• 2022-05-12 01:30:00
  • ព័ត៌មាន

យ៉ង់ ចន្ទនីតា កំពុងសន្សំលុយដើម្បីឈោងចាប់ក្ដីស្រមៃរបស់ខ្លួនមួយទៀត

  • 2022-05-12 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាអ្នកនិពន្ធស្រីវ័យក្មេង យ៉ង់ ចន្ទនីតា ទើបប្រកាសថាខ្លួនកំពុងសន្សំប្រាក់ដើម្បីសិក្សាបន្ដផ្នែកតែងនិពន្ធនៅសាលាភូមិន្ទវិចិត្រសិល្បៈ។ ដ្បិតថាកញ្ញា ទទួលបានការគាំទ្រច្រើនលើស្នាដៃតែងនិពន្ធបទចម្រៀង ហើយបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងGalaxy ក្ដី ក៏កញ្ញាថានឹងឆ្លៀតពេលរៀនបន្ថែមឲ្យបាន។

កញ្ញា យ៉ង់ ចន្ទនីតា បានប្រាប់Sabay ថា កញ្ញាមិនដែលសូម្បីតែគិតថាខ្លួនចេះគ្រប់គ្រាន់ ឬបានល្បីហើយលើផ្នែកតែងនិពន្ធ បើទោះបីជាបទរបស់កញ្ញាផ្ទុះការគាំទ្រនារយៈពេលចុងក្រោយនេះ។ កញ្ញានៅតែមានចំណុចខ្វះខាត ព្រោះទើបចូលប្រឡូកក្នុងវិស័យតែងនិពន្ធបានជិត៣ឆ្នាំ បន្ទាប់ពីចាប់អាជីពសម្ដែង ច្រៀង និងជាពិធីការិនីជាប់លាប់មក។

កញ្ញា យ៉ង់ ចន្ទនីតា៖ “តាមពិតទៅ ខ្ញុំមានក្ដីស្រមៃមួយទៀតមិនត្រឹមជាអ្នកនិពន្ធបទចម្រៀងទេ ខ្ញុំចង់ធ្វើជាអ្នកសរសេរភាពយន្ដ ដោយសារខ្ញុំស្រឡាញ់ខាងនិពន្ធហ្នឹងខ្លាំងហ្មង ក្រៅពីច្រៀង និងធ្វើជាពិធីការិនី។ យើងរៀន ចង់បានសញ្ញាប័ត្រ ផង ដើម្បីទុកឲ្យកូនចៅមើល ហើយណាមួយខ្ញុំស្រឡាញ់ខាងអក្សរសាស្ដ្រផង"។

កញ្ញា យ៉ង ចន្ទនីតា ថាកន្លងទៅកញ្ញាធ្លាប់តែចូលរៀនវគ្គតែងនិពន្ធខ្លីៗ ពោលគឺរយៈពេល៦ខែៗ ហើយវគ្គទាំងនោះផ្ដោតតែទៅលើការសរសេរបទចម្រៀង ទើបពេលនេះកញ្ញាចង់សន្សំបានចូលរៀលពេញលេញតែម្ដង ដើម្បីមានឱកាសទទួលបានសញ្ញាប័ត្រ។ នីតា បញ្ជាក់ថាក្រោយរៀនចប់ថ្នាក់ទី១២ នាស្រុកកំណើត នៃខេត្ដបន្ទាយមានជ័យ កញ្ញាមិនបានបន្ដការសិក្សាថ្នាក់ឧត្ដមសិកក្សាលើជំនាញណាមួយទេ ព្រោះជាប់រវល់នឹងការងារច្រៀង សម្ដែង និងធ្វើជាពិធីការិនី ដើម្បីផ្គត់ផ្គង់គ្រួសារ។

កញ្ញា យ៉ង់ ចន្ទនីតា បាននិពន្ធ និងច្រៀងបទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” រហូតមានគេយកបទនេះទៅ Cover ឬច្រៀងឡើងវិញ ផ្ទុះការគាំទ្រកាន់តែខ្លាំង។ បន្ទាប់ពីនោះ កញ្ញាបានធ្វើឲ្យផលិតកម្មGalaxy ល្បីមួយកម្រិតទៀត បន្ទាប់ពីកញ្ញានិពន្ធទំនុកច្រៀងឲ្យតារាចម្រៀង តន់ ចន្ទសីម៉ា និងខេម បកស្រាយ នូវបទមួយក្រោមចំណងជើងថា "ដួលកង់"៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម