- 2021-10-21 09:03:33
- ព័ត៌មាន
រឿងរ៉ាវ និងជម្លោះហែកហួររបស់បុគ្គលល្បីៗលើបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់សីលធម៌សង្គមធ្ងន់ធ្ងរ!
- 2021-10-21 09:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវ និងជម្លោះហែកហួររបស់បុគ្គលល្បីៗលើបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់សីលធម៌សង្គមធ្ងន់ធ្ងរ!
ចន្លោះមិនឃើញ
“បង្កើតព្រឹត្ដិការណ៍ថ្មី ដើម្បីទាញយកចំណាប់អារម្មណ៍មហាជន” នេះគឺជាពាក្យរបស់អ្នកតាមដានស្ថានការសង្គមខ្លះលើកឡើងសំដៅដល់អ្នករកស៊ីអនឡាញ អ្នកសិល្បៈ ឬក៏បុគ្គលមួយចំនួនទៀត ដែលតែងតែយករឿងរ៉ាវបុគ្គលមកហែកហួរគ្នាតាមបណ្ដាញសង្គម ដោយគេយល់ថានេះជាយុទ្ធសាស្ដ្រពាណិជ្ជកម្មថ្មី សម្រាប់កេងយកប្រយោជន៍ ឬក៏ប្រជាប្រិយ ក្នុងទិសដៅវិជ្ជមានក្នុងការអាជីវកម្មក្នុងរូបភាពណាមួយ នាសម័យបច្ចេកវិទ្យាទំនើបនេះ។
ប៉ុន្ដែការលើកឡើងនេះ គេពុំមានភស្ដុតាងអ្វីមកបញ្ជាក់ លើទង្វើ ឬសកម្មភាពរបស់អ្នករកស៊ីអនឡាញ និងតារាទាំងនោះ ថាតើវាជារឿងពិតកើតឡើងដោយមិនបានព្រៀងទុក ឬជាចេតនាបង្កើតវាឡើងនោះទេ? ប៉ុន្តែអ្វីដែលដូចគ្នា ក្រុមពលរដ្ឋដែលបារម្ភពីការធ្លាក់នូវសីលធម៌ និងសេចក្ដីថ្លៃថ្នូររបស់សង្គម បានលើកឡើងថា នោះជាសកម្មភាព ឬព្រឹត្តិការណ៍ដែលមិនមានផលវិជ្ជមានទាល់តែសោះ។
ដូច្នេះហើយ លោក លីឈៀង និស្សិតជំនាញខាងគ្រប់គ្រងឆ្នាំទី៣ បាននិយាយថា ចំពោះរឿងរ៉ាវ ឬព្រឹត្តិការណ៍ទាំងនោះ គឺលោកកម្រនឹងតាមដានណាស់ ដោយគិតថាជារឿងឥតប្រយោជន៍។ មិនត្រឹមលោកថា រឿងខ្លះជានយោបាយរកស៊ីរបស់គេថែមទៀត
លី ឈៀង៖”សម្រាប់ខ្ញុំ ជឿថារឿងខ្លះវាអាចពិត ខ្លះមិនពិតដែរ តែទោះពិត ឬមិនពិត វាអត់សំខាន់ទេ និយាយទៅខ្ញុំថាអត់សំខាន់ រឿងឈ្លោះហែកហួរគ្នា មើលហើយបានអីវិញ សម្រាប់គេ គេអាចបាន គឺបានមនុស្ស like, follow ផេកគេ ត្រូវនឹង គោលបំណងគេធំការលក់ផលិតផលរបស់គេ ឬគេចង់បានផលប្រយោជន៍អ្វីមួយពីមហាជន តែយើងគឺអត់សោះ!”។
