• 2022-01-18 04:42:54
  • ព័ត៌មាន

រ៉េត ស៊ូហ្សាណា រម្លឹកអនុស្សាវរីយ៍ជាមួយកូនប្រុសទី២ ព្រាប សុវត្ថិ ទាំងដែលខ្លួនថាបេះដូងមិនទំនេរ

  • 2022-01-18 04:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេង២ដួងរបស់ផលិតកម្មហង្សមាស គឺលោក សុវត្ថិ មុន្នីនាគ និងកញ្ញា រ៉េត ស៊ូហ្សាណា ធ្លាប់ចាប់ដៃគូរច្រៀងរួមគ្នាក្នុងបទ “សង្ស័យ” និងបទ “សុំខុសមួយយប់”។ តាមរយៈសកម្មភាពថតសំឡេង និងសម្ដែងក្នុងMV ទាំងពីរបទនេះ បានធ្វើឲ្យតារាវ័យក្មេងទាំងពីរដួងមានអនុស្សាវរីយ៍ច្រើនជាមួយគ្នា។

ប៉ុន្ដែអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះ មិនបានគិតអ្នកទាំងពីរត្រឹមតែមានសម្ព័ន្ធភាពល្អក្នុងសិល្បៈទេ គឺនៅក្រៅឆាកក៏ល្អដែរ ដោយអ្នកខ្លះនិយាយថា៖ “សមគ្នាណាស់ រៀបការជាមួយគ្នាទៅ”។ មិត្ដភក្ដិ និងអ្នកគាំទ្រ បានបន្ទរសារទាំងនេះក្រោយពីកញ្ញា រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូក្រៅឆាកមួយរំលឹកអនុស្សាវរីយ៍កាលថតបទ “សុំខុសមួយយប់” ជាមួយកូនប្រុសទី២ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីនាគ។

កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះវីដេអូខ្លីមួយតាមបណ្ដាញសង្គមTik Tok កាលពីថ្ងៃទី១៧ ខែមករា ថា “វា ជាការចងចាំដ៏ល្អបំផុតមួយ ជាមួយបងនាគ”។ ប៉ុន្ដែការបង្ហោះនេះ ក្នុងន័យរំលឹកអនុស្សាវរីយ៍ធម្មតាជាមួយដៃគូរចម្រៀងរបស់ខ្លួន ឬមានអ្វីលើសពីនេះ ក៏នៅតែជាមន្ទិលរបស់មហាជនដែរ ខណៈដែលសាមីខ្លួនមិនទាន់ចេញមុខបញ្ជាក់។ ប៉ុន្ដែកញ្ញា ធ្លាប់បង្ហាញរូបកាន់ដៃសង្សារនៅសួនផ្កាមួយ តែមិនបង្ហាញមុខឡើយ។

អ្វីដែលបានលេចឡើងនៅពេលនេះ គឺស្រដៀងគ្នាទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីមុនដែរ ដោយគេបានជជីកសួរ ថាតើកញ្ញាមានម្ចាស់បេះដូង ឬទៅ? ចំពោះសំណួរនេះកញ្ញា ឆ្លើយថា បេះដូងកញ្ញាមិននៅទំនេរទេ។ តាមរយៈចម្លើយនេះ គេអាចកាត់យល់បានថា កញ្ញា រ៉េត ស៊ូហ្សាណា ពុំមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយ សុវត្ថិ មុន្នីនាគ នោះទេ ពោលគឺអ្វីដែលកញ្ញារំលឹកឡើងក្នុងនាមជាមិត្ដរួមអាជីពប៉ុណ្ណោះ។

កញ្ញា រ៉េត ស៊ូហ្សាណា អាចចាត់ទុកបានថាជាតារាចម្រៀងស្រីវ័យក្មេងមានរូបសម្រស់ល្អឆើតម្នាក់ក្នុងផលិតកម្មហង្សមាស។ តាមរយៈសមត្ថភាពក្នុងអាជីពចម្រៀង និងរូបសម្រស់ដ៏ប្រពៃនេះ កញ្ញាទទួលបានការចោមរោមស្រឡាញ់ពីបុរសៗ ប៉ុន្ដែកញ្ញាមិនធ្លាប់មានរឿងអាស្រូវស្នេហាជាមួយបុរសម្នាក់ទេ ចាប់តាំងពីកញ្ញាប្រឡូកក្នុងសិល្បៈប៉ុន្មានឆ្នាំមកនេះ ខណៈដែលប៉ា-ម៉ាក់ តែងតែប្រកៀកនាងស្ទើរគ្រប់ជំហាន៕

ជិន សុភ័ក្ដ្រ

មតិយោបល់