• 2021-10-12 09:00:24
  • ព័ត៌មាន

តារាស្រីទាំងពីរដួងនេះ ប៊ិះរឿងធំ តែឆ្លាតណាស់មិនពង្រីកបញ្ហា ហើយអាចបញ្ចប់វាទៅយ៉ាងស្ងៀមស្ងាត់

  • 2021-10-12 09:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅអំឡុងខែធ្នូ ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដែលវិបត្ដិជំងឺកូវីដ-១៩ កំពុងវាយសង្គ្រប់សេដ្ឋកិច្ច ឬប្រាក់ចំណូលសិល្បករ-សិល្បការិនីខ្មែរតាមរយៈអាជីពសម្ដែង ឬច្រៀងរបស់ពួកគេនោះ ស្រាប់តែអតីតកញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ២០២០ គឺកញ្ញា សេង រដ្ឋា និងតារាចម្រៀង មាស សុខសោភា ធ្លាប់មានរឿងធំតែពួកគេចេះប្រែក្លាយស្ថានការណ៍មកល្អវិញ។

គិតត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០២១ នេះ តារាស្រីទាំងពីរដួងបានវិវត្ដខ្លួនមួយកម្រិតទៀតលើអាជីពសិល្បៈ ដោយកញ្ញា សេង រដ្ឋា បន្ទាប់ពីបាត់ដំណែងជាម្ចាស់ជ័យលាភីកញ្ញាឯក ទទួលបានការចាប់អារម្មណ៍ពីផលិតកម្មមួយចំនួនហៅថតភាពយន្ដជាហូរហែ រីឯអ្នកនាង មាស សុខសោភា វិញ បន្ទាប់ពីផ្ទុះការរិះគន់ថានាងជាមនុស្សវាយរឹកពីអ្នកគាំទ្រម្នាក់ ឥឡូវបានក្លាយជាតារាចម្រៀងជួរមុខរបស់ផលិតកម្ម “រាម” ហើយ។

រំលឹកពីតារាចម្រៀង មាស សុខសោភា។ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ សុខសោភា បានរយាលដៃពីការងារសិល្បៈ ក្រោយដើរចេញពីផលិតកម្មថោន។ សុខសោភា និងមិត្ដភក្ដិ បានទៅកម្សាន្ដនៅភ្នំគូលែន ខេត្ដសៀមរាប ស្រាប់តែពេលនោះ មាននារីម្នាក់អះអាងថា បានជួបសុខសោភា ហើយសុំថតរូបជាមួយតែត្រូវសុខសោភា បដិសេធក៏មានការខឹងសម្បារពីនារីម្នាក់ ដោយនារីនោះថា៖ “សុខសោភាជាមនុស្សវាយឬក”។

នារីម្នាក់ដែលអះអាងថាបានជួប មាស សុសោភា៖"បានជួបផ្ទាល់នៅភ្នំគូលែន ឬកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់ថាជា មាស សុខសោភា ថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឬកសោះអង្គើយ គេថាថតមិនបានទេ"។

១ថ្ងៃបន្ទាប់ពីផ្ទុះរឿងនេះ មានមហាជន និងអ្នកគាំទ្រតារារូបនេះខ្លះផង បានសម្ដែងការមិនពេញចិត្ដចំពោះ មាស សុខសោភា ហើយចង់ឲ្យសុខសោភា ចេញមុខបកស្រាយការពិតភ្លាមៗ។ ប៉ុន្ដែនាង បានជ្រើសរើសយកវិធីមិនបកស្រាយ ឬតបតអ្វីទៅនឹងការចោទប្រកាន់នេះទេ ហើយការបកស្រាយខ្លះត្រូវនាងរុញឲ្យទៅសួរអ្នកចាត់ចែងទូទៅរបស់នាង។ អ្នកចាត់ចែងរូបនោះ ធ្លាប់ប្រាប់Sabay ថា សុខសោភា និងមិត្ដភក្ដិ ពិតជាបានទៅលេងភ្នំគូលេននៅថ្ងៃនោះពិតមែន។