ចំណែកអ្នកលេងបណ្ដាញសង្គមម្នាក់ទៀត គឺកញ្ញា អ៊ាម ស្រីពេជ្រ បានឲ្យដឹងដូចគ្នាថា កញ្ញាមានអារម្មណ៍ថា សង្គមបច្ចុប្បន្នកាន់តែរញ៉េរញ៉ៃទៅៗ។ “ដូចបងឃើញស្រាប់ បើកហ្វេសប៊ុកឡើងឃើញតែឈ្លោះគ្នា វាយប្រហារគ្នា...យូរៗទៅ ខ្ញុំស្ទើរតែមិនចង់កាន់ទូរស័ព្ទ...បើកឡើងដូចអត់មានអី ឲ្យមានប្រយោជន៍សោះ ស្ថានភាពហ្នឹង ខ្ញុំមិនដឹងទៅមុខទៅវាអាចក្លាយជាវិបត្តិសង្គមដែរឬយ៉ាងណាទេ!។
គេអាចចែកព្រឹត្តិការណ៍ដែលកើតលើបណ្ដាញសង្គមជារឿយៗមានដូចជា ការឈ្លោះទាស់ទែងប្ដីប្រពន្ធ និងការបំពុលដែលមានគោលដៅពាណិជ្ជកម្មនៅពីក្រោយ។ បញ្ហានេះ គេមើលឃើញបានធ្វើឲ្យប៉ះពាល់ដល់សីលធម៌ និងសេចក្ដីថ្លៃថ្នូរសង្គមធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវ និងតាមដានស្ថានការសង្គមលោកបណ្ឌិត ប៉ា ចាន់រឿន ប្រាប់ថា លោកមើលឃើញថា បុគ្គលដែលគេស្គាល់ច្រើនតាមបណ្ដាញសង្គម ចាប់ផ្ដើមធ្វើតាមគ្នា ដោយមិនគិតថារឿងនោះ គឺជារឿងប្រពៃ ឬរឿងអសោចឡើយ។ ប្រការនេះលោកថា វាជាគ្រោះថ្នាក់ ព្រោះវានឹងប៉ះពាល់សេចក្ដីថ្លៃថ្នូរ និងការរស់នៅ ហើយវាខុសស្រឡះពីប្រទេសជឿនលឿន។
ប៉ា ចាន់រឿន៖”យើងមើលបុគ្គលល្បីៗលំដាប់ពិភពលោកដូចជា ប៊ីលហ្គេត អ៊ីឡូនមើស សុទ្ធតែជួបរឿងលែងលះ ហេតុអីក៏គេមិនយក មកបរិយាយ ឬស្រែករកយុត្ដិធម៌តាមបណ្ដាញសង្គមដូចយើង? ខ្ញុំយល់ថា ទោះបីបុគ្គលទាំងអស់នោះ ធ្វើក្នុងលក្ខណៈបុគ្គលផ្ទាល់ខ្លួន តែគេបានធ្វើរឿងមិនគួរគប្បីប៉ះពាល់ដល់ទំនៀមទម្លាប់ និងសុកខុមាលភាពសាធារណៈ”។
ទស្សនៈវិទ្យា ដែលលើកឡើងដោយអ្នកប្រាជ្ញល្បី គឺលោក សូក្រាត ថាអ្នកដែលមានសតិស្មារតីខ្ពស់ តែងតែជជែកពីគំនិតធ្វើឲ្យជីវិតរស់នៅប្រសើរឡើង រីឯអ្នកមានសតិស្មារតីមធ្យម គឺនិយាយពីរឿងមនុស្ស ឬរឿងបុគ្គល ចំពោះអ្នកដែលមានសតិស្មារីទាប គឺនិយាយតែពីរឿងស៊ីចុកបុកទំពារប្រចាំថ្ងៃ។
ត្រង់ចំណុចនេះលោកបណ្ឌិត ប៉ា ចាន់រឿន មើលឃើញថា អ្នកតាមដានដែលឆាប់វិនិច្ឆ័យ និងជឿស្លុងទៅនឹងរឿងរ៉ាវដែលគេបង្ហាញតាមបណ្ដាញសង្គមនោះ គឺភាគច្រើនពលរដ្ឋខ្មែរយើងស្ថិតនៅកម្រិតទី២ និងទី៣ នៃទ្រឹស្ដីទស្សនវិទ្យារបស់លោកសូក្រាត។
អ្នកស្រាវជ្រាវ និងតាមដានស្ថានការសង្គម ស្នើឲ្យរាជរដ្ឋាភិបាល ឬស្ថាប័នដែលពាក់ព័ន្ធជិតដិតបំផុត គួរពិនិត្យមើលលើភាពជន់ជោរ នៃការប្រើសេរីភាពបុគ្គលធ្វើឲ្យប៉ះពាល់ដល់សុកខុមាលភាពសង្គម ហើយគួរមានការអប់រំខាងសីលធម៌បន្ថែម។ ព្រោះការបង្កើតព្រឹត្ដិកាណ៍ថ្មីៗតាមបណ្ដាញសង្គមដើម្បីឲ្យមនុស្សតាមដានបែបនេះ គឺបង្ហាញពីភាពខ្សោយ នៃទំនាក់ទំងល្អក្នុងសង្គមជាតិ៕
