• 2021-09-29 02:43:01
  • ព័ត៌មាន

ល្បីខាងល្អ ឬអាក្រក់ ស្រេចលើប្រិយមិត្ដយល់ តែ ២ឆ្នាំនេះ អ៊ឹម ជីវ៉ា បានទាញមនុស្សប៉ុន្មាននាក់ឲ្យមានការចាប់អារម្មណ៍ខ្លាំង!

  • 2021-09-29 02:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិកទំព័រ Facebook ជីវិត តារាកម្ពុជា លោក អ៊ឹម ជីវ៉ា កំពុងមានរឿងល្អកកករជាមួយអ្នកលេងបណ្ដាញសង្គមTik Tok និងFacebook មួយចំនួនជុំវិញបទសម្ភាសន៍របស់លោកជាមួយបុគ្គលមួយចំនួនដោយអ្នកខ្លះយល់ថាជាបទសម្ភាសន៍ដ៏គួរឲ្យចាប់អារម្មណ៍ និងខ្លះទៀតយល់ថាឥតប្រយោជន៍។

យើងមិនអាចវែកញែក ឬបកស្រាយយ៉ាងណាចំពោះការយល់ឃើញទាំងនេះទេ ប៉ុន្ដែថ្ងៃនេះ Sabay សូមរំលឹកឡើងវិញនូវបទសម្ភាសន៍ចំនួន៤ ក្នុងចំណោមបទសម្ភាសន៍ជាច្រើនរបស់លោក អ៊ឹម ជីវ៉ា បានធ្វើ ហើយទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជននៅឆ្នាំ២០២០ និងក្នុងឆ្នាំ២០២១ នេះ។

នៅអំឡុងខែឧសភា ឆ្នាំ២០២០ លោក អ៊ឹម ជីវ៉ា បានស្គាល់ និងជួបសម្ភាសន៍ជាមួយអ្នកលេងបណ្ដាញសង្គមTik Tok ម្នាក់ឈ្មោះ សុខា សុខា។ ដោយការអាណិតអាសូរ្យ អ៊ឹម ជីវ៉ា បានព្យាយាមជ្រោង សុខា ឲ្យចេញផុតពីភាពខ្វះខាត និងតែលតោល តែចុងក្រោយបែរជាធ្វើបាបលោកវិញយ៉ាងចាស់ដៃ។

សុខា សុខា ដែលតែងតែចាប់ក្បាលដំបូង នៃការLive Tik Tok របស់ខ្លួនដោយប្រើពាក្យថា៖“ញ៉ាំបាយនៅៗ” រហូតដល់គេយកពាក្យនេះទៅRemix ជាបទចម្រៀងទៀតនោះ បានបញ្ចេញឬកក្រអើតក្រទមក្រោយបានថតរឿងជាមួយលោក អ៊ឹម ជីវ៉ា បានបន្ដិច តែលោក ក៏សម្រេចប្រលែងដៃសុខាចោលវិញ។

ចូលមកដល់ដើមខែសីហា ឆ្នាំ២០២០ មហាជនចាប់ផ្ដើមមានពាក្យលេងសើចថ្មីមួយទៀត គឺ “បើមិនស្គាល់រ៉ូស ដូចអត់ស្គាល់វិមានឯករាជ្យ”។ កាលណោះលោក អ៊ឹម ជីវ៉ា បានសម្ភាសន៍ផ្ដាច់មុខជាមួយកញ្ញា រ៉ូស។ នៅក្នុងបទសម្ភាសន៍នោះ កញ្ញាបានអួតខ្លួនឯងថា កញ្ញាមានបងប្អូនស្ទើរគ្រប់ទីកន្លែងនៅភ្នំពេញ ហើយសុទ្ធតែពាក់ផ្កាយ២ផ្កាយ៣ តែនាងថាចង់ធ្វើជាមនុស្សឯករាជ្យ ទើបមិនពឹងបងប្អូនណា។