អ្នកចាត់ចែងទូទៅរបស់ មាស សុខសោភា៖ “ទោះបីថាពិត ឬមិនពិត ក៏មិនដឹងបានអីមកវិញដែរ ព្រោះមានហេតុផលជាច្រើនត្រូវពន្យល់…តែមិនចង់ឆ្លើយឆ្លង ឬបកស្រាយអីទាំងអស់ ព្រោះមិនដឹងថាបានអីមកវិញក្រៅតែពីធ្វើឲ្យមានរឿងកាន់តែវែងឆ្ងាយ”។

អស់រយៈពេលជាច្រើនខែកន្លងផុតទៅ ការរិះគន់ និងចង់ដឹងការពិតជុំវិញរឿងនេះ ក៏បានស្ងប់ស្ងាត់ទៅវិញ។ តារាចម្រៀង មាស សុខសោភា បានបោះជំហានកាន់តែជ្រៅ និងរឹងមាំក្នុងអាជីពចម្រៀងរបស់ខ្លួនជាមួយផលិតកម្ម “រាម” ហើយថែមទាំងបានចាប់ដៃលក់ផលិតផលថែទាំសុខភាព ជាមួយថៅកែផលិតកម្ម “រាម” គឺអ្នកនាង ស្រីអូន យ៉ាងជោគជ័យទៀតផង។

ងាកមករឿងតារាសម្ដែងវ័យក្មេង និងជាអតីតម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី Miss Grand Cambodia ២០២០ គឺកញ្ញា សេង រដ្ឋា វិញម្ដង។ កញ្ញា និងលោក អ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធីប្រកួត "Miss Grand Cambodia” ធ្លាប់មានរឿងល្អក់កកនឹងគ្នាយ៉ាងខ្លាំង រហូតដល់លោក អ៊ិន សុភិន ប្រកាសដកតំណែងពីកញ្ញា ទៅប្រគល់ឲ្យអ្នកផ្សេង។

ប៉ុន្ដែភ្លាមៗ នោះ កញ្ញា សេង រដ្ឋា ពុំមានប្រតិកម្ម ឬបកស្រាយអ្វីច្រើន រហូតដល់រឿងរ៉ាវត្រូវបានបញ្ចប់ទៅតាមផ្លូវច្បាប់ ដោយភាគីទាំងសងខាងមិនបានហែកហួរគ្នាតាមបណ្ដាញសង្គម ឬបរិហាជាសាធារណៈជុំវិញក្ដីក្ដាំរបស់ខ្លួនឡើយ។

ក្រោយផ្ទុះព័ត៌មានដកតំណែងរបស់កញ្ញាកាលណោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រកញ្ញា ចង់ឲ្យកញ្ញាបកស្រាយរឿងរ៉ាវដែលបានកើតឡើងជាសាធារណៈ ឬប្រត្ដិកម្មខ្លាំងៗទៅនឹងអ្នករៀបចំកម្មវិធីប្រកួត ចំពោះការដកតំណែងនេះ។ ប៉ុន្ដែនាងនៅតែមិនបកស្រាយអ្វីវែងឆ្ងាយ ដោយសុខចិត្ដបោះបង់តំណែងនោះចោល ហើយយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យាមួយនៅចំពោះមុខមេធាវី ដើម្បីធានាថាភាគីកញ្ញា និងលោក អ៊ិន សុភិន មិនបំពានគ្នាទៅវិញទៅមក។

ត្បិតថារឿងរ៉ាវដែលកើតឡើងបានប៉ះពាល់ខ្លះដល់ប្រជាប្រិយភាពតារាស្រីទាំងពីរដួង ប៉ុន្ដែគេសង្កេតឃើញថា តារាស្រីទាំងពីរដួងនេះ មានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា ហើយចេះបង្រួមបញ្ហាឲ្យកាន់តែតូចមុននឹងបញ្ចប់វាទៅដោយភាពស្ងៀមស្ងាត់បំផុត។ បច្ចុប្បន្នតារាស្រីទាំងពីរដួង នៅតែទទួលបានការគាំទ្រពីមហាជន ហើយទីផ្សារងារសិល្បៈវិញក៏មិនធម្មតាដែរ ត្បិតថាពេលនេះវិបត្ដិជំងឺកូវីដ មិនទាន់បញ្ចប់ទាំងស្រុង៕

ជិន សុភ័ក្ដ្រ

មតិយោបល់