• 2022-03-03 00:00:00
  • ព័ត៌មាន

បើសំឡេង និងមុខ មិនអាចនិយាយថាដូច តែចំណុចខ្លះគួរពិចារណាលើបុគ្គលថាខ្លួនជា​ ស៊ីន ស៊ីសាមុត

  • 2022-03-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមឆ្នាំ២០២២ នេះ មានសិល្បករ-សិល្បការិនីខ្មែរ ជាពិសេសអ្នកនិយមតាមដានស្ដាប់ចម្រៀងមរតកដើមបានចាប់អារម្មណ៍ខ្លាំងលើបុគ្គល២នាក់ ដែលអះអាងថាខ្លួនជា ស៊ីន ស៊ីសាមុត ចាប់ជាតិ។ ការអះអាងរបស់បុរសទាំង២នាក់ ធ្វើឲ្យមហាជនចាប់ផ្ដើមជជែកគ្នាឡើងវិញពីជីវប្រវត្ដិរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់បុរសទាំង២នាក់ តាមរយៈបទសម្ភាសន៍ចំនួន២ដាច់ដោយឡែកពីគ្នារបស់លោក សេង តារា កាលពីចុងខែមករា និងចុងខែកុម្ភៈ ឆ្នាំ២០២២ មានប្រិយមិត្ដខ្លះ បានពេបជ្រាយចំពោះសម្ដីបុរសទាំង២នាក់ ហើយថាជាសម្ដីភូត ភ ដើម្បីតម្កើងខ្លួនខុសទំនង ហើយយកកេរ្ដិ៍ឈ្មោះបុព្វបុរសមកលេងសើច។

Sabay មិនអាចវិនិច្ឆ័យ ឬទាញយកហេតុផលផ្សេងមកបញ្ជាក់ ដើម្បីឲ្យប្រិមិត្ដជឿ ឬមិនជឿលើបុរសទាំង២នាក់ ថាពិតជាលោក ស៊ីន ស៊ីសាមុត ចាប់ជាតិមែន ឬក៏អត់កម្រិតណានោះទេ? ប៉ុន្ដែយើងបានស្ដាប់យ៉ាងយកចិត្ដទុកដាក់នូវសម្ដីទាំងនេះ ហើយសូមលើកយកចំណុចខ្លះៗ ដើម្បីជាការពិចារណាទាំងអស់គ្នា។

ទី១ គឺលោក ជន់ គង់ រស់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្ដតាកែវ។ លោកអះអាងថា ខ្លួនលោកជា ស៊ីន ស៊ីសាមុត ចាប់ជាតិ ដោយកាលពីអតីតជាតិលោកត្រូវកងឈ្លបខ្មែរក្រហមសម្លាប់ដោយកាំបិតចំពុះទុងជាច្រើនកាំបិតចំត្រង់ថ្ពាល់ទាំងសងខាង ដើមទ្រូង និងចំភ្លៅ ហើយស្លាកស្នាមទាំងនេះបានបន្សល់ទុកដល់សព្វថ្ងៃ។

រំលឹករឿងអតីតជាតិដោយយូរៗម្ដងលោក ជន់ គង់ អួលដើមករ និងស្រក់ទឹកភ្នែក បានបន្ថែមថា ពេលគេសម្លាប់នោះ រូបលោកបានដាំក្បាលចុះទៅនឹងគុម្ពឬស្សីមួយគុម្ពដែលដុះក្បែរមាត់ទន្លេ ម្ដុំពោធិ៍ទន្លេ នៃស្រុកស្អាង ខេត្ដកណ្ដាល។ រីឯស្ថានភាពគ្រួសារវិញ គឺលោកចាំបានថា លោកមានភរិយាម្នាក់ឈ្មោះ ខាវ ថងញ៉ុត ហើយចាំបានតែកូនពីរនាក់ប៉ុណ្ណោះ គឺកូនស្រីច្បង និងកូនប្រុសទី២ គឺឈ្មោះ ស៊ីន ច័ន្ទសាយ៉ា។

ចំពោះរឿងរ៉ាវទាក់ទងនឹងសិល្បៈកាលពីអតីតជាតិវិញ លោក ជន់ គង់ ដែលអះអាងថាខ្លួនជា ស៊ីន ស៊ីសាមុត ចាប់ជាតិ និយាយថាអ្នកនិពន្ធបទចម្រៀងឲ្យលោកច្រៀង ហើយលោកបានជួបញឹកញាប់ក្នុងវិស័យចម្រៀងនោះ គឺមានតែលោក គង្គ ប៊ុនឈឿន លោក វ៉ោយ ហូរ និងលោក ម៉ា ឡៅពី ប៉ុណ្ណោះ។ រីឯបទចម្រៀងដែលលោកពេញចិត្ដខ្លាំង ហើយបាននិពន្ធទាក់ទងនឹងរឿងរ៉ាវផ្ទាល់ខ្លួន មានដូចជា៖ បទ“ឧត្ដមដួងចិត្ដ” និងបទ“ភព្វសំណាង”។

ងាកមកស្ថានភាពបច្ចុប្បន្នរបស់លោក ជន់ គង់ វិញ។ គិតត្រឹមឆ្នាំ២០២២ នេះ លោកមានវ័យ៤១ឆ្នាំ ហើយលោកមានភរិយា និងមានកូន២នាក់ ដោយប្រកបមុខរបរធ្វើស្រែ និងចិញ្ចឹមគោ។ ទោះជាយ៉ាងណាលោកថា សូម្បីតែភរិយា និងឪពុកម្ដាយបង្កើតរបស់លោកបច្ចុប្បន្នក៏មិនជឿថាលោកជា ស៊ីន ស៊ីសាមុត ចាប់ជាតិដែរ ប៉ុន្ដែលោកនៅតែជម្នះលើកស្លាកថា “ផ្ទះស៊ីន ស៊ីសាមុត ចាប់ជាតិ” នៅខាងមុខផ្ទះ បន្ទាប់ពីបានជួបគ្រូភ្លេង អ៊ុំ ដរ៉ា។

