• 2021-11-25 01:00:00
  • ព័ត៌មាន

ថ្ងៃមុនស្ទើរផ្ទៀងដីខេត្ដបាត់ដំបង! មនុស្សម្នារឧទ្ទិសចំពោះ សហស្ថាបនិកអង្គការហ្វា លោក ស្រី បណ្ដូល

  • 2021-11-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ ស្រី បណ្ដូល ដែលជាសហស្ថាបនិកសមាគមហ្វាពន្លឺសិល្បៈ នៅតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់កូនខ្មែររាប់ពាន់នាក់ បើទោះបីជាលោកបានចែកឋានទៅហើយកាលពីអំឡុងខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ ទឹកចិត្ដរបស់មហាជននេះ ស្ដែងឡើងនៅក្នុងពិធីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក និង​អបអរខួប២៧ឆ្នាំ នៃ​ការបង្កើតអង្គការនេះ​ឡើង។

ពិធីនេះ បាន​រៀបចំឡើង​ក្រោម​អធិបតីភាពរបស់ភិបាលខេត្ដបាត់ដំបងថ្មី គឺឯកឧត្ដម សុខ លូ និង​នាយកប្រតិបត្ដិអង្គការហ្វាពន្លឺសិល្បៈ គឺលោក​ Osman Khawaja​ នៅក្នុងបរិវេណសាលាហ្វាពន្លឺសិល្បៈ ខេត្ដបាត់ដំបង កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិការ ឆ្នាំ២០២១។

ក្នុងឱកាសនោះ​លោក Osman Khawaja​ ថ្លែងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលក្រុមការងាររបស់ទាំងអស់បានមករួមគ្នាដើម្បីផ្តល់កិត្តិយសប្រកបដោយភាពច្នៃប្រឌិត ភាពស្រស់ស្អាត ដ៏សក្តិសមដល់វីរបុរសនៃវប្បធម៌ខ្មែរពិតប្រាកដ។ លោកថា លោកគ្រូ ស្រី បណ្ដូល គឺជាឥស្សរជនដ៏សំខាន់បំផុត១រូបនៅក្នុងវិស័យសិល្បៈសហសម័យរបស់កម្ពុជា។

Osman Khawaja​៖"តាមរយៈអង្គការហ្វារពន្លឺសិល្បៈជាអង្គការដែលលោកបានចូលរួមបង្កើតឡើង បានធ្វើឱ្យមានការជះឥទ្ធិពលយូរអង្វែងមួយនៅក្នុងសហគមន៍សិល្បៈផងដែរ"។

នៅក្នុងឱកាសនោះដែរ អភិបាល នៃគណៈភិបាលខេត្ដបាត់ដំបងឯកឧត្តម សុខ លូ ក៏បានចូលរួមបរិច្ចាគយ៉ាងសប្បុរសមកកាន់ហ្វារ ដើម្បីបន្តកេរដំណែលរបស់លោកគ្រូ បណ្តូលតទៅទៀត។

លោកគ្រូ ស្រី បណ្តូល បានបន្សល់ទុកនូវភាពសោកសង្រេងសម្រាប់មនុស្សជុំវិញពិភពលោក ចំពោះលោកជាអ្នកជួយស្ដារវិស័យសិល្បៈ និងវប្បធម៌ដល់ប្រទេសកម្ពុជា ក្រោយពីសង្គ្រាម។ ការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះរួមមានកម្មវិធីដូចជា៖ ការរំលឹកអនុស្សាវរីយ៍ដែលបានចែករំលែកដោយក្រុមគ្រួសាររបស់លោក កំណាព្យ ចម្រៀង ផ្សាយផ្ទាល់ការគូរគំនូរ ការសម្តែងសៀក និងការសម្តែងរបាំ ដែលបានបង្ហាញឲ្យឃើញអំពីទេពកោសល្យសិល្បៈដែលគាត់បានជួយបណ្តុះបណ្តាលនៅទូទាំងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ នេះ បាន បញ្ចប់ ដោយការអុជភ្លើង ទៀន ចំនួន ២៥០ដើម ដើម្បី បំភ្លឺ ផ្កា ឈូក ដ៏ ធំ មួយ ដែល បាន បង្កើត ឡើង នៅ ចំ កណ្តាល បរិវេណ សាលាហ្វារ។ គោម ក្រដាស ត្រូវ បាន ដុតបង្ហោះឡើង ទៅលើ មេឃ ដែលមានផ្កាយរះព្រោងព្រាត ដើម្បី បង្ហាញការអបអរសាទរ និង ទទួលយកការបួងសួង ពី ភ្ញៀវដែលមានវត្តមានទាំងអស់។ ពិធី គោរព វិញ្ញាណក្ខន្ធ នេះមានភ្ញៀវចូលរួមដោយផ្ទាល់ ប្រហែល ៥០០ នាក់ និងមនុស្ស ជាង ៧០០០ នាក់ ទៀត បាន ចូល រួម តាម អនឡាញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់