្រង អាហ្វហ្គានីស្ថាន កាលពីឆ្នាំ ១៩៩៦ ដល់ ២០០១។
ក្នុងបទសម្ភាសជាមួយ The New York Times កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mujahid បាននិយាយថា «តន្ត្រីត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម»។ បន្ថែមពីលើនេះ លោកនៅបានបន្ថែមថា ក្រុមតាលីបង់សង្ឃឹមថា ពួកគេអាចបញ្ចុះបញ្ចូលប្រជាជន ឈប់ធ្វើរឿងបែបនេះទៀត ជាជាងដាក់សម្ពាធលើពួកគេ។
ទាក់ទងព័ត៌មាននៃការស្លាប់របស់លោក Andarabi ពិតជាបង្កការព្រួយបារម្ភជាខ្លាំង ចំពោះលោកស្រី Karima Bennoune ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិវប្បធម៌។ ក្នុងនោះលោកស្រី បានបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ថា «យើងសូមអំពាវនាវឲ្យបណ្ដាប្រមុខរដ្ឋាភិបាល ទាមទារឲ្យក្រុមតាលីបង់គោរពសិទ្ធិរស់នៅរបស់តារាៗផង»៕