• 2021-10-26 08:43:27
  • ព័ត៌មាន

ក្រហើយ ត្រូវមានបន្ទុករ៉ាប់រងច្រើនទៀត! តារាកំប្លែង២ដួងនេះ ដាច់លុយពីហោប៉ៅ តែមិនដាច់កម្លាំងចិត្ដ

  • 2021-10-26 08:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថាមានវ័យ និងទីផ្សារការងារសិល្បៈខុសគ្នា ប៉ុន្ដែតារាកំប្លែងប្រុសទ២ដួង គឺតាចេក និងនាយតាក់ស៊ី កំពុងរស់ក្នុងជីវភាពខ្វះខាត និងក្រាញននៀលរកស៊ីចិញ្ចឹមជីវិតដោយបង្អង់ដៃដូចគ្នា។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺតារាទាំង២ដួង សុទ្ធតែមានអជម្រែកជីវិត ខណៈខ្លួនកំពុងយ៉ាប់យ៉ឺន។

និយាយពីតារាសម្ដែង និងកំប្លែងជើងចាស់ ឈុំ ប៊ុនឈឿន ហៅតាចេក។ លោក កំពុងជួបការលំបាកខាងជីវភាពខ្លាំងណាស់ដែរ ខណៈវ័យកាន់តែចាស់ ហើយការងារសិល្បៈក៏លែងសូវមាន ប៉ុន្ដែលោកនៅតែត្រដររស់ជាមួយនឹងមុខរបរលក់ដូរបន្ដិចបន្ដួចសម្រាប់ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្ដរមណីយដ្ឋានគិរីរម្យ។

ប៉ុន្ដែសព្វថ្ងៃនេះអ្នកដំណើរ និងភ្ញៀវទេសចរណ៍ដែកជាអតិថិជនរបស់តាចេក ស្រាប់តែលែងឃើញវត្ដមានរបស់លក់ដូង និងភេជ្ជៈទាំងនៅតាមផ្លូវចូលទៅលេងទឹក នៃរមណីយដ្ឋានគិរីរម្យ ខេត្ដកំពង់ស្ពឺ និងនៅម្ដុំរង្វង់មូលគួស្រូវ។ ការ្យបាត់មុខនេះ ត្រូវគេសង្ស័យថា លោកបានផ្លាស់ប្ដូរទីតាំងលក់ដូរ ខណៈទូរស័ព្ទរបស់លោកទាំងពីរប្រព័ន្ធមិនអាចទាក់ទងបាននៅថ្ងៃទី២៦ ខែតុលា។

កាលពីខែសីហា ឆ្នាំ២០២១ តាចេក និយាយតាមរយៈព័ត៌មានក្នុងស្រុកមួយថា ចំណូលមិនទៀងពីមុខរបរលក់ដូររបស់លោក ធ្លាប់ផ្អាកម្ដងហើយដោយសារតែតំបន់ដែលលោកលក់នោះផ្ទុះជំងឺកូវីដ-១៩។ ការផ្អាកកាលណោះបានធ្វើឲ្យលោកប៉ះពាល់ជីវភាពកាន់តែខ្លាំង ព្រោះមានអ្នករស់នៅក្នុងបន្ទុកលោកច្រើន។

តាចេក៖”ថ្ងៃមុនរអិលជើង ហើយត្រូវផ្លែដូងធ្លាក់សង្កត់លើបណ្ដាលឲ្យហើម ថ្លោះ ដើរសឹងតែមិនរួច។ សព្វថ្ងៃមានបន្ទុកត្រូវចិញ្ចឹមហ្នឹងរហូតដល់១១នាក់ ហើយភាគច្រើនសុទ្ធតែជាចៅ”។

យើងងាកមកចាប់អារម្មណ៍ចំពោះតារាកំប្លែងលោក ប៉ុល សារឿង ហៅនាយតាក់ស៊ីវិញម្ដង។ លោក ក៏កំពុងជួបបញ្ហាជីវភាពដែរ ត្បិតថាថ្មីៗកាលលាចាកសិក្ខាបទ លោកធ្លាប់មានឈ្មោះជាថៅកែលក់ដីឡូត៍ និងថៅកែបើកហ្គារាសលក់ឡាន ប៉ុន្ដែជាក់ស្ដែងពេលនេះ គឺលោកបានធ្លាក់ខ្លួនរស់នៅបន្ទប់ជួលតម្លៃ៦០ដុល្លារប៉ុណ្ណោះ ហើយរកម៉ូតូចាស់១គ្រឿងជិះក៏គ្មាន។

នៅពីក្រោយភាពហ៊ឺហា និងឈ្មោះជាថៅកែលក់ឡាន និងដីឡូត៍ក្នុងរយៈពេលខ្លីកន្លងមកនោះ ត្រូវបាននាយតាក់ស៊ីបកស្រាយថា អ្វីដែលមហាជនបានឃើញកន្លងទៅនោះ គឺគ្រាន់តែរូបភាពសម្ដែងឡើង ពោលគឺកាលណោះលោកគ្រាន់តែឈរឈ្មោះឲ្យហ្គារ៉ាស ឬក្រុមហ៊ុនដីឡូត៍គេប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានថ្មីៗនេះ នាយតាក់ស៊ី និយាយថា សព្វថ្ងៃលោកជាតារាកំប្លែងឯករាជ្យ គឺមិនជាប់កុងត្រាជាមួយCTN ដូចមុននោះទេ តែដោយការអាណិតពីថ្នាក់ដឹកនាំក្រុមកប្លែង ក៏អនុញ្ញាតឲ្យលោកថតជាមួយជាញឹកញយដែរ ទើបលោកបានប្រាក់គ្រាប់ដោះស្រាយជីវភាព ជាពិសេសសម្រាប់បង់ថ្លៃបន្ទប់ និងផ្ញើជូនម្ដាយចាស់ កំពុងមានជំងឺ។

នាយតាក់ស៊ី៖”ត្បិតថាបានចេញថតឡើងវិញខ្លះ តែមិនទាន់បានធូរដៃធូរជើងទេ ព្រោះខ្ញុំត្រូវចំណាយសព្វបែបយ៉ាង ហើយណាមួយខ្ញុំមានបន្ទុកត្រូវផ្ញើលុយជូនម្ដាយខ្លះ…គាត់កំពុងមានជំងឺនៅឯស្រុកកំណើត”។

បច្ចុប្បន្នតារាកំប្លែងនាយតាក់ស៊ី កំពុងជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង ក្នុងខណ្ឌឬស្សីកែវ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានីយទូរទស្សន៍CTN។ លោកត្អូញថា សព្វថ្ងៃនេះ កុំថាឡើយឡាន សូម្បីម៉ូតូចាស់១គ្រឿងគ្រាន់ជិះចេញថត ក៏គ្មានដែរ។ ពេលគេហៅថតម្ដងៗ កុំបាននាយក្រូចមកដឹក ហើយពេលខ្លះលោកត្រូវជួលកង់បីជិះចេញទៅដោយខ្លួនឯង តែលោកនៅតែតស៊ូក្នុងអាជីបនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់