នៅក្នុងបទសម្ភាសន៍ដដែលនោះ កញ្ញា រ៉ូស បានប្រតិកម្មទៅនឹងអ្នកដែលថាមិនស្គាល់នាងថា៖ “មីងស្គាល់វិមានឯករាជ្យអត់? ស្គាល់ក្រដាស១០ ក្រដាស២០អត់? បើមីងអត់ស្គាល់ មីងអាចSearch យូធូបមើលបាន នឹងដឹងថាខ្ញុំណាគេហើយ ព្រោះខ្ញុំធ្លាប់មានរឿងល្បីកក្រើកប្រទេសពីមុនរឿងថតMV បុកឡានបុកអីហ្នឹង”។

អស់ពីរ៉ូស ចូលមកដល់រឿងគ្រូស្នងរូបម្នាក់។ កាលពីចុងខែធ្នូ ឆ្នាំ២០២០ លោក អ៊ឹម ជីវ៉ា បានជួបសម្ភាសន៍ផ្ទាល់ជាមួយគ្រូស្នងរូបម្នាក់ទៀតដែលអះអាងថាខ្លួនចេះនិយាយ ឬសូត្របាលី៧ភាសា។

ការ្យនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ តែទន្ទឹមគ្នានោះក៏មានអ្នកអស់សំណើចនឹងការសូត្រធម៌ និងការនិយាយស្ដីរបស់គ្រូស្នងរូបនោះដែរ។ ភាពល្បីខ្ទរខ្ទានេះ គឺដល់ថ្នាក់អ្នកធ្វើបទចម្រៀងខ្លះ យកសំឡេងគ្រូសូត្របាលីជាភាសាបរទេសក្នុងសំឡេងប៉ៃឡាំនោះទៅ Remix ជាបទចម្រៀងទៀតផង។

ចំណែកថ្មីៗនេះ ពោលនៅដើមខែកញ្ញា ឆ្នាំ២០២១ លោក អ៊ឹម ជីវ៉ា បានទាញមនុស្សម្នាក់ឲ្យមហាជនចាប់អារម្មណ៍ជាថ្មីទៀត គឺកញ្ញា អាជី ។ អ្នកលក់ឡេអនឡាញរូបនេះ ក៏មានពាក្យថ្មីរបស់ខ្លួនដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ដែរ គឺ“ក្រោកពីគេងអត់ទាន់ងួតទឹកក៏មានអារម្មណ៍ថាស្អាត”។

នៅក្នុងបទសម្ភាសន៍នេះ កញ្ញា អាជី និយាយថា នាងទទួលបានតម្លៃខ្លួនថតឲ្យសម្អាងការមួយក្នុងរយៈពេល១ខែ ថ្លៃ៣ម៉ឺនដុល្លារ ដោយនាងអួតថា តម្លៃខ្លួននេះគឺសមទៅនឹងរូបសម្ផស្សដែលអំណោយផលពីកំណើតរបស់នាង ព្រោះនាងយល់ថា"ក្នុងចំណោមនារី១០នាក់ គឺនាងស្អាតជាងគេ៩នាក់ទៅហើយ"។

តាមរយៈបទសម្ភាសន៍ទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមFacebook និងTik Tok រិះគន់លោកថា ដើរសម្ភាសន៍តែមនុស្សឆ្គួត មានអំនួត និងមនុស្សបាតសង្គមជាដើម។ ប៉ុន្ដែការលើកឡើងនេះ ត្រូវបានលោក អ៊ឹម ជីវ៉ា បញ្ជាក់វិញថា បទសម្ភាសន៍របស់លោកបានធ្វើឡើងស្ទើរាប់មិនអស់ ដើម្បីជួយដល់វិស័យសិល្បៈ និងសង្គម ដោយក្នុងនោះក៏មានឯកឧត្ដម លោកជំទាវ និងឧកញ៉ាក៏លោកសម្ភាសន៍ដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់