វាងចេញពីរឿងប្ដីប្រពន្ធឈ្លោះហែកហួរគ្នា ករណីរបស់តារាកំប្លែងទូរទស្សន៍ស៊ីធីអិន ត្បិតថា មិនស្ថិតនៅក្នុងព្រឹត្តិការណ៍ដែលគេបានបែងចែកខាងលើ ប៉ុន្តែព្រឹត្តិការណ៍របស់តារាកំប្លែង បាន និងកំពុងតែក្ដៅ ព្រមទាំងកើតរឿងរ៉ាវជាច្រើនទៀត។
ព្រឹត្តិការណ៍របស់អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង គឺកើតចេញពីប្រកាសក្ស័យធុន និងការបើកកកាយបំណុលយ៉ាងសម្បើម រួមទាំងការប្រកាសសុំជំនួយពីសាធារណជនម្នាក់ ១ដុល្លារ។ ភ្លាមៗ គេឃើញពលរដ្ឋខ្មែរដែលនិយមគាំទ្រ និងអាណិតអាសូរតារាកំប្លែង បានចូលរួមបរិច្ចាគតាមកម្លាំងទឹកចិត្តរៀងៗខ្លួន ដែលអ្នកទាំងនោះមានទាំង ឧកញ៉ា សិល្បករ អាជីវករ និងរហូតដល់អ្នករត់កង់បី ឬម៉ូតូឌុបថែមទៀត។
ប៉ុន្តែមិនប៉ុន្មានថ្ងៃផង អ្នកទាំងនោះ ក៏ចាប់ផ្ដើមស្រងាកចិត្ត ក្រោយលេចរឿងថា អ្វីដែលកើតឡើងគឺជាការរៀបចំ ធ្វើឲ្យពួកយល់ថា ខាតបង់ទឹកចិត្ត និងប្រាក់ដែលខំពង្រាត់ពីមាត់ពីកនោះដោយឥតប្រយោជន៍។យ៉ាងណា អ្នកខ្លះ ក៏យល់ថា អ្នកនាង ខ្ញុង ជំពាក់គេវណ្ឌកជារឿងពិត ប៉ុន្តែ ការរួមគ្នាជាមួយគ្រូជោគជ័យម្នាក់ មកឡាយធ្វើឲ្យគេអាណិត ហើយសុំជំនួយ គឺជារឿងមិនគួរឲ្យលើកទឹកចិត្ត។ ដូច្នេះហើយ ទើបមានការលើកឡើងថា ការបរិច្ចាគក្នុងសកម្មភាពសប្បុរសណាមួយ គួរពិនិត្យមើលឲ្យបានស៊ីជម្រៅ។
លោកសាស្ដ្រចារ្យ សំបូរ ម៉ាណារ៉ា លើកឡើងថា ប្រជាជនខ្មែរមានគុណធម៌ និងចេះឲ្យតម្លៃគ្នាតាំងពីសម័យបុរាណ ដោយករណីខ្លះបរិច្ចាគដោយមិនបានគិតអ្វីទាំងអស់។ ប៉ុន្ដែដើម្បីជាប្រយោជន៍ មហាជនដែលមានចិត្ដសប្បុរ គួរកំណត់បុគ្គលក្នុងការបរិច្ចាគ គឺត្រូវថ្លឹងថ្លែងរកតម្រូវការចាំបាច់របស់សង្គម ដូចជាសកម្មភាពមនុស្សធម៌មន្ទីរពេទ្យគន្ធាបុប្ផាជាដើម។
សំបូរ ម៉ាណារ៉ា៖”ទស្សនៈខ្ញុំ…ចំណុចនេះ(ហែកហួរគ្នាតាមបណ្ដាញសង្គម) អសកម្ម កាលណាយើងប្រើនូវយន្ដការបង្ករលក្ខណៈឲ្យសង្គមរងនូវវិបត្ដិចិត្ដតាមរយៈមនោសញ្ចេតនាដែលខ្លួនឯងខំកសាងមកនោះ បែរជាឲ្យអ្នកគាំទ្រ រងនូវវេទនាអារម្មណ៍…ហើយការធ្វើបែបនេះបង្ហាញពីភាពខ្សោយ នៃទំនាក់ទំងក្នុងសង្គមជាតិយើង”។
