• 2022-05-05 00:30:00
  • ព័ត៌មាន

ខ្លាំងមិនចាញ់បុរសៗទេ! ទាំងនេះគឺជាតារាស្រី ងារជារាជិនីរកលុយទាំង ១៥រូប ឆ្លាតវៃក្នុងវិស័យជំនួញ

  • 2022-05-05 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមានការជជែកគ្នាច្រើនលើមុខជំនួញ និងភាពជោគជ័យរបស់សិល្បករខ្មែរ៣ រូប គឺលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ និងលោក ហេង ឡុង មុនពួកគាត់ទទួបានគោរមងាជាឧកញ៉ា។ ថ្ងៃនេះ Sabay សូមសង្ខេបជូនប្រិយមិត្ដនូវមុខជំនួញក្រៅសិល្បៈរបស់សិល្បការិនីវិញម្ដង ដ្បិតពួកគាត់មិនមែនជាឧកញ៉ា ប៉ុន្ដែកំពុងក្ដាប់ជំនួញធំៗក្នុងដៃយ៉ាងណែន។

១/ តារាពហុជំនាញ ខាត់ សុឃីម។ អ្នកនាង ជាអគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខផលិតផលថែសម្រស់ឈ្មោះ Mochy។ អ្នកនាងក៏ជាថៅកែវង់តន្ដ្រីសម័យ និងបុរាណ និងក្រុមភ្លេងខ្មែរត្រកូលខាត់ ព្រមទាំងជាថៅកែដីឡូត៍នៅស្រុកពញាឮ ខេត្ដកណ្ដាលទៀតផង។

២/ប្អូនថ្លៃថៅកែហង្សមាស គឺតារាចម្រៀង ឱក សុគន្ធកញ្ញា។ អ្នកនាងមានហាងលក់កាបូបឈ្មោះ “ASK” និងជាតំណាងFranchise ហាងតែគុជ An Cha ព្រមទាំងមានកិច្ចសហការរកស៊ីជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិរបស់ស្រីអូនទៀតផង។

៣/ តារាសម្ដែង គង់ ច័ន្ទស្រីមុំ មានហាងលក់ផលិតផលថែសម្រស់ និងជាថៅកែហាងលក់សម្លៀកបំពាក់ឈ្មោះ “ម៉ូម៉ូ” ជាច្រើនសាខានៅភ្នំពេញ។

៤/តារាចម្រៀង មាស សុខសោភា មានក្រុមហ៊ុនផលិតស្ពត និងថតចម្រៀង ព្រមទាំងបានសហការរកស៊ីជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិ និងបុរីបុស្បាទៀតផង។

៥/ ពិធីការិនី យុគ ចិន្ដា ជាម្ចាស់ហាងសម្លៀកបំពាក់ឈ្មោះ “អម” និងភោជនីយដ្ឋាន “ស្លឹកឈូក”។

៦/ ពិធីការិនី គង់ សុជាតិ មានមជ្ឈមណ្ឌលកែសម្ផស្ស និងបានលូកដៃយ៉ាងជ្រៅចូលក្នុងវិស័យអចលនទ្រព្យ។

៧/ គឹម លីហ្សា ជាម្ចាស់ហាងម្ជូរដ៏ធំ និងមានហាងលក់គុយទាវ និងហាងបុកល្ហុង។

៨/ តារាសម្ដែង សុខ ចាន់ធីតា ហៅកាតុ ជាម្ចាស់ហាងហ្វឺ និងបាមួយកន្លែងឈ្មោះ “ទស្សវត្ស៦០”។

៩/ តារាសម្ដែង និងជាប្រធានសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា មានហាងលក់គ្រឿងសម្អាង និងហាងគុយទាវទឹកខ្មៅមួយឈ្មោះ “គុយទាវច័ន្ទ”។

១០/ តារាចម្រៀង សុគន្ធ និសា។ អ្នកនាង បើកហាងលក់សម្លៀកបំពាក់បែបបុរាណ និងទាន់សម័យ ព្រមទាំងសហការរកស៊ីជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិរបស់ស្រីអូនទៀតផង។

១១/តារាចម្រៀង យក់ ថិតរដ្ឋា កំពុងបោះទុនវិនិយោគលើគម្រោងពុះដីឡូត៍ និងផ្ទះល្វែង។

១២/តារាចម្រៀងស្រី សុខ ពិសី ជាម្ចាស់ហាងតែគុជ Tealive ប្រចាំនៅកម្ពុជា។

១៣/ តារាសម្ដែង ស៊ីន យូប៊ីន បានសហការរកស៊ីជាមួយហាងតែគុជឈ្មោះ “FIRE TIGER” និងបោះទុននាំចូលប្រេនសម្លៀកបំពាក់ដ៏ល្បីមួយ។

១៤/ តារាចម្រៀង លី អ៊ីវាធីណា ជាម្ចាស់ភោជនីយដ្ឋានចិន-ខ្មែរ មួយកន្លែង ព្រមទាំងជាថៅកែហាងលក់សម្លៀកបំពាក់ដ៏ធំមួយនៅភ្នំពេញ។

១៥/ អតីតតារាសម្ដែងស្រី ឌី សូនីតា។ អ្នកនាង បើកសម្អាងការដ៏ធំមួយ ហើយសម្អាងការនោះដាក់ឈ្មោះអ្នកនាងតែម្ដង៕

ជិន សុភ័ក្ដ្រ

មតិយោបល់