យើងងាកមកចាប់អារម្មណ៍លើយុវជនវ័យ២៧ឆ្នាំ ពេជ្រ ពិសិដ្ឋ វិញ។ បច្ចុប្បន្នលោក និងគ្រួសាររស់នៅភ្នំពេញ តែមានស្រុកកំណើតនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្ដកណ្ដាល។ លោកក៏អះអាងថា រូបលោកពិតជា ស៊ីន ស៊ីសាមុត ចាប់ជាតិ ត្បិតថារូបលោកមិនបានបន្សល់ស្លាកស្នាមលើខ្លួនពីអតីតជាតិដូចលោក ជន់ គង់ ក្ដី ប៉ុន្ដែលោកហាក់និយាយដឹងរឿងច្រើនពីជីវិតឯកជន និងសិល្បៈរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

លោក ពេជ្រ ពិសិដ្ឋ បានរំលឹករឿងអតីតជាតិទាំងទឹកមុខរីករាយ ហើយកន្លែងខ្លះលោកនិយាយប្រាវៗ ហាក់ដូចបានអាន ឬស្ដាប់បទសម្ភាសន៍ពីប្រភពមួយចំនួនដូចជា ភរិយាលោក ស៊ីន ស៊ីសាមុត អ្នកស្រី ខាវ ថងយ៉ុត កវី គង្គ ប៊ុឈឿន និងសាក្សីខ្លះទៀតមុនពេលគេសម្លាប់លោក ស៊ីន ស៊ីសាមុត ដូច្នោះដែរ។ ប៉ុន្ដែលោក ពេជ្រ ពិសិដ្ឋ ដែលបច្ចុប្បន្នដាក់ឈ្មោះខ្លួនឯងថា ពេជ្រ សាមុតពិសិដ្ឋ អះអាងថា អ្វីដែលលោកនិយាយ គឺមិនបានស្រាវជ្រាវឯកសារ ឬស្ដាប់ប្រភពណានោះទេ គឺនឹកឃើញនិយាយចេញមកដោយឯកឯងតែម្ដង។

ពេជ្រ ពិសិដ្ឋ អះអាងថាខ្លួនចាំបានថាកាលពីជាតិមុនលោកចូលចិត្ដដើរលេងជាមួយអ្នកនិពន្ធ និងចម្រៀងពីរនាក់ គឺលោក សុះ ម៉ាត់ និងលោក ញ៉ែម ផុន។ រីឯចម្រៀងដែលលោកបានច្រៀងច្រើនជាងគេពីសំណាក់អ្នកនិពន្ធនោះ គឺមានលោក គង្គ ប៊ុនឈឿន និងលោក វ៉ោយ ហូរ ក្រៅពីនោះ គឺជាបទដែលលោកនិពន្ធដោយខ្លួនឯង ហើយក្នុងបទទាំងនោះក៏មាននិយាយពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកដែរ។

ចំពោះករណីស្លាប់របស់លោក ស៊ីន ស៊ីសាមុត វិញ។ ពេជ្រ ពិសិដ្ឋ អះអាងថា ខ្លួនចាំជាតិច្បាស់ជាងគេ គឺត្រង់ដែលគេយកទៅសម្លាប់នេះហើយ។ កាលណោះ មានខ្មែរក្រហមតូចៗពីរបីនាក់ បានយកលោក ស៊ីន ស៊ីសាមុត ទៅសម្លាប់ចោលដោយបាញ់នឹងកាំភ្លើង នៅស្រុកល្វាឯម ខេត្ដកណ្ដាល។ ប៉ុន្ដែសម្ដីរបស់លោកនេះ គឺផ្ទុយស្រឡះពីសាក្សីឃើញគេបណ្ដើរលោក ស៊ីន ស៊ីសាមុត ទៅសម្លាប់ដោយផ្ទាល់ផ្ទាល់ភ្នែក គឺលោក កែវ ចំណាប់។

លោក កែវ ចំណាប់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាននានា ក្នុងនាមលោកជាអ្នកជាប់ឃុំជាមួយលោក ស៊ីន ស៊ីសាមុត កាលណោះថា លោក ស៊ីន ស៊ីសាមុត បានជាប់ឃុំជាមួយលោក នៅពោធិ៍ទន្លេ ស្រុកស្អាង ខេត្ដកណ្ដាល ហើយត្រូវគេបណ្ដើរទៅសម្លាប់នៅមិនឆ្ងាយប៉ុន្មានពីទីនោះឡើយ។

មានឯកសារជាច្រើនបញ្ជាក់ថា អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កើតនៅទី២៣ ខែសីហា ឆ្នាំ២៩៥៣ ហើយបានស្លាប់ក្នុងរបបខ្មែរក្រហម នៅស្រុកស្អាង ខេត្ដកណ្ដាល នាអំឡុងខែមីនា ឆ្នាំ១៩៧៦។ អស់រយៈពេល៤៦ឆ្នាំ នៃការស្លាប់របស់លោក ទើបមានបុរសពីរនាក់នេះ ចេញមុខអះអាងថាខ្លួនជា ស៊ីន ស៊ីសាមុត ចាប់ជាតិ ដោយលើកហេតុផលផ្សេងៗមកបញ្ជាក់ ប៉ុន្ដែប្រិយមិត្ដភាគច្រើននៅតែមិនជឿលើការអះអាងរបស់អ្នកទាំងពីរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់