• 2022-02-23 01:30:00
  • ព័ត៌មាន

ម្សិលមិញឃើញរូបថត ថ្ងៃនេះ ទឹម រដ្ឋា កំណត់ថ្ងៃចូលរោងជ័យ និងចំនួនភ្ញៀវត្រូវចូលរួមចងដៃបាត់

  • 2022-02-23 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែល ទឹម រដ្ឋា ទើបត្រូវបានមិត្ដរួមអាជីពគឺលោក អេឡិច ចន្ដ្រា ទម្លាយរូបថតក្នុងឈុតមង្គលការជាច្រើនសន្លឹកជាមួយសង្សាររបស់នាងនៅលើទឹកដីអង្គរ ខេត្ដសៀមរាប កាលពីល្ងាចមិញ។ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ តារាស្រីវ័យកណ្ដាល ទឹម រដ្ឋា បានកំណត់ថ្ងៃចូលរោងការ និងបង្ហាញចំនួនភ្ញៀវដែលត្រូវអញ្ជើញរួចហើយ។

កញ្ញា ទឹម រដ្ឋា បានប្រាប់ Sabay ថា ពិធីមង្គលនេះ នឹងធ្វើនៅកោះពេជ្រ ដោយកំណត់ថ្ងៃចូលរោងទី២៥ ខែមីនា ឆ្នាំ២០២២។ រីឯចំនួនភ្ញៀវត្រូវអញ្ជើញទាំងអ្នកសិល្បៈ និងក្រៅសិល្បៈសរុបប្រមាណ៧០នាក់ ប៉ុណ្ណោះ ដោយកញ្ញាលើកហេតុផលថាបារម្ភពីបញ្ហាឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩។

ទឹម រដ្ឋា៖ “ខ្ញុំបារម្ភ តែខ្ញុំតាមដានPage សម្ដេចរហូត ហើយខ្ញុំក៏ធូរចិត្ដវិញដែរ ព្រោះសម្ដេចថាមិនមានការបិទប្រទេសអីដូចមុនទេ តែយើងកាត់បន្ថយ…ដូចថា១តុ ដាក់បានតែ៧នាក់ អីចឹងទៅ ហើយយើងក៏លៃភ្ញៀវតាមហ្នឹងដែរ ហើយឥឡូវអត់ទាន់ហៅភ្ញៀវហើយអស់ផងបង"។

បើតាមតារាម៉ូដែលជើងចាស់រូបនេះ បន្ទាប់ពីរៀបការរួច កញ្ញា និងស្វាមី មានគម្រោងចេញទៅដើរកម្សាន្ដរយៈពេលខ្លីនៅក្រៅប្រទេស ប៉ុន្ដែកញ្ញាមិនទាន់មានគម្រោងយកកូនជាចំណងដៃរួមគ្នាជាមួយស្វាមីនៅឡើយទេ ពោលគឺត្រូវទុកពេលយ៉ាងតិចកន្លះឆ្នាំសិនមុននឹងយកកូន។

រូបថត៖​ ហ្វេសប៊ុក អេឡិច ចន្ដ្រា

កញ្ញា ទឹម រដ្ឋា និងសង្សារដែលជាអ្នកជំនួញផ្នែកអចលទ្រព្យជនជាតិអាមេរិកឈ្មោះ ចូវ៉ានី អេនតូនីញ៉ូ បានផ្ដើមស្នេហ៍ជាមួយគ្នាអស់រយៈពេល៦ឆ្នាំហើយ ហើយថ្ងៃមង្គលដែលពួកគេគ្រោងធ្វើនៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះ គឺចំថ្ងៃខួប៦ឆ្នាំ នៃការចាប់កំណើតស្នេហារបស់ពួកគេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់