• 2021-12-17 02:50:00
  • ព័ត៌មាន

សាយ សៀរ៉ា ស្រក់ទឹកភ្នែក ក្រោយដឹងបញ្ហាឪពុក និងម្ដាយ ឥឡូវសង់វីឡាជូនគាត់អស់ខ្ទង់៦ម៉ឺនដុល្លារ

  • 2021-12-17 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះឈើប្រក់ស្ទូវ ហើយក្រោយមកបានប្ដូរទៅជាប្រក់ស័ង្គសីវិញ របស់គ្រួសារតារាសម្ដែង សាយ សៀរ៉ា ធ្លាប់ជ្រកកោនអស់រយៈពេលជាង៥០ឆ្នាំមកហើយនោះ បានរុះរើទាំងស្រុង ដើម្បីសង់ផ្ទះថ្មីជំនួស។ ត្បិតថាមិនទាន់មានលុយច្រើននៅក្នុងដៃ ប៉ុន្ដែតារារូបនេះ សុខចិត្ដលក់ខ្ចេចលក់ខ្ទីនូវទ្រព្យជាប់ខ្លួន ដើម្បីគង្គ្រប់លុយធ្វើផ្ទះនេះ។

លោក សាយ សៀរ៉ា បានសម្រក់ទឹកភ្នែក រួចនិយាយទាំងអួលដើមកថា ឪពុក និងម្ដាយលោកដែលមានវ័យជរាហើយនោះ មានការអត់ធ្មត់ខ្លាំងក្នុងការហូបចុក និងការរស់នៅប្រចាំថ្ងៃ គឺមិនដែលត្អូញត្អែសូម្បីតែមួយម៉ាត់ប្រាប់បងប្អូនជិតខាង និងកូនៗឲ្យដឹងពីទុកលំបាករបស់គាត់ឡើយ។ ប៉ុន្ដែការពិតត្រូវ ត្រូវបានលាតត្រដាងក្នុងថ្ងៃបុណ្យភ្ជុំដែលលោកគេងនៅផ្ទះ ហើយចំថ្ងៃភ្លៀងផងនោះ ក៏ឃើញឪពុកម្ដាយងើបត្រង់ទឹកភ្លៀងទាំងកណ្ដាលយប់ដែលស្រក់ចេញពីដំបូលផ្ទះស្ទើរគ្រប់កន្លែងនោះ។

លោកទើបដឹងថា គ្រប់ពេលដែលមានភ្លៀងធ្លាក់ លោកឪពុក និងម៉ែ តែងតែក្រោករើម៉ុងភួយពីកន្លែងមួយទៅកន្លែងមួយ ដើម្បីគេចចេញតំណក់ទឹកភ្លៀង មិនថាកណ្ដាលយប់ ឬពេលណាក៏ដោយ។ បញ្ហាជម្រក និងការហូបចុកពេលខ្លះនោះ ត្រូវបានលោកទាំងពីរលាក់លោកដែលជាកូនក្នុងបន្ទុកយ៉ាងជិតរបស់រយៈពេលជាច្រើនខែមកហើយ។

សាយ សៀរ៉ា៖”អ្នកក្រៅមើលមកគ្រួសារខ្ញុំថាគ្រាន់ណាស់…តែការពិតអត់ទេ! រយៈពេលជិត២ឆ្នាំ ខ្ញុំអត់បានទៅផ្ទះ ដោយសារបញ្ហាកូវីដ នោះ ដល់ពេលភ្ជុំឆ្នាំនេះខ្ញុំទៅ ស្រាប់តែដឹងការពិតហ្មង…ប៉ា និងម៉ែខ្ញុំគាត់ប៉ិនទ្រាំណាស់ ខ្ញុំអាណិតគាត់ ហើយខ្ញុំសម្រេចថាលះបង់គ្រប់យ៉ាងដើម្បីបំពេញក្ដីសុខរបស់អ្នមានគុណទាំងពីរ”។

បើតាមលោក សាយ សៀរ៉ា ផ្ទះវីឡាកូនកាត់ ទំហំ៨ម៉ែត គុណនឹង១២ម៉ែត្រ ដែលលោកគ្រោងសង់ជូនឪពុក-ម្ដាយ នៅស្រុកកំណើតក្នុងស្រុកស្រីសន្ធរ ខេត្ដកំពង់ចាមនោះ គិតត្រួសៗអស់ប្រាក់ប្រហែល៦ម៉ឺនដុល្លារ។ ផ្ទះនេះនឹងចាប់ផ្ដើមសង់នៅចុងខែធ្នូ ឆ្នាំ២០២១ នេះហើយ។

ប្រាក់សម្រាប់សង់ផ្ទះ គឺជាបន្ទុករបស់លោកទាំងស្រុង ព្រោះបងប្អូនបានរៀបការរស់នៅបែកផ្ទះអស់ហើយ ហើយលោកដែលជាកូននៅលីវ ត្រូវរ៉ាប់រងមើលថែអ្នកមានគុណទាំងពីរ។ លោកបង្ហើបថា ចំពោះប្រភពចំណូលពីសិល្បៈបានគ្រាន់បើជាងមុន ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មកលោកចាប់ផ្ដើមមានការងាររហូត។

ទោះជាយ៉ាងណាលោកថា បើលុយដែលមាននៅក្នុងដៃ និងចំណូលប្រចាំខែមិនអាចគ្រប់ថ្ងៃសង់ផ្ទះនោះទៀត គឺលោកសុខចិត្ដលក់ដីលោកមួយកន្លែងនៅម្ដុំចោមចៅ និងឡានលោកជិះរាល់ថ្ងៃ ដើម្បីធ្វើផ្ទះនេះឲ្យហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់