• 2022-05-08 04:00:00
  • ព័ត៌មាន

តារាស្រី ៥ដួងនេះ នៅតែប្រណិប័តន៍ម្ដាយយ៉ាងល្អ ស្ដែងពីភាពកតញ្ញូ

  • 2022-05-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវាអ្នកម្ដាយ ឬMother’s Day គឺជាពិធីបុណ្យមួយត្រូវបានគេធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមរិកតាំងពីឆ្នាំ១៩០៨ ហើយបច្ចុប្បន្នប្រពៃណីនេះបានសាយភាយមកដល់ប្រទេសក្នុងតំបន់អាស៊ី។ ដោយឡែកនៅប្រទេសកម្ពុជា គេឃើញអ្នកមានមុខមាត់ក្នុងសង្គម ជាពេលតារាល្បីៗ បានបង្ហាញក្ដីស្រឡាញ់របស់ខ្លួនចំពោះម្ដាយក្នុងឱកាសនេះ។

ឆ្នាំ២០២២ នេះ ទិវាអ្នកម្ដាយ ត្រូវចំថ្ងៃអាទិត្យ ទី៨ ខែឧសភា។ Sabay សូមបង្ហាញជូនប្រិមិត្ដនូវសកម្មភាពរបស់តារាស្រីល្បីៗដែលបង្ហាញភាពកតញ្ញូចំពោះម្ដាយ និងសុខចិត្ដធ្វើអ្វីៗដើម្បីអ្នកម្ដាយជាទីស្រឡាញ់ក្នុងឱកាសដ៏ពិសេសនេះ។

១/ តារាចម្រៀង រ៉េត ស៊ូហ្សាណា។ ឆ្នាំនេះកញ្ញា បានពញ្ញាក់អារម្មណ៍អ្នកម្ដាយដោយដឹកទៅទិញនាឡិកាដៃនៅក្នុងហាងមួយ ដោយអះអាងថាបើទោះបីជាឡិកានោះតម្លៃប៉ុន្មានក៏កញ្ញាហ៊ានទិញឲ្យដែរ ឲ្យតែអ្នកម្ដាយសប្បាយចិត្ដ។ តារាស្រីវីយក្មេងរូបនេះ តែងតែបង្ហាញក្ដីស្រឡាញ់ជ្រាលជ្រៅចំពោះម្ដាយក្នុងឱកាសនេះ ហើយកាលពីឆ្នាំមុនកញ្ញាបានទិញកាបូបជូនអ្នកម្ដាយ តែម្ដាយមិនសូវស្រឡាញ់កាបូបនោះ ទើបឆ្នាំនេះដឹកម្ដាយមកដល់ហាងលក់នាឡិការតែម្ដង ដើម្បីកុំឲ្យខកចិត្ដទៀត។

២/ តារាសម្ដែង អន រ៉ាស៊ីសុមេត្ដា ហៅណូម័រ។ អ្នកនាង និងម្ដាយ ស្ថិតនៅក្បែរគ្នាស្ទើរពេញ២៤ម៉ោងក្នុង១ថ្ងៃ ហើយអ្នកនាងពុំសូវទិញរបស់ថ្លៃៗ ឬប្រគល់វត្ថុដែលជាទីប្រាថ្នាម្ដាយក្នុងឱកាសនេះទេ ព្រោះលុយកាក់ដែលកញ្ញារកបាន គឺនៅលើការចាត់ចែងរបស់ម្ដាយ។

ណូម័រ៖ “ខ្ញុំនៅក្បែរគាត់(ម្ដាយ) ប៉ុណ្ណឹងហើយនៅតែបារម្ភពីគាត់ ខ្លាចគាត់ពិបាកចិត្ដគ្រប់ពេល។ ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ ខ្ញុំអត់មានទៅsurprise គាត់ទេ គឺមានតែក្ដីស្រឡាញ់រាល់ថ្ងៃចំពោះគាត់”។

៣/តារាសម្ដែង ផាន់ មីនា ហៅវល្លិក។ កញ្ញាតែងតែផ្ដល់ក្ដីស្រឡាញ់ និងនាំម្ដាយដើរតាមស្ទើរគ្រប់កម្មវិធីសិល្បៈ បើទោះបីជាម្ដាយកញ្ញាមានវ័យចំណាស់ទៅហើយក្ដី។ ជាក់ស្ដែងនៅក្នុងកម្មវិធីសម្ពោធរឿងមួយ កញ្ញា និងម្ដាយបានបណ្ដើរគ្នាចូលកម្មវិធី ហើយពេលទៅដល់គេឃើញកញ្ញាបានយកទឹក និងនំជូនម្ដាយពិសានៅលើតុក្បែរខ្លួនឈរជជែកលេងជាមួយសិល្បករ-សិល្បការិនីដទៃនោះ។

៤/ តារាសម្ដែងវ័យក្មេង អាង សុជាតា តែងតែផ្ដល់ក្ដីស្រឡាញ់ចំពោះអ្នកម្ដាយក្នុងឱកាសនេះរាល់ឆ្នាំ ហើយអ្នកស្រី សឿន ផានផាភួង ដែលត្រូវជាម្ដាយក៏តែងតែផ្ដល់សេចក្ដីសន្ដោសទៅកូនវិញដែរ។ ជាក់ស្ដែងក្នុងកម្មវិធីខួបកំណើតដ៏ធំមួយកាលពីឆ្នាំ២០២០ ម្ដាយ និងកូននេះ បានរំភើបរហូតស្រក់ទឹកភ្នែកពេលកូនជូនពរអ្នកម្ដាយ ហើយអ្នកម្ដាយក៏ជូនពរឲ្យវិញក្នុងក្រសែភ្នែកមនុស្សដ៏ច្រើន កំពុងចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ អាង សុជាតា កាលណោះ។

៥/ ពិធីការិនីសម្បុរសស្រអែម សុភ័ក្ដ្រ កុសុម៉ា។ ដ្បិតកញ្ញា មិនសូវបាននាំម្ដាយទៅចូលរួមក្នុងកម្មវិធីសិល្បៈធំៗ ប៉ុន្ដែកញ្ញាតែងតែផ្ដល់ក្ដីស្រឡាញ់ និងបារម្ភចំពោះម្ដាយជានិច្ច។ ជាក់ស្ដែងកញ្ញា តែងតែផ្ដល់ស្នាមញញឹមឲ្យម្ដាយតាមរយៈការផ្ដល់លុយទាំងបាច់ៗ និងធ្លាប់ទិញសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីពញ្ញាក់អារម្មណ៍អ្នកម្ដាយក្នុងឱកាសនេះទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់