• 2022-03-07 04:27:57
  • ព័ត៌មាន

ជីវិតកូនច្បងក្នុងគ្រួសារក្រីក្រ សួ វិចិត្រ ស៊ូតាំងពីយាមផ្ទះសំណាក់ រហូតក្លាយជាម្ចាស់ពាន Beat The Best

  • 2022-03-07 04:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួ វិចិត្រ ពិតជា​ទទួល​បាន​ក្ដីស្រឡាញ់ដ៏ច្រើន​ពីសំណាក់មហាជន​ ផ្អែកលើសមត្ថភាព​ដ៏អស្ចារ្យមិនអាច​មើលរំលងបាន រហូត​ពេល​នេះ​លោក​បាន​ក្លាយជា​ម្ចាស់ពាន Beat The Best រដូវកាលទី ១ ដោយជោគជ័យ។ ប៉ុន្តែគេ​នៅ​មិនភ្លេច​ទេថា​ យុវជន​រូបនេះ​បាន​ឆ្លងកាត់ឧបសគ្គ​ជា​ច្រើន ទម្រាំ​បាន​ថ្កុំថ្កើងដូចបច្ចុប្បន្ន។

វិចិត្រ គឺជា​អ្នក​ដែលមក​ពី​ខេត្ត ពោធិ៍សាត់ រស់នៅក្នុងគ្រួសារដែលឪពុកម្ដាយលែងលះគ្នា ដោយម្ដាយបែកទៅធ្វើពលករនៅថៃ ឪពុករស់ក្នុងភាពអស់សង្ឃឹម និងមាន​ជីវភាពខ្សត់ខ្សោយណាស់។

នាមជាកូនច្បង លោកក៏បាន​វេចបង្វេច​មករកការងារធ្វើនៅដីក្រុង ដើម្បី​ឈោងចាប់ក្ដី​ស្រមៃ​ និងសង្ឃឹម​ថា​ជីវិត​អាចនឹងប្រសើរ ដោយដំបូងលោកធ្វើការជាអ្នកយាមផ្ទះសំណាក់ឲ្យគេ បាន​ប្រាក់ខែ ៤០ដុល្លារ។ រហូត​ក្រោយមក មាន​សំណាង​បាន​ចូល​ធ្វើជាតារាចម្រៀងនៅ Sky Bar ក្នុងភោជនីយដ្ឋាន «ស្លាមាស» និងបាន​ទៅច្រៀងនៅកម្មវិធីនេះនោះ ហើយលោកក៏ទទួល​បាន​ប្រាក់ខែសមរម្យបន្តិចជាងមុន ប៉ុន្តែក៏មិនបាន​សល់អ្វីច្រើនដែរ។

នាម​ជាយុវជន​ដែលស្វះស្វែងរកលុយចិញ្ចឹមជីវិត លោក​ក៏បាន​ដឹង​ថា​ YouTube ក៏អាច​ជាមធ្យោបាយក្នុងការរកចំណូល​បាន​ដែរ ដូច្នេះ វិចិត្រក៏បានបង្កើត Channel YouTube ​​និង​សម្រេចបង្ហោះ​វីដេអូច្រៀង តែដំបូងៗគ្មានអ្នកមើលទេ។

ក្រោយមានការផ្ដល់យោបល់ពីមិត្តភ័ក្តិ លោកក៏បាន​បែរទៅបង្ហោះលើ TikTok ក៏ស្រាប់​តែមាន​ការគាំទ្រមិនធម្មតាមែន ជាហេតុចំនួនអ្នក Subscribe ឆានែល YouTube លោកកើនឡើងបន្តិចម្ដងៗ។

រហូត​ដល់បាន​ចូល​ប្រឡងចម្រៀងក្នុងកម្មវិធី Beat The Best វាសនារបស់យុវជន​វ័យ ២៦ឆ្នាំរូបនេះ កាន់តែមានពន្លឺខ្លាំង ព្រោះមាន​គេស្គាល់ច្រើន ពិសេសគ្រប់គ្នាក៏សរសើរនឹង​សមត្ថភាព​របស់ វិចិត្រ ខ្លាំង​ដែរ។ ដោយឡែក​ចាប់ពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ទៅ វិចិត្រ បាន​កែប្រែជីវិតថ្មីហើយ ព្រោះ​ពេលនេះ​លោកគឺជាម្ចាស់ជើងឯកកម្មវិធី Beat The Best និងជាតារាថ្មី​ដែលគ្រប់គ្នា​កំពុង​ផ្ដោតការគាំទ្រ​ពេញ​ទំហឹង៕

អត្ថបទ៖ ធារី

មតិយោបល់