• 2022-05-17 07:22:23
  • ព័ត៌មាន

ធ្លាប់ជួបរឿងឈឺចាប់ស្រដៀងគ្នា ថ្ងៃនេះ ចន ច័ន្ទលក្ខិណា ប្រាប់ លី ម៉ារីណា ពីរបៀបកសាងជីវិតជាថ្មី

  • 2022-05-17 07:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាតារាសម្ដែងស្រី ហើយធ្លាប់ជួបរឿងបែកប្រាក់ស្វាមីស្រដៀងគ្នា ចន ច័ន្ទលក្ខិណា បានផ្ដល់កម្លាំងចិត្ដដល់ លី ម៉ារីណា ដែលទើបលែងលះស្វាមី ប៉ុន្ដែមិនទាន់ដាច់ស្រឡះរឿងទ្រព្យសម្បត្ដិ។ បន្ទាប់ពីអះអាងថា អតីតស្វាមី បានលួចយកអលង្កា និងទ្រព្យមានតម្លៃរបស់ខ្លួន រួចរត់គេចបាត់ស្រមោល នាងក៏បញ្ចេញសារ និងចម្រៀងដ៏កម្សត់ ១បទ នៅថ្ងៃនេះ។

នៅក្នុងវីដេអូចម្រៀងដែលគេឃើញរូបថត លី ម៉ារីណា សម្រក់ទឹកភ្នែក អមដោយពាក្យថា៖“គ្មានមនុស្សស្រីណា មានចិត្ដទូលាយស្មើមេឃ ចែកប្ដីជាមួយស្រីផ្សេងឡើយ" ត្រូវបាននាងយកទៅបង្ហោះលើបណ្ដាញសង្គម ហើយអ្នកនាង ចន ច័ន្ទលក្ខិណា ចែកចែកបន្ដ ដោយភ្ជាប់ពាក្យលើកទឹកចិត្ដជាច្រើនសម្រាប់អ្នកមេម៉ាយ លី ម៉ារីណា ទៀតផង។

អ្នកនាង ចន ច័ន្ទលក្ខិណា និយាយថា អ្នកដែលធ្លាប់ជួបការបរាជ័យក្នុងជីវិតទើបយល់អារម្មណ៌នេះ មិនថាជីវិតគូ ឬវិបត្តិសេដ្ឋកិច្ចឡើយ។ នាងសូមឲ្យ ម៉ារីណា ព្យាយាមលើកទឹកចិត្តខ្លួនឯង និងរឹងមាំឡើង ព្រោះជីវិតគឺបែបនេះ ម្តងឡើងម្តងចុះ បើទោះបីជាយើងធ្លាប់ជោគជ័យ និងបរាជ័យ តែអ្វីៗសុទ្ធតែអាចចាប់ផ្តើមសារជាថ្មី។

ចន ច័ន្ទលក្ខិណា៖ “អូនបាត់របស់នៅថ្ងៃនេះអូនអាចរកមកវិញបាន ទោះមិនលឿន តែវាមិនពិបាកវេទនាដូចព្យាយាមក្នុងភាពបាត់ទំនុកចិត្តនោះទេ”។ គិតត្រឹមម៉ោង ២រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ Sabay មិនទាន់អាចសុំការបញ្ជាក់បន្ថែមពី អ្នកនាង លី ម៉ារីណា បាននៅឡើយទេ។ ប៉ុន្ដែអ្នកនាងធ្លាប់អះអាងថា អ្នកនាង និងស្វាមីឈ្មោះ សាត ចាន់ថន បានព្រមព្រៀងលែងលះគ្នាដោយសន្ដិវិធីតាមផ្លូវច្បាប់ ដោយនាងជាអ្នកចិញ្ចឹមបីបាច់កូន។

រូបថត និងវីដេអូ៖ ហ្វេសប៊ុក លី ម៉ារីណា

ស្រាប់តែថ្មីៗនេះ លេចរឿងថា ស្វាមីលួចយកទ្រព្យមានតម្លៃដែលកើតចេញពីកម្លាំងញើសឈាមនាងរត់គេចបាត់ស្រមោល ប៉ុន្ដែស្វាមីវិញបញ្ជាក់ថា ខ្លួនមិនបានយករបស់នោះទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់