• 2021-10-22 08:06:43
  • ព័ត៌មាន

ក្រោយ​មាន​រឿង​លែង​លះ​ជាមួយ​ភរិយា​នៅ​អូស្រ្តាលី ស៊ុក សុភា មក​ប្រទេស​កំណើត​វិញ​ហើយ!

  • 2021-10-22 08:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ​ក្នុង​រឿង "រសជាតិ​ជីវិត" លោក ស៊ុក សោភា ត្រូវ​បាន​គេ​ដឹង​ថា បាន​មក​ដល់​ប្រទេសកំណើត​របស់​លោក​វិញ​ហើយ ក្រោយ​មាន​រឿង​លែងលះ​ជាមួយភរិយា​នៅ​ប្រទេស​អូស្ត្រាលី។

តាម​ដំណឹង លោក​បាន​ដល់​កម្ពុជា​ប្រមាណ​ជា ២ថ្ងៃ​មុន​នេះ ស្រប​ពេល​មុន​យន្តហោះ​ចុះចត លោក​បាន​ថត​ជា​វីដេអូ​ឃ្លិប​បង្ហាញ​ពី​ទិដ្ឋភាព​រាជធានី​ភ្នំពេញ​ថត​ពី​លើ​អាកាស​ទៀត​ផង ដោយ​នៅ​ក្នុង​នោះ​លោក​បាន​សរសេរ​ថា "សូមអញ្ជេីញទស្សនាវីដេអូ​ នៃទឹកដីកំណេីតរបស់ខ្ញុំ​គឺជា «ខ្លា​សេដ្ឋកិច្ច​ថ្មី​នៃ​អាស៊ី»​ ដែលថតពីលេីយន្ដហោះដែលត្រូវបានចុះចតនៅក្នុងប្រលានយន្ដហោះពោចិនតុង​ ភ្នំពេញ​ កម្ពុជា ”.

ដំណើរ​មក​កាន់​ប្រទេស​កំណើត​លើក​នេះ គេ​មិន​ឃើញ​មាន​សាច់​ញាតិ​ទៅ​ទទួល​ច្រូងច្រាង​នៅ​ព្រលាន​យន្តហោះ​នោះ​ទេ។ ជាមួយ​គ្នា គេ​ក៏​មិន​ដឹង​ថា លោក​មក​កម្ពុជា​ក្នុង​គោល​បំណង​អ្វី មក​លេង​សាច់​ញាតិ​ក្នុង​រយៈ​ពេល​ណា​មួយ ឬ​ក៏​ស្នាក់​នៅ​រហូត។ ចំណុច​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​មន្ទិល​ក្នុង​ចំណោម​មិត្តភក្តិ រួម​ទាំង​អ្នក​គាំទ្រ​របស់​លោក ដោយ​ពួក​គេ​បាន​ចោទ​ជា​សំណួរ​ចំពោះ​រឿង​នេះ​ជា​ច្រើន។ ប៉ុន្តែ​គេ​មិន​ឃើញ​តារា​ប្រុស ឆ្លើយ​តប​នោះ​ឡើយ។

ក៏​ដូច​គ្នា​ដែរ sabay នៅ​មិន​ទាន់​អាច​ទាក់​ទង​សាមី​ខ្លួន​តារា​ប្រុស ដើម្បី​ធ្វើ​ការ​ស្រាយ​បំភ្លឺ​នៅ​ឡើយ។ លោក ស៊ុក សុភា ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាក​ចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​អូស្ត្រាលី​រស់​នៅ​ជាមួយ​អតីត​ភរិយា​អ្នក​នាង លុយ សារីណា អស់​រយៈ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ។ ក្រោយ​ពី​បាន​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​អស់​កាល​ជា​ច្រើន​ឆ្នាំ គូស្វាមី​១គូ​នេះ​ស្រាប់​បែក​រឿង​លែងលះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

អ្នក​នាង សារីណា បាន​បង្ហោះ​ផ្ដាច់​ចំណង​ទាក់ទង​ជា​ស្វាមី ភរិយា ជាមួយ​លោក ស៊ុក សុភា កាល​ពី​ចុង​ខែ​សីហា។ ភ្លាម​ៗ អ្នក​ដែល​ស្គាល់​ពួក​គេ​ទាំង​ពីរ មិន​ជឿ​ថា​នោះ​ជា​ការ​ពិត​នោះទេ ពោល​គឺ​ពួក​គេ​គិត​ថា អ្នក​នាង សារីណា លេង​សើច។ ប៉ុន្តែ​ក្រោយ​មក ភាគី​ខាង​ស្រី ក៏​បាន​បញ្ជាក់​ប្រាប់​ច្បាស់​ៗ អ្នក​នាង​មិន​យក​រឿង​គ្រួសារ​មក​លេង​សើច​លើ​ហ្វេសប៊ុក​នោះ​ទេ ពោល​គឺ​អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ គឺ​ជា​ការ​ពិត។

ចំពោះ​មូលហេតុ​នៃ​ការ​បែក​បាក់ អ្នក​នាង លុយ សារីណា បញ្ជាក់​ថា ដោយ​សារ​មាន​ពាក់​ព័ន្ធ​ពី​ក្រុម​គ្រួសារ​របស់ ស៊ុក សុភា។ ប៉ុន្តែ​នាង​មិន​បាន​អធិប្បាយលម្អិត​ថា​សាច់​រឿង​យ៉ាង​ណា​នោះ​ទេ គ្រាន់​តែ​ថា រយៈ​កាល​កន្លង​មក គឺ​អ្នក​នាង​ជា​អ្នកទ្រាំ​តែ​ម្នាក់​ឯង ធ្វើ​អី្វី​ក៏ខុស គឺ​ខុស​រហូត​។ ដូច្នេះ​ដល់​ពេល​ហើយ ដែល​នាង​សម្រេច​ចិត្ត​ឈប់​ទ្រាំ​ចំពោះ​រឿង​ទាំង​នោះ​ទៀត។

ដោយឡែក​លោក ស៊ុក សុភា គេ​មិន​ឃើញ​មាន​ការ​បក​ស្រាយ​ចំ​ៗ​លើ​មូលហេតុ​លែងលះ​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​ធ្លាយ​ដំណឹង​បាក់​បែក​គ្រួសារ​ប្រមាណ ២ខែ​មក​នេះ គេ​ស្រាប់​តែ​ឃើញ​លោក​បាន​មក​ដល់​កម្ពុជា​វិញ។ ដូច្នេះ​ហើយ​គេ​មិន​ដឹង​ថា ជា​ការ​ចែកចាន ចែក​ឆ្នាំង ចែក​ផ្លូវ​ជាមួយ​អូស្ត្រាលី​រហូត​ហើយ ឬ​ក៏​មក​លេង​សាច់​ញាតិ​មួយ​រយៈ​ណា​នោះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់