• 2022-03-11 05:02:11
  • ព័ត៌មាន

សាក្សី៖ ក្រោយវាយសម្លាប់ ខោខ្លីរហែកជើងម្ខាងរបស់ ស៊ីន ស៊ីសាមុត ត្រូវមេរនុកយកមកឲ្យអ្នកទោសប្រើវិញ

  • 2022-03-11 05:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាក្សីរស់ក្នុងករណីឃាតកម្មលើអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺលោក កែវ ចំណាប់ នៅតែអះអាងថាខ្លួនជាមនុស្សដែលបានជាប់ឃុំ និងដឹងឮពីដំណើរជីវិតចុងក្រោយរបស់លោក ស៊ីន ស៊ីសាមុត យ៉ាងពិតប្រាកដ ខណៈដែលប្រភពខ្លះ រួមទាំងអ្នកដែលអះអាងថាខ្លួនជា ស៊ីន ស៊ីសាមុត ចាប់ជាតិផង បាននិយាយខុសគ្នាពីជីវិតចុងក្រោយរបស់លោក។

តាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយSabay នៅថ្ងៃទី១១ ខែមីនា នេះ លោក កែវ ចំណាប់ រំលឹកទាំងអួលដើមកថា ត្បិតហេតុការណ៍នេះបានកន្លងផុត៣០ ទៅ៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែរឿងរ៉ាវខ្លះហាក់នៅជាប់នឹងភ្នែករបស់លោក។ ជាពិសេសករណីក្រុមខ្មែរក្រហម ឬមេរនុក នៃមន្ទីរឃុំឃាំង១៥ បានយកលោក ស៊ីន ស៊ីសាមុត ទៅវាយសម្លាប់នៅក្បែរនោះ ពោលគឺស្ថិតនៅភូមិលេខ១ ដែលបច្ចុប្បន្នស្ថិតនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្ដកណ្ដាល។

លោក កែវ ចំណាប់៖ “ម៉ោងប្រហែល ៦ល្ងាច មេរនុកហៅឈ្មោះ៧ ទៅ៨នាក់ ហើយឈ្មោះ ស៊ីន សាមុត ហ្នឹងនៅចុងក្រោយគេបង្អស់។ពេលហ្នឹង គាត់(ស៊ីន ស៊ីសាមុត) មានតែពាក្យលាខ្ញុំថា បងទៅមុនហើយ សូមអូននៅឲ្យបានសុខ ព្រោះយើងដឹងស្រេចហើយស។ ដល់ព្រឹកឡើង…ខ្ញុំឃើញខោគាត់ ខ្ញុំស្គាល់ខោគាត់ជើងខ្លី ពណ៌ខ្មៅ រហែកជើងម្ចាស ហើយខ្ញុំសួរគេថា ម្ចាស់ខោទៅណាហើយ ហើយមេរនុកហ្នឹងប្រាប់ខ្ញុំថា គេបង្ហើយគាត់ម៉ោង៨យប់មិញបាត់ហើយ ហើយមេរនុកហ្នឹងថាជាអ្នកកប់ផ្ទាល់ដៃទៀតផង"។

លោក កែវ ចំណាប់ បន្ថែមថា លោកភ្ញាក់ព្រើតពេលមេរនុកបញ្ជូនលោកដល់កន្លែងឃុំ ហើយជួបមុខលោក ស៊ីន ស៊ីសាមុត ដែលគេដាក់ឃ្នាងជើងនៅជាប់គ្នានោះ ប៉ុន្ដែភ្លាមនោះលោកទាំងពីរមិនទាន់ហ៊ាននិយាយរកគ្នាទេ ដោយខ្លាចគេដឹង គឺភ្លាមៗបានត្រឹមតែមើលមុខគ្នា និងអង្អែលដៃគ្នាប៉ុណ្ណោះ។ ពីរថ្ងៃក្រោយ ទើបលោកហ៊ាននិយាយរកគ្នា ហើយលោក ស៊ីន ស៊ីសាមុត ប្រាប់លោកថា គេបានចាប់លោកមកពីព្រែកឯង មកឃុំលោកនៅទីនេះ១សប្ដាហ៍ហើយ ហើយលោកក៏បន្ដជាប់ឃុំជាមួយគ្នារយៈពេល៥ខែ។

រូបថត៖ ផ្ដល់ដោយលោក កែវ ចំណាប់

សាក្សីរូបនេះបញ្ជាក់ថា កាលគេយកលោក ស៊ីន ស៊ីសាមុត ទៅសម្លាប់ គឺនៅអំឡុងចុងខែធ្នូ ឆ្នាំ១៩៧៥។ រយៈពេល៥ខែ ដែលលោក ជាប់ឃុំជាមួយលោក ស៊ីន ស៊ីសាមុត នៅមន្ទីរឃុំឃាំង១៥ ចំណុះឲ្យតំបន់២៥ ស្ថិតនៅក្នុងខេត្ដកណ្ដាលបច្ចុប្បន្ន គឺរងនូវទុក្ខវេទនា ខ្លោចផ្សាបំផុត ដោយកាលណោះអត់មានអាហារហូប ក្រៅតែពីគល់ចេកស្ងោលាយកន្ទក់នោះទេ។ មន្ទីរឃុំឃាំង បានផ្ដល់របបអាហារដូចសត្វជ្រូកនេះ ក្នុង១ថ្ងៃពីរពេលប៉ុណ្ណោះ គឺនៅម៉ោង៩ព្រឹក និងម៉ោង២រសៀល មុននឹងគេយកលោកទៅសម្លាប់។

ទន្ទឹមគ្នានេះ លោក កែវ ចំណាប់ ក៏អំពាវនាវដល់ប្រិយមិត្ដបើចង់ដឹងកាន់តែច្បាស់ពីដំណើរជីវិតចុងក្រោយរបស់លោក ស៊ីន ស៊ីសាមុត ឬប្រិយមិត្ដដែលមានទឹកចិត្ដសប្បុរសជួយរូបលោកផ្ទាល់ក្នុងស្ថានភាពលោកជួបការលំបាកខាងជីវភាពនេះ អាចទាក់ទងមកលោកផ្ទាល់បានតាមរយៈទូរស័ព្ទលេខ ០៧៧២៩៤០៤០៕

ជិន សុភ័ក្ដ្រ

មតិយោបល់