- 2022-01-12 08:16:02
- ព័ត៌មាន
ស្ដាប់សម្ដី ខាត់ សុឃីម នឹកដល់បញ្ហាធ្លាក់ដាបផ្នែកសិល្បៈកម្សាន្ដរយៈពេលជាង២ឆ្នាំដោយសារកូវីដ-១៩
- 2022-01-12 08:16:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់សម្ដី ខាត់ សុឃីម នឹកដល់បញ្ហាធ្លាក់ដាបផ្នែកសិល្បៈកម្សាន្ដរយៈពេលជាង២ឆ្នាំដោយសារកូវីដ-១៩
ចន្លោះមិនឃើញ
តារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានដាស់ស្មារតីអ្នកសិល្បៈមួយចំនួនដែលកំពុងមានឱកាសកើបលុយតាមរយៈអាជីពចម្រៀង និងសម្ដែងរបស់ខ្លួន ដោយប្រាប់ឲ្យចេះទុកដាក់លុយកាក់ ឬចាយវាយត្រូវខ្ទង់ ដើម្បីធានាដល់លំនឹងសេដ្ឋកិច្ចក្រែងមានហានិភ័យអ្វីកើតឡើង។
តារាស្រីសម្បូរវោហាររូបនេះ បានបង្ហោះរូបថតមួយសន្លឹកដោយមានភ្ជាប់នូវសារខ្លីមួយនៅលើបណ្ដាញសង្គមFacebook នៅរសៀលថ្ងៃទី១២ ខែមករា នេះថា៖ “អ្នកសិល្បៈទាំងឡាយ រកលុយបានខំសន្សំទុកកុំចាយវាយខុសខ្ទង់ បំណងល្អពី អូមេក្រុង”។
សារដាស់តឿនរបស់ ខាត់ សុឃីម នេះ ធ្វើឲ្យគេនឹកឃើញដល់បញ្ហាដំណើរការសេដ្ឋកិច្ច ត្រូវរាំងស្ទះស្ទើរគ្រប់វិស័យដោយការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ជាពិសេសប៉ះពាល់ដល់ផ្នែកសិល្បៈកម្សាន្ដរយៈពេលជាង២ឆ្នាំ ពោលគឺនៅចុងឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១។
ទើបនៅដើមឆ្នាំ២០២២ នេះ លំហូរសេដ្ឋកិច្ចផ្នែកសិល្បៈកម្សាន្ដមានសភាពល្អប្រសើរឡើងវិញ ដោយតារាចម្រៀង តារាសម្ដែង កំប្លែង និងពិធីករ-ពិធីការិនីភាគច្រើនចាប់ផ្ដើមមានទីផ្សារការងារឡើងវិញ។ ប៉ុន្ដែក៏មានតារាមួយចំនួនក៏មិនទាន់អាចរកចំណូលបានច្រើន ឬពេញលេញដូចមុនដែរ។
សូមរំលឹកថា រយៈពេលជាង២ឆ្នាំ នៃការអូសបន្លាយវិបត្ដិជំងឺកូវីដ-១៩ អ្នកនាង ខាត់ សុឃីម បានជួបបញ្ហាខាតបង់ ឬប្រឈមនឹងបញ្ហាជាច្រើនមិនធ្លាប់មានក្នុងអាជីពសិល្បៈរបស់ខ្លួនច្រើនឆ្នាំមកនោះ។ កាលណោះ អ្នកនាង បានលក់គ្រឿងសម្អាងការចេញ ក្រោមហេតុផលពង្រីកមុខរបរផ្សេង ប៉ុន្ដែក្រោយមកក៏លេចវីដេអូមួយទៀតដែលអ្នកនាងថតឡានដឹកឆាកតន្ដ្រី និងឧបករណ៍តន្ដ្រី ត្រូវច្រេះចាប់ និងទទឹកខូចដោយសារទុកចោលយូរពេកមិនបានចេញលេង។
អ្នកនាង ខាត់ សុឃីម អាចចាត់ទុកថាជាអ្នកសិល្បៈធ្លាក់ចំណូលស្ទើរទាំងស្រុង រហូតហៅលែងឮនៅអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩។ ថ្មីៗនេះ ក្រសួងសុខាភិបាលបានរកឃើញវត្ដមានមេរោគកូវីដ-១៩ បំឡែងថ្មីឈ្មោះ អូមីក្រុង កាន់តែច្រើនករណីនៅកម្ពុជា ទើបតារាស្រីរូបនេះបង្ហាញក្ដីបារម្ភ ហើយបានបញ្ចេញសារបែបលេងសើច ប៉ុន្ដែបង្កប់នូវអត្ថន័យជ្រាលជ្រៅ ក្នុងន័យឲ្យអ្នកសិល្បៈគ្រប់រូបត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមថ្មីនេះ៕