- 2021-09-07 04:34:19
- ព័ត៌មាន
រឿងពិតពីររបស់តារាសម្ដែងជើងចាស់ អម្ពរ ទេវី ត្រូវបាននាយក្រឹម ហែកកណ្ដាលចំណោម!
- 2021-09-07 04:34:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតពីររបស់តារាសម្ដែងជើងចាស់ អម្ពរ ទេវី ត្រូវបាននាយក្រឹម ហែកកណ្ដាលចំណោម!
ចន្លោះមិនឃើញ
តារាសម្ដែងរួមជំនាន់ជាមួយលោក អ៊ូ ប៊ុនរ៉ាត់ ហៅនាយក្រឹម គឺអ្នកនាង អម្ពរ ទេវី ដែលមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យភាពយន្តនាទសវត្ស៨០ និង៩០ ត្រូវបានអតីតមិត្តរួមអាជីពម្នាក់ហែកកេរ្តិ៍ទាំងកណ្ដាលចំណោម។ គេបានរំលឹករឿងរ៉ាវក្រៅឆាកចំនួនពីរនៅចុងទសវត្ស៩០។
តាមរយៈវីដេអូមួយរបស់ផលិតកម្មហង្សមាសដែលគេបានចែកចាយតាមបណ្ដាញសង្គមថ្មីៗនេះ នាយក្រឹម ថាលោកធ្លាប់មានអនុស្សាវរីយ៍សម្ដែងកុនជាមួយគ្នា ហើយបានដឹងនូវរឿងមួយចំនួនដែលតារាស្រីរូបនេះធ្វើមុនពេលសម្ដែង នោះគឺរឿងតុបតែងខ្លួន ឬផាត់មុខ និងរឿងកុងពេលគ្នាថតជាមួយនាយក្រឹម។
នាយក្រឹម៖"ធ្លាប់មានប្រវត្តិជាមួយគ្នា...ត្រង់អីគេ! បើអម្ពរ មកមុនត្រូវចាំក្រឹម ថៅកែថាមកមុនអម្ពរមកៗ ដល់ពេលមកចាំអម្ពរវិញ អត់ដែលមកត្រូវគ្នាទេ ហើយរឿងផាត់មុខសូមសរសើរអម្ពរ...៣ម៉ោង! ហើយមួយទៀត គាត់ប្រើរបស់វិញ...មុនជំនាន់គាត់ទៅអាមេរិក ទិញរាប់ពាន់ដុល្លារគ្រាន់តែកាឡៃ ថាអម្ពរអើយទិញច្រើនម្ល៉េះ! ថាទិញពាក់...បើយកមកនេះ(ខ្មែរ)គេឲ្យ២០០០អីនឹង ២០០០លុយខ្មែរ តែនៅណោះសុទ្ធតែមួយ៣០ ទៅ៤០ដុល្លារ"។
ទាក់ទងនឹងការលើកឡើងរបស់នាយក្រឹមនេះ ត្រូវបានអ្នកនាង អម្ពរ ទេវី លើកមេដៃ ហើយពោលថា"ការនិយាយនេះ គឺពិតខ្លះ និងបន្ថែមខ្លះ"។ វត្តមានរបស់តារាសម្ដែងជើងចាស់រូបនេះ គេឃើញនៅក្នុងកម្មវិធី"Cambodia Got Talent" របស់ស្ថានីយទូរទស្សន៍ហង្សមាស ។ តាមពិតជំនួបរវាងអ្នកនាង អម្ពរ ទេវី និងនាយក្រឹម តាមរយៈកម្មវិធីនេះ គឺតាំងពីចុងខែតុលា ឆ្នាំ២០១៨ ប៉ុន្ដែវីដេអូនេះ ត្រូវបានអ្នកលេងTik Tok យកមកចែករំលែកឡើងវិញកាលពីប៉ុន្មានថ្ងៃមកនេះ ហើយទទួលបានការចាប់អារម្មរណ៍យ៉ាងច្រើនពីមហាជន។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញអតីតតារាសម្ដែងស្រី អម្ពរ ទេវី បានឡើងយន្តហោះពីអាមេរិក មកស្រុកខ្មែរញឹកញាប់ដែរ ដើម្បីជួបសួរសុខទុក្ខបងប្អូននៅស្រុកកំណើត និងសម្ដែងភាពយន្ត ព្រមទាំងចូលរួមក្នុងកម្មវិធីសិល្បៈខ្លះទៀតផង។ ជាក់ស្ដែងអ្នកនាង ឆ្លៀតបានថតខ្សែភាពយន្ដខ្នាតធំរឿង"ទឹកចិត្ដម្ដាយសម័យថ្មី" របស់អ្នកនិពន្ធ ពាន់ ភួងបុប្ផា កាលពីឆ្នាំ២០១៧ ទៀតផង។
សូមរំលឹកថា មុនបាត់មុខពីវិស័យសិល្បៈជាង២ទស្សវត្ស តារាសម្ដែងស្រី អម្ពរ ទេវី ធ្លាប់បានរៀបការជាមួយតារាសម្ដែងរួមជំនាន់ គឺលោក ពេជ្រ ភិរុណ ហើយបានបង្កើតចំណងស្នេហ៍ជាកូនចំនួនពីរនាក់នៅស្រុកខ្មែរ។ បច្ចុប្បន្នអ្នកនាងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយមានស្វាមីក្រោយដោយបង្កើតបានកូនចំនួន២នាក់ទៀតផង គឺប្រុសម្នាក់ និងស្រីម្នាក់។ ជារឿយៗគេឃើញអ្នកនាង និងស្វាមីក្រោយបង្កើតផ្អែមល្ហែមជាមួយគ្នា ហើយបញ្ចេញជាសាធារណៈតាមបណ្ដាញសង្គម៕