• 2022-01-27 04:03:18
  • ព័ត៌មាន

ខ្មឹប ត្រូវប្ដីក្រោយវាយយ៉ាងដំណំ ហើយលួចយកសម្ភារៈមួយចំនួនរត់ចោលនាងបាត់ឈឹងទៀត

  • 2022-01-27 04:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាកំប្លែង រ៉េន សុធារី ហៅនាងខ្មឹប ប្រកាសថានាងសុខចិត្ដរស់នៅតែម្នាក់ឯង ប្រសើរជាងរួមរស់ជាមួយប្ដីក្រោយដែលមានវ័យក្មេងជាងខ្លួន ប៉ុន្ដែមានចិត្ដឆេវឆាវ ហើយវាយដំនាងយ៉ាងដំណំកាលពីប៉ុន្មានថ្ងៃមុននេះ។

តាមរយៈសារព័ត៌មានក្នុងស្រុកមួយ នាងខ្មឹប បាននិយាយក្នុងទឹកមុខស្រពាន់ស្រពោន និងបង្ហាញស្មាមរបួសដោយសារប្ដីវាយបណ្ដើថា រូបនាងបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងបុរស់ម្នាក់ឈ្មោះ វណ្ណា វន្នី ដែលត្រូវជាប្ដីក្រោយរបស់នាង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រួចហើយ។

នាងខ្មឹប បានរំលឹកមូលហេតុដែលឈានដល់ការប្រើអំពើហិង្សាថា ប្ដីនាង តែងតែទាមទារមកលេងផ្ទះប្អូនស្រីបង្កើតរបស់គេ ប៉ុន្ដែនាងបដិសេធក្រោមហេតុផលថាកំពុងដាច់លុយ។ លុះដល់ម៉ោងបាយថ្ងៃត្រង់ ស្រាប់តែប្ដីនោះ ប្រើហិង្សាមកលើនាងទាំងកំរោលតែម្ដង។

នាងខ្មឹប៖ “ធុញថប់ក្នុងជីវិត ខ្ញុំខឹងខ្លួនឯងរើសផ្លូវខុស…ខុសហើយខុសទៀត។ និយាយទៅឥឡូវគាត់(ប្ដីក្រោយ) ធ្វើឲ្យខ្ញុំលែងស្ដាយហ្មង ចង់ឲ្យច្បាប់ដាក់ទោសគាត់ ហើយសុំឲ្យគាត់ប្រគល់ឲ្យខ្ញុំវិញរបស់ដែលគាត់បានយកទៅ…មានសៀវភៅគ្រួសារ បណ្ណសមាគម និងបណ្ណក្រីក្រឲ្យខ្ញុំវិញ"។

អ្នកនាង រ៉េន សុធារី ហៅនាងខ្មឹប មានវ័យជាង៤០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២ នេះ។ នាង គឺជាអតីតសមាជិកក្រុមកំប្លែងនាយកុយ និងត្រូវជាអតីតភរិយានាយហុងដា ប៉ុន្ដែជោគវាសនារបស់នាងហាក់ត្រូវដាក់ដល់បាតសមុទ្រ បន្ទាប់ពីនាង និងកូនប្រុសត្រូវគេរកឃើញថាបានជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតលើប្រពន្ធចុងនាយហុងដា ដែលជាប្ដីដើមរបស់នាង។ ជីវិតរបស់ក៏ចាប់ផ្ដើមអនាថា សេពគ្រឿងញៀន ហើយចុងក្រោយនេះគេឃើញនាងកែខ្លួន ហើយក៏រត់ទៅធ្វើជាសន្ដិសុខឯកជន ជាមួយប្ដីក្រោយ ប៉ុន្ដែក៏ត្រូវជួបរឿងអភ័ព្វបែបនេះទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់