- 2021-11-17 03:27:50
- ព័ត៌មាន
ផ្ដើមចេញពីក្មេងកំព្រា ជីវភាពតោកយ៉ាកហើយ តែ ភី សុគន្ធី នៅតែអាចរុញវង់ល្ខោនបាសាក់ខ្លួនឲ្យល្បី!
- 2021-11-17 03:27:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដើមចេញពីក្មេងកំព្រា ជីវភាពតោកយ៉ាកហើយ តែ ភី សុគន្ធី នៅតែអាចរុញវង់ល្ខោនបាសាក់ខ្លួនឲ្យល្បី!
ចន្លោះមិនឃើញ
បើនិយាយពីល្ខោន ប្រហែលជាប្រិយមិត្ដភាគច្រើនបានស្គាល់ច្បាស់ជាងគេ គឺវង់ល្ខោនបាសាក់ ភី សុគន្ធី ខេត្ដតាកែវ។ ថៅកែស្រី នៃវង់ល្ខោននេះ បានតស៊ូក្នុងអាជីពសម្ដែងផង និងដឹកនាំសម្ដែងផងប្រមាណ៣០ឆ្នាំ ដោយផ្ដើមចេញពីជីវិតក្មេងកំព្រាដ៏កម្សត់ម្នាក់។
លោកស្រី ភី សុគន្ធី ធ្លាប់និយាយនៅក្នុងសិក្ខាសាលាមួយថា លោកស្រី មានម្ដាយជាអ្នកសិល្បៈផ្នែកល្ខោន ហើយឪពុកជាយោធា ប៉ុន្ដែគាត់ត្រូវកំព្រាឪពុកតាំងពីមុនអាយុ១៥ឆ្នាំ។ ក្រោយមក ម្ដាយ និងរូបគាត់ បានមករស់នៅជាមួយជីតា។ ដោយជីវភាពខ្វះខាត និងទ័លដៃទ័លជើងផងនោះ លោកស្រីក៏សម្រេចចិត្ដឈប់រៀន ហើយចាប់ផ្ដើមចូលសម្ដែងក្នុងវង់ល្ខោនជាមួយម្ដាយតាំងពីអាយុ១៥ឆ្នាំ។ ទើបក្រោយមកទៀត នាងបានក្លាយខ្លួនជាថៅកែ”វង់ល្ខោន ភី សុគន្ធី” តែម្ដង។
ភី សុគន្ធី៖”ដោយសារជីវភាពក្រក្សត់ រៀនសូត្របានតិចតួចណាស់! តែដោយមាននិស្ស័យខ្ញុំក៏ប្រឡូកក្នុងអាជីពសម្ដែងល្ខោនរហូតមកសព្វថ្ងៃ។ ពីមុនខ្ញុំបារម្ភ…មិនថាភាពយន្ដ ល្ខោន អាយៃ ឬចាប៉ីទេ ថាវានឹងត្រូវធ្លាក់ តែខ្ញុំខិតខំជាមួយបងស្រី ថាធ្វើម៉េចឲ្យបងប្អូនទស្សនាហើយកុំងើបចោលយើង ហើយនៅតែជួលយើង”។
យុទ្ធសាស្ដ្រដែលលោកស្រី និងបងស្រី ធ្វើ គឺការនិពន្ធសាច់រឿងឲ្យត្រូវទៅនឹងសម័យកាលនីមួយៗ តែក៏មិនចោលសាច់រឿងបុរាណដែរ។ លោកស្រីថា ធ្វើបែបនេះហើយ ទើបវង់ល្ខោនលោកស្រីនៅល្បី ហើយឈរជើងនឹងក្នុងនាមជាវង់ល្ខោនបាសាក់នាំមុខគេនៅកម្ពុជា។
តាមពិតអ្វីដែលលោកស្រីមានប្រសាសន៍នេះ គឺធ្វើឡើងតាំងពីឆ្នាំ២០១៥ ប៉ុន្ដែត្រូវបានអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកលេងTik Tok យកវីដេអូនេះមកបង្ហោះឡើងវិញថ្មីៗនេះ ដោយការស្រឡាញ់គំនិតអភិរក្សល្ខោនបាសាក់ និងជីវិតតស៊ូ ព្រមទាំងភាពជោគជ័យរបស់លោកស្រី។
គិតត្រឹមឆ្នាំ២០២១ នេះ ថៅកែស្រីវង់ល្ខោនបាសាក់ ភី សុគន្ធី មានវ័យជាង៥០ឆ្នាំទៅហើយ ហើយគិតមកដល់ពេលនេះលោកស្រីបាននិពន្ធ និងដឹកនាំសម្ដែង ព្រមទាំងសម្ដែងដោយខ្លួនឯង ដើម្បីជូនបងប្អូនទស្សនាមិនក្រោម៣០០រឿង ឬ៣០០យប់ឡើយ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ខាងសិល្បៈកម្សាន្ដ អ្នកទស្សនាចាប់ផ្ដើមចូលរោងកុន ឬទស្សនារឿងផ្សេងៗតាមបច្ចេកវិទ្យាទំនើប ច្រើនជាងជួលល្ខោនដើម្បីទស្សនា។
ដើម្បីសម្របទៅតាមការអភិវឌ្ឍន៍សង្គមនេះ គេក៏ឃើញថៅកែវង់ល្ខោនបាសាក់ បង្កើតវង់តន្ដ្រីសម័យដែរ។ ប៉ុន្ដែលោកស្រី ភី សុគន្ធី នៅតែអភិរក្សទម្រង់ល្ខោនបាសាក់របស់ខ្លួនដដែល ដោយលោកស្រីបញ្ជាក់ថា ប្រិយមិត្ដ ជាពិសេសបង្អូនខ្មែរយើងនៅតាមទីជនបទនៅតែនិយមគាំទ្រ និងជួលល្ខោនរបស់លោកស្រីទៅលេងដដែល៕