• 2021-10-13 04:57:39
  • ព័ត៌មាន

សំ តារាវុទ្ធី ស្លាប់ ជារឿងសោកសៅមួយហើយ តែប្អូនបង្កើតនៅស្រណោះសម្ដីបងផ្ដាំមុនស្លាប់ យំទន់ខ្លួន!

  • 2021-10-13 04:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ គឺជាថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃ នៃសពតារាសម្ដែងល្បីឈ្មោះនៅអំឡុងទស្សវត្ស២០០០ គឺលោក សំ តារាវុទ្ធី ហើយ។ សាច់ញាតិរបស់លោក បានរំលឹកនូវពាក្យសម្ដីរបស់លោកមុនស្លាប់ទាក់ទងនឹងអាជីពសិល្បៈ និងស្ថានភាពគ្រួសារយ៉ាងសង្វេគ។

អ្នកស្រី ហៀក ហ៊ុត ដែលជាប្អូនស្រីបង្កើតរបស់អតីតតារាសម្ដែង សំ តារាវុទ្ធី បានប្រាប់Sabay នៅមុននេះបន្ដិចថា បងប្រុសខ្លួន បានស្លាប់ក្នុងវ័យ៥១ឆ្នាំ ដោយសារជំងឺមហារីកថ្លើម និងដុះផ្សិតក្នុងខួរក្បាល។ អ្នកស្រីថា មុននឹងឈឺដេកដួលនៅនឹងកន្ទេលរយៈពេល២ឆ្នាំចុងក្រោយ បងប្រុសតែងតែទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ដតាកែវ ហើយពេលបានធូរស្រាលក៏តែងតែឡើងទៅភ្នំពេញ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងព្យាបាលជំងឺក្នុងនាមជាសន្ដិសុខឯកជន នៅក្នុងក្រុមហ៊ុនមួយ។

អ្នកស្រី ហៀក ហ៊ុត៖ “គាត់(សំ តារាវុទ្ធី) ធ្លាប់បង្កើតក្រុមរាំ ហើយគាត់ជាអ្នកបង្រៀនគេ តែដោយចាញ់ជើងគេ ក្រុមហ្នឹងក៏បិទទៅវិញ ហើយមុនស្លាប់នេះគាត់ថានៅតែស្រឡាញ់សិល្បៈ និងអាជីពសម្ដែងរបស់គាត់…ហើយចុងក្រោយគាត់ក៏ផ្ដាំឲ្យខ្ញុំជួយមើលថែឪពុក-ម្ដាយជំនួសគាត់ឲ្យបានល្អផង”។

បើតាមអ្នកស្រី ហៀក ហ៊ុត លោក សំ តារាវុទ្ធី មានភរិយាចំនួន២នាក់ ហើយបង្កើតបានកូនប្រុសជាចំណងដៃចំនួន២នាក់ផងដែរ ដោយភរិយាម្នាក់ទទួលបានកូនម្នាក់។ កូនទាំង២របស់លោក ពុំមាននណាម្នាក់មានដុង ឬទេពកោសល្យខាងសិល្បៈដូចរូបលោកនោះទេ។

បុណ្យខួបគម្រប់៧ថ្ងៃ នៃសពអតីតតារាសម្ដែង សំ តារាវុទ្ធី នឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាស្រុកកំណើតរបស់លោក ស្ថិតនៅភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្ដតាកែវ។ គួរបញ្ជាក់ថាលោក សំ តារាវុទ្ធី បានសម្ដែងនៅក្នុងរឿងមាយើង និងរឿង “ព្រះបាទត្រសក់ផ្អែម” ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់