• 2021-12-17 02:59:09
  • ព័ត៌មាន

ការពិតពីក្រោយការរំលាយ 2NE1 ក្រុមនារីឆ្នើមលំដាប់ Legend ប្រចាំ K-Pop

  • 2021-12-17 02:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាក៏ដឹង​ដែរថា​ 2NE1 គឺជាក្រុម​ចម្រៀងដែលឆ្នើម និង Unique ប្រចាំ​វិស័យ K-Pop ហើយ​គ្រប់ស្ទីល​ដែលពួកគេបាន​បង្ហាញ គឺ​គ្មាន​ពីរទេ។ គិតតាំងពីឆ្នាំ ២០០៩ មក ក្រុម​នេះ​ស៊ូ​ខ្លាំង​ណាស់ ហើយរួមគ្នាជម្នះគ្រប់រឿង ប៉ុន្តែគួរ​ឲ្យស្ដាយនៅ​ឆ្នាំ ២០១៦ ពួកគេក៏សម្រេច​រំសាយក្រុម​ចោល​តែម្ដង។

ព័ត៌មានជុំវិញ​ការ​បំបែក​ក្រុម​ ជារឿង​មួយដែល​អ្នគគាំទ្រ​តែង​លើកយក​មក​និយាយ ព្រោះគ្រប់គ្នាមិនអស់ចិត្តឡើយ ទាក់ទង​នឹងមូលហេតុដែល YG សុខចិត្តឱបដៃឈរមើលក្រុម​ដែល​ល្បីមួយនេះរំលាយងាយៗ។

ឆ្នាំ ២០១៤ Park Bom ជាប់ពាក់ព័ន្ធ​នឹង​ព័ត៌មានអាស្រូវ រហូតប៉ះពាល់ខ្លាំង​ដល់អាជីពសិល្បៈ ពិសេស​ក្រុម ជាហេតុនាង​ត្រូវ​បាត់មុខមួយរយៈធំ។ រហូត​ឆ្នាំ ២០១៥ 2NE1 ក៏ស្រាប់តែ​បង្ហាញ​មុខ លើឆាក MAMA គួរ​ឲ្យភ្ញាក់ផ្អើល ធ្វើឲ្យអ្នកគាំទ្រ​រំភើប​សឹងគាំងបេះដូងទៅហើយ។

ដោយឡែក​ក្រោយមកចូលដល់ Minzy ម្ដង ដែល​នាង​បាន​ប្រកាសថា​ ចប់កុងត្រាជាមួយនឹង YG។ ប្រការនេះ Yang Hyun Suk ដែលកាលនោះជា CEO បាន​សរសេរលិខិតសុំទោសអ្នកគាំទ្រ ហើយច្រានចោលព័ត៌មាន​ដែល​ថា​ 2NE1 នឹងត្រូវ​បំបែក ហើយសន្យាថាក្រុម​នឹង​វិលវិញ​នៅឆ្នាំ ២០១៦ ជាមួយនឹង​សមាជិក ៣នាក់។ ប៉ុន្តែអ្វី​ដែល​អ្នកគាំទ្រខកចិត្តនោះគឺ ចុងឆ្នាំ ២០១៦ មិនមែន​ជាការ Comeback តែបែរជាចេញព័ត៌មាន​បំបែកក្រុមទៅវិញ។

ដោយសារតែពេលនោះ ឮថាត្រូវត្រៀមអាល់ប៊ុមថ្មី ដូច្នេះសមាជិកទាំង ៣​ក៏ផ្អាកសកម្មភាពការងារទោល ដើម្បីផ្ដោតលើការងាររួម ប៉ុន្តែចុងក្រោយបែរជាត្រូវរំសាយគ្រប់យ៉ាងចោលទាំងស្រុង ទោះ Yang Hyun Suk ព្យាយាមជួយយ៉ាងណាក៏មិនអាចទៅរួច។ មួយវិញ ដោយសារ Park Bom មាន​បញ្ហា​សុខភាពផង ពិសេស​ផ្លូវចិត្តមិនទាន់ស្រួល ទើប​ការសម្រេចបំបែក​ក្រុមត្រូវ​បាន​អនុវត្តតែម្ដង។ ទោះជាយ៉ាងណា ក៏ក្រុមបាន​បន្សល់ទុកនៅបទ​ចុងក្រោយគឺ «Goodbye» ហើយទោះ​ Minzy មិនបាន​រួមច្រៀងជាមួយសមាជិក ៣នាក់ទៀត ក៏ YG ដាក់រូបនាងខ្លះក្នុងវីដេអូដែរ។

សម្រាប់ CL វិញ ធ្លាប់បាននិយាយក្នុងបទសម្ភាសថា នាង​ពិតជាឈឺចាប់ណាស់ ពេល​រឿងនេះ​កើតឡើងភ្លាម ប៉ុន្តែ​យ៉ាងណាក៏ត្រូវ​បត់បែន​តាមនោះ។ ម្យ៉ាងពេល​នេះ​នាងក៏មាន​ពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងពេលវេលាសម្រាប់ការងារទោលរបស់នាងដែរ។

ទោះជាយ៉ាងណា អ្នកគាំទ្រនៅតែសង្ឃឹម​ថា​ ថ្ងៃណាមួយ 2NE1 នឹង​អាច​វិលជុំគ្នាវិញ ដើម្បីអ្នកគាំទ្រដែល​ស្រឡាញ់រាប់ឆ្នាំ៕

ប្រភព៖ Kenh14

មតិយោបល់
អត្ថបទថ្មី