• 2022-05-26 01:30:00
  • ព័ត៌មាន

សុវត្ថិឌី ធារិកា មិនទាន់រំសាយចិត្ដ អ៊ាម វន្នី ថានឹងរក្សាទង្វើរបស់ខ្លួនដូចកាលប៉ា និងម៉ាក់នាងនៅមានជីវិត

  • 2022-05-26 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៦ ខែឧសភា នេះ មរណៈភាពប៉ា និងម៉ាក់របស់តារាចម្រៀងស្រី សុវត្ថិឌី ធារិកា មានរយៈពេល១០ថ្ងៃគត់។ ធារិកា និងប្អូនប្រុស មិនទាន់រំសាយចិត្ដបានពីប៉ា និងម៉ាក់ដែលបានទៅចោលពួកគេដោយគ្មានថ្ងៃវិលត្រឡប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយនៅស្រុកឆែប ខេត្ដព្រះវិហារ។

ក្នុងស្ថានភាពជីវិតតែលថោលគ្មានប៉ា និងម៉ាក់គ្រប់គ្រង មានមិត្ដសិល្បៈមួយចំនួនបានបង្ហាញពីទឹកចិត្ដស្រឡាញ់រាប់អាន និងបង្កើនមិត្ដភាពទ្វេដង។ ជាក់ស្ដែងមិត្ដរួមអាជីព និងជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Cambodia Idol កាលពីឆ្នាំ២០១៥ ជាមួយគ្នា គឺលោក អ៊ាម វន្នី បានប្រាប់Sabay ថាលោកនឹងជួយមើលថែធារិកា និងប្អូនប្រុស តាមរយៈការរក្សាទំនាក់ទំនងល្អដូចកាលប៉ា និងម៉ាក់របស់សុវត្ថិឌី ធារិកា នៅមានជីវិត ជាពិសេសក្នុងពេលដែលធារិកាលំបាកនេះ។

អ៊ាម វន្នី៖ “រឿងមួយដែលខ្ញុំធ្វើឲ្យគាត់(សុវត្ថិឌី ធារិកា) បានគឺរក្សាការរាប់អានមួយដែលល្អ កុំឲ្យគាត់មានអារម្មណ៍ថាខ្វះញាតិ ព្រោះពេលហ្នឹងគាត់ត្រូវការភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួន បើបងប្អូន និងសាច់ញាតិគាត់ជួយធ្វើបាន ផ្ដល់ភាពកក់ក្ដៅឲ្យបាន អីចឹងគាត់ឆាប់រំសាយចិត្ដបានលឿន”។

តារាចម្រៀងសំឡេងផ្អែមពីរោះ អ៊ាម វន្នី រំលឹកថា រូបលោក និងកញ្ញា សុវត្ថិឌី ធារិកា ធ្លាប់ចេញដំណើរទៅច្រៀងតាមខេត្ដ និងកម្មវិធីតន្ដ្រីជាច្រើននៅភ្នំពេញ ហើយប៉ា និងម៉ាក់របស់ធារិកា តែងតែដើរតាមមពួកគេ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងផ្ដល់ស្នាមញញឹមនៅពី ក្រោយឆាក។

ការស្រឡាញ់រាប់អានគ្នារវាងលោក និងគ្រួសាររបស់សុវត្ថិឌី ធារិកា បានដក់នៅជាប់ក្នុងចិត្ដរបស់លោករហូត ហើយលោកសន្យារថានឹងរក្សាមិត្ដភាពនេះឲ្យកាន់តែល្អ៕

ជិន សុភ័ក្ដ្រ

មតិយោបល់