• 2022-01-24 00:30:00
  • ព័ត៌មាន

គ្រួសារម៉ារីម៉ា កើតកូវីដមួយផ្ទះ តែមិនបង្ហើប ទុកទាល់តែជាហើយទើបប្រកាស មានអីឡើងផ្អើលអ៊ីនធើណិត

  • 2022-01-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃអាទិត្យទី ២៣ ខែមករា ឆ្នាំ ២០២២ តារាសម្ដែង Dingdong Dantes ដែលជាស្វាមីរបស់ Marian Rivera (ម៉ារ៉ម៉ា) បានបង្ហោះវីដេអូមួយ ដោយបង្ហើបការពិតថា លោក និងគ្រួសារ កើតកូវីដ១៩។

ការបង្ហើបនេះ គឺចំថ្ងៃគម្រប់ ១០ថ្ងៃនេះការធ្វើចត្តាឡីស័កចុងក្រោយ មានន័យថាលោក និងគ្រួសារបានធូរស្រាលហើយ ប៉ុន្តែទើបតែហ៊ានទម្លាយការពិតនៅពេលគ្រប់យ៉ាងបានប្រសើរ ហើយលោកក៏គ្រោងចូលធ្វើការវិញនៅថ្ងៃ ច័ន្ទនេះវិញដែរ។

ការពិតទៅ កាលពី ២សប្ដាហ៍មុននោះDingdong និងគ្រួសារ ស្រាប់តែ​មានអាការៈក្ដៅខ្លួន វិលមុខ និយាយរួម គឺជាអាការៈកូវីដតែម្ដង ហើយក៏សម្រេចធ្វើតេស្ត រួចក៏ចេញលទ្ធផល វិជ្ជមានកូវីដ ហើយខ្លួនក៏មិនបាន​ដឹងថា ឆ្លងមកពីណា និងតាំងពីពេលណាដែរ តែជាសំណាងល្អ ពួកគេក៏មិនធ្វើទុក្ខខ្លាំងដែរ ព្រោះមានកម្រិតស្រាលប្រៀបដូចផ្ដាសាយធម្មតា។

ភ្លាមៗពួកគេក៏បានប្រញាប់នៅដាច់ដោយឡែកពីគេ មិនឲ្យអ្នកណាចេញចូលផ្ទះ ខំញ៉ាំវីតាមីន អាហារបំប៉ន និងថ្នាំឲ្យបានត្រឹមត្រូវ ដើម្បីឆាប់វិលមកសភាពដើមវិញ។

ក្នុងវីដេអូ លោកក៏បានអរគុណដល់អ្នកដែលបារម្ភ ក្រុមគ្រួសារ មិត្តភ័ក្តិដែលបានផ្ញើម្ហូបចំណីសម្រាប់ពួកលោកក្នុងពេលសម្រាកព្យាបាលនៅផ្ទះ ពិសេសក្រុមការងារខាងខុទ្ទកាល័យអនុប្រធានាធិបតីហ្វីលីពីន ដែលបាន​ផ្ញើនូវសម្ភារៈថែទាំជាកញ្ចប់​មកឲ្យគ្រួសារលោកសម្រាប់ប្រើប្រាស់ក្នុងពេល​បែប​នេះ។

យ៉ាងណាមិញ​មកទល់ពេល​នេះ គ្រួសាររបស់លោកបាន​ជាសះស្បើយពីជំងឺកូវីដ ១៩ ហើយ ហើយពួកគេ​អរគុណម្ដងហើយម្ដងទៀត សម្រាប់អ្នកដែល​បារម្ភ និងលើកទឹកចិត្តអ្នកដែលគិតថាខ្លួនឯងមិនស្រួល ឲ្យប្រញាប់ធ្វើតេស្ត ដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេល ពិសេសការពារកុំឲ្យអ្នកផ្សេងឆ្លងពីយើងទាន់៕

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់