• 2021-12-15 04:27:42
  • ព័ត៌មាន

កុំឆ្ងល់…ចាប់ពីឥឡូវនេះទៅ ករុណា ពេជ្រ ចេញ ចូលប្រទេសបារាំងញឹកបន្ដិចហើយ!

  • 2021-12-15 04:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគម្រោង តារាចម្រៀងប្រុស ករុណា ពេជ្រ ចេញទៅបារាំងនៅថ្ងៃទី២០ ខែធ្នូ នេះហើយ ដើម្បីសួរសុខទុក្ខម្ដាយដែលកំពុងមានជំងឺត្បៀតសរសៃឈាមខួរក្បាល។ សម្រាប់ដំណើរទៅកាន់ប្រទេសបារាំងលើកទី៥នេះ លោកថានឹងសម្រាកនៅទីនោះរយៈពេល៣សប្ដាហ៍។

តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ បានប្រាប់Sabay នៅថ្ងៃទី១៥ ខែធ្នូ ថា រូបលោកនឹងចុះមកស្រុកខ្មែរវិញ ក្រោយសម្រាកនៅបារាំងបានជិត១ខែ ដើម្បីធ្វើបុណ្យខួបគម្រប់១០០ថ្ងៃ ជូនលោកឪពុករបស់លោករយៈពេល២ ឬ៣ថ្ងៃ ទើបលោកឡើងទៅប្រទេសបារាំងវិញ។

លោកពុំមានគម្រោងរស់នៅអចិន្ដ្រៃយ៍នៅប្រទេសបារាំង ដើម្បីមើលថែម្ដាយនោះទេ ប៉ុន្ដែលើកនេះលោកសុំvisa បានរយៈពេល១ឆ្នាំពេញ ទើបលោកមានឱកាសបានរស់នៅប្រទេសបារាំង និងមើលថែម្ដាយបានយូរជាងរាល់ដង។

ករុណា ពេជ្រ៖”មុនៗ…ខ្ញុំសុំVisa គេបានកន្លះខែ ១ខែ តែលើកនេះម៉ាក់ខ្ញុំឈឺ គាត់អត់ទៅណារួច ទើបខ្ញុំដាក់ឯកសារសុំគេ(ស្ថានទូតបារាំង) រៀងយូរបន្ដិច ហើយឥឡូវគេឲ្យបាន១ឆ្នាំ។ ខ្ញុំអត់មានគម្រោងទៅរស់នៅហ្មងទេ! បើឡើងចុះៗបាន ព្រោះមានការងារនៅនេះ(កម្ពុជា)ច្រើន”។

អ្នកគាំទ្រតារាចម្រៀង ករុណា ពេជ្រ កោតសរសើរនូវទឹកចិត្ដកត្ដញ្ញូរបស់លោក ចំពោះឪពុក-ម្ដាយ ព្រោះគេឃើញលោកបានមើលថែឪពុកយ៉ាងយកចិត្ដទុកដាក់លុះដល់ដង្ហើមចុងក្រោយ។ ត្បិតថាឪពុករបស់លោកបានចែកឋានទៅអស់រយៈពេលជិត២ខែទៅហើយក្ដី ប៉ុន្ដែលោកនៅតែមិនទាន់ធ្វើចិត្ដបាន១០០% ចំពោះការបាត់បង់មួយនេះ។

បច្ចុប្បន្នលោក នៅសល់ម្ដាយដែលមានជំងឺលើសឈាម ឬត្បៀតសរសៃឈាមខួក្បាលដូចឪពុករបស់លោកដែរ ទើបលោកចង់ឡើងចុះបារាំង-ខ្មែរ ឲ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខម្ដាយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់