• 2022-05-11 02:40:44
  • ព័ត៌មាន

ក្រោយម្ចាស់ផ្ទះជួលដេញចេញទាំងយប់ ឥឡូវនេះ ផេនខេក ទទួលបានជម្រកថ្មីមួយទៀតហើយ

  • 2022-05-11 02:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីភ្ញាក់ផ្អើលរឿង ផេនខេក ត្រូវម្ចាស់ផ្ទះជួលឲ្យរើឥវ៉ាន់ចេញទាំងយប់ ដោយសារអត់មានលុយបង់ថ្លៃផ្ទះ ឥឡូវនេះ ផេនខេក មានជម្រកបណ្ដោះអាសន្នថ្មីហើយ ក្រោមការជ្រោមជ្រែងរបស់តារាសម្ដែង អ្នកនាង គង់ ច័ន្ទស្រីមុំ។ អ្នកនាង បានផ្ដល់ផ្ទះមួយខ្នងដើម្បីរស់នៅ ប៉ុន្ដែផ្ទះនោះស្ថិតនៅឆ្ងាយពីកន្លែងនាងធ្វើការបន្ដិច។

ក្នុងពេលតារាសម្ដែងមាឌយក្ស ផេនខេក តែលតោលគ្មានផ្ទះនៅ ស្រីមុំ បានអូសដៃនាងឲ្យចូលនិយាយក្នុងវីដេអូLive មួយកាលពីយប់មិញ។ បន្ទាប់ពីដឹងថា ស្រីមុំ បានប្រគល់ផ្ទះមួយខ្នងឲ្យស្នាក់នៅបណ្ដោះអាសន្ន ផេនខេក ក៏សម្រក់ទឹកភ្នែក ហើយយំឱប ស្រីមុំ ដោយបង្ហើបពាក្យអគុណដែលជួយសង្គ្រោះជីវិតខ្លួនពីចំណុចសូន្យឡើងវិញ។ គង់ ច័ន្ទស្រីមុំ ក៏មិនខុសពីមិត្ដសិល្បៈមួយចំនួនទៀតដែរ បានព្យាយាមលើកទឹកចិត្ដ និងផ្ដល់ឱកាសឲ្យ ផេនខេក តស៊ូឡើង ដើម្បីជីវិតជោគជ័យជាថ្មី។

អ្នកស្រី គង់ ច័ន្ទស្រីមុំ៖ “ឥឡូវនេះដល់ដំណាក់កាលដែលអត់មានផ្ទះនៅហើយ ព្រោះម្ចាស់ផ្ទះគាត់ដេញចេញ ដោយសារអត់មានថវិកាបង់ផ្ទះគេនៅបន្ដទេ ឥឡូវនេះខ្ញុំផ្ដល់ផ្ទះមួយកន្លែងរបស់ខ្ញុំឲ្យគាត់នៅ តែមិនមែនផ្ទះគាត់ធ្លាប់នៅពីមុននោះទេ គឺផ្ទះមួយទៀត”។

តារាសម្ដែងភេទទី៣ ផេនខេក បានធ្លាក់ខ្លួនដល់ចំណុចសូន្យ ហើយរឿងអាក្រក់ៗចាប់ផ្ដើមកើតឡើងមកលើតារារូបនេះជាបន្ដបន្ទាប់នៅអំឡុងខែមេសា និងខែឧសភា ឆ្នាំ២០២២ នេះ។ ជួបរឿងទី១ គឺជំពាក់បំណុលគេប្រមាណ១៥ម៉ឺនដុល្លារ រឿងធំទី២ ត្រូវស្វាមីបែកចិត្ដទៅមានអ្នកថ្មី និងរឿងទី៣ លែងមានជម្រករស់នៅពិតប្រាកដ ដោយឥឡូវនេះសូម្បីតែផ្ទះជួលក៏អត់មានលុយបង់ដែរ រហូតដល់ម្ចាស់ផ្ទះដេញចេញទាំងកណ្ដាលយប់ ហើយគង់ ច័ន្ទស្រីមុំ បាននាំមកនៅផ្ទះនាងបណ្ដោះអាសន្ន៕

ជិន សុភ័ក្ដ្រ

មតិយោបល់