• 2022-03-04 02:50:02
  • ចម្រៀង

ផ្ទុះការជជែកគ្នាលើបណ្ដាញសង្គម ក្រោយធ្លាយវីដេអូច្រៀងគោករបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

  • 2022-03-04 02:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ លេចមុខបុរសពីរនាក់បានអះអាងថាខ្លួនជា ស៊ីន ស៊ីសាមុត ចាប់ជាតិ ប៉ុន្ដែសំនៀងរបស់លោកទាំងពីរមិនពីរោះដូចលោក ស៊ីន ស៊ីសាមុត ឡើយ។ ការណ៍នេះ បានធ្វើឲ្យមហាជន កាន់តែច្រើនជជែកគ្នា ហើយផ្ទៀងត្រចៀកស្ដាប់នូវសំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ស្ទើរគ្រប់បទឡើងវិញ។

នៅថ្ងៃទី៤ ខែមីនា កាន់តែមានភាពភ្ញាក់ផ្អើល បន្ទាប់គណនីហ្វេសប៊ុកឈ្មោះ “មន្ដស្នេហ៍សំនៀង អធិរាជ ស៊ីន ស៊ីសាមុត” បានបញ្ចេញវីដេអូចម្រៀងដោយគ្មានភ្លេងមួយបទរបស់លោក ស៊ីន ស៊ីសាមុត ប៉ុន្ដែអ្នកស្ដាប់ភាគច្រើនយល់ថា បទនេះលោកមិនបានច្រៀងគោកទេ គឺអ្នកបង្ហោះយកវាមកកាត់សំឡេងភ្លេងចេញប៉ុណ្ណោះ។

បទ “ស្រអែមលាក់ខ្លួន" ជាសំនៀងដើមរបស់លោក ស៊ីន ស៊ីសាមុត ត្រូវបានគេយកមកបង្ហោះកាលយប់មិញ ហើយបានភ្ជាប់សំណេរខ្លីមួយថា៖ “ទោះបីច្រៀងគ្មានភ្លេង ក៏គាត់នៅតែច្រៀងពីរោះ”។ បើទោះបីជាអ្នកបង្ហោះមិនបានប្រាប់ថានេះជាសំឡេងច្រៀងគោក ឬក៏គ្រាន់តែកាត់សំឡេងភ្លេងចេញនោះ ក៏អ្នកស្ដាប់អាចយល់បានថា នេះគឺសំនៀងដែលមានភ្លេង ព្រោះលោក ស៊ីន ស៊ីសាមុត កម្រច្រៀងគោកណាស់ សម្បីតែក្រុមខ្មែរក្រហមធ្លាប់បង្ខំឲ្យលោកច្រៀងគោកក៏លោកមិនច្រៀងដែរ។

បន្ទាប់ពីបញ្ចេញវីដេអូនេះ មានប្រិយមិត្ដជាច្រើននៅតែស្រឡាញ់ទឹកដមសំឡេងពីរោះគ្មានពីររបស់ ដោយអ្នកខ្លះថាបានស្ដាប់ហើយឡើងព្រឺរោម ហើយថែមទាំងសំណូមពរឲ្យម្ចាស់គណនីហ្វេសប៊ុកដដែលនោះរកបទថ្មីរបស់លោក ស៊ីន ស៊ីសាមុត ផ្សេងទៀតមកធ្វើតាមរបៀបដូចគ្នា ដើម្បីឲ្យមហាជនដឹងកាន់តែច្បាស់ពីទឹកដមសំឡេងល្អឯករបស់ ស៊ីន ស៊ីសាមុត៕

ជិន សុភ័ក្ដ្រ

មតិយោបល់