គិតត្រឹមថ្ងៃទី២១ ខែតុលា នេះ តារាកំប្លែងស្រី ស្រេង សុកាន់ដា ហៅខ្ញុង នៅតែជាផ្ទាំងស៊ីប ទទួលរងពាក្យសម្ដីមិនល្អនៅឡើយ បើទោះជានាងបានអះអាងថា រឿងជំពាក់គេវណ្ឌកជារឿងពិត។ ការមិនអស់ចិត្តរបស់មហាជន ក៏ព្រោះតែពួកគេយល់ថា អ្វីដែលកើតឡើង គឺជារួមគ្នារបស់នាង និងលោកគ្រូជោគជ័យម្នាក់ ហើយថា ជារូបភាពបោកបញ្ឆោតទឹកចិត្ត។
ទាក់ទងករណី ខ្ញុង នេះ ប្រធានគណបក្សខ្មែរក្រោកលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក៏បានចេញមុខដែរ ព្រោះតែមិនអាចធ្វើមិនដឹងមិនលឺបាន។
លោក វឌ្ឍនាសាប៊ុង៖”ការដែលខ្ញុំលើកបញ្ហានេះមកនិយាយ ព្រោះពលរដ្ឋរបស់ខ្ញុំត្រូវបានគេបំពុល គេបញ្ឆោត យ៉ាងគួរឲ្យអាណិតបំផុត ហើយសង្គមរបស់ខ្ញុំត្រូវបានមនុស្សមួយក្ដាប់តូចប្រើប្រាស់ប្រជាប្រិយភាពក្នុងការបង្កើតព្រឹត្តការណ៍ទាញផលប្រយោជន៍មកខ្លួន។ ក្នុងនាមជាអ្នកនយោបាយម្នាក់ ត្រូវតែបញ្ចេញមតិការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន”។
ជាមួយគ្នា លោក វឌ្ឍនាសាប៊ុង បានស្នើឲ្យមានការពិនិត្យលើមូលដ្ឋានច្បាប់ទៀតផង ដើម្បីធានាទប់ស្កាត់បាតុភាពនានាដែលបង្ករដល់ការបំពុលសង្គម ក្នុងនោះលោកបានចោទជាសំណួរថា “តើព្រះរាជអាជ្ញា អាចធ្វើបណ្ដឹងអាជ្ញាចំពោះករណីនេះ ឬទេ?។ លើកឡើងដូច្នេះ លោក បានអះអាងទៀតថា មានវីដេអូជាភស្តុតាងច្រើនទៀត ដែលបញ្ជាក់ពីផែនការ សេណារីយូ ក្នុងការបញ្ឆោតយកមូលនីធិ ទាក់ទិននិងករណីខាងលើ។
យោងលើ ច្បាប់ព្រហ្មទណ្ឌ បទឆបោក មាត្រា ៣៧៧ បានឲ្យនិយមន័យថា ”គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង រំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើ(ឧបាយកលទុច្ចរិត) ហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើឲ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖ ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។ ទី២៖ការផ្គត់ផ្គង់សេវា។ ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច៕