• 2022-01-23 10:39:50
  • ព័ត៌មាន

Miss Universe Cambodia បង្កើតជំនួបមិនធ្លាប់មានមួយសម្រាប់បវរកញ្ញាចក្រវាលទាំង៤ជំនាន់

  • 2022-01-23 10:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួបដ៏កម្រមួយរបស់បវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមករា នេះ នាផ្សារទំនើបអូឡាំព្យា។ ជំនួបនេះ បានផ្ដោតសំខាន់លើការចែករំលែកបទពិសោធន៍ប្រកួតនៅក្រៅប្រទេស ព្រមទាំងឲ្យឲ្យបវរកញ្ញាទាំង៤រូប បង្ហាញស្នាមអនុស្សាវរីយ៍ខ្លួនទាំងនៅក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ។

អង្គុយអមដោយអ្នករៀបចំកម្មវិធីMiss Universe Cambodia និងអ្នកឧបត្ថម្ភកម្មវិធីធំ កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា កញ្ញា រ៉េត ហ្សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញបទពិសោធមន៍ និងអនុស្សសាវរីយ៍រៀងៗខ្លួន។ ប៉ុន្ដែដែលអ្នកចូលរួមចាប់អារម្មណ៍ខ្លាំងនោះ គឺបវរកញ្ញារាងតូចច្រឡឹងទាំង៤រូប បានបង្ហាញភាពជោគជ័យរបស់ខ្លួនលើវិថីសិល្បៈលើសពីការរំពឹងទុក ក្រោយពីបានគ្រងមកុដតំណាងជាតិ។

បវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និយាយថា ដំបូងឡើងកញ្ញា ត្រឹមជាពិធីការិនី និងសម្ដែងក្នុងស្ពតពាណិជ្ជកម្មម្ដងម្កាល ប៉ុន្ដែបច្ចុប្បន្នកញ្ញាមានមុខមានមាត់ក្នុងសង្គមសិល្បៈ រហូតទទួលបានការងារសិល្បៈជាច្រើនទាំងការងារថតខ្សែភាពយន្ដ និងថតស្ពតពាណិជ្ជកម្ម។

កញ្ញា រឿន ណាត៖ “អ្វីដែលនាងខ្ញុំចងចាំបំផុត គឺថ្ងៃជួបជុំប្រកួតជាមួយប្រទេសដទៃៗ ហើយយើងបានចែករំលែកបទពិសោធន៍គ្នា បង្ហាញពីប្រពៃណីគ្នាទៅវិញទៅមក ហើយខ្ញុំបានយល់កាន់តែច្បាស់ពីប្រពៃណីរបស់យើង និងជាតិសាសន៍ដទៃកាន់តែច្បាស់ តាមរយៈឈុតស្លៀកពាក់របស់គាត់”។

ចំណែកនាយកប្រតិបត្ដិក្រុមហ៊ុន CIM និងជាអ្នករៀបចំកម្មវិធីMiss Universe Cambodiaលោក ម៉ែន និមលរតន៍ លើកឡើងថា នេះជាឱកាសមិនធ្លាប់មានសម្រាប់បវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់ ជួបជជែកគ្នា ដើម្បីចែករំលែកបទពិសោធន៍ និងអនុស្សវរីយ៍ទៅកាន់អ្នកបេក្ខភាពតំណាងកម្ពុជាសម្រាប់ឆ្នាំក្រោយទៀតៗ ព្រមទាំងប្រាប់ទៅកាន់អ្នកគាំទ្រពួកគេ តាមរយៈការLive ផ្ទាល់របស់Page Miss Universe Cambodia និងតាមបណ្ដាញសារព័ត៌មានជាច្រើនទៀត។

បើតាមលោក ម៉ែន និមលរតន៍ ម្ចាស់មកុដតំណាងជាតិទាំង៤រូប នឹងចូលរួមយ៉ាងសកម្មជាមួយកម្មវិធីលើកក្រោយៗទៀត ជាពិសេសពួកគេនឹងធ្វើជាគណៈកម្មការជ្រើសរើសបេក្ខភាពក្រោយៗ ព្រមទាំងចូលរួមផ្ដល់បទពិសោធន៍ដែលខ្លួនធ្លាប់ទទួលបានទាំងការប្រកួតនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចែករំលែកដល់បេក្ខភាពតំណាងជាតិក្រោយទៀត។

សូមរំលឹកថា កញ្ញា រឿន ណាត គឺជាបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ ហើយធ្លាប់ចេញទៅប្រកួតថ្នាក់អន្ដរជាតិនៅប្រទេសថៃ។ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៩ ហើយធ្លាប់ចេញទៅប្រកួតកម្រិតអន្ដរជាតិដូចកញ្ញា រឿន ណាត ដែរ។ រីឯកញ្ញា រ៉េត សារីតា ជាបវរកញ្ញាចក្រវាលតំណាងឲ្យជាតិកម្ពុជាឆ្នាំ២០២០ ធ្លាប់ចេញទៅប្រកួតនៅសហរដ្ឋអាមេរិក។

រូបភាព៖ ជិន សុភ័ក្ដ្រ

ចំណែកកញ្ញា ងិន ម៉ារ៉ាឌី វិញ គឺជាបវរកញ្ញាចក្រវាលឆ្នាំ២០២១ ធ្លាប់ចេញទៅប្រកួតនៅប្រទេសអ៊ីស្រាអែល។ ប៉ុន្ដែបវរកញ្ញាទាំង៤ដួង មិនទទួលបានជយលាភីថ្នាក់អន្ដរជាតិនោះទេ តែពួកគេបានយកឈ្នះបេះដូងកូនខ្មែរជាច្រើន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបង្ហាញពីអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់