• 2022-05-31 00:52:56
  • ព័ត៌មាន

Breaking new: ស្ថានភាពជំងឺរបស់តារាសម្ដែងទសវត្ស៨០ គន្ធ តារាវណ្ណ ព្រឹកនេះ

  • 2022-05-31 00:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមព្រលឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថានភាពជំងឺលើសឈាម ឬឡើងសម្ពាធឈាមរបស់តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ បានធូរបន្ដិចហើយ ដោយសម្ពធឈាមបានចុះពី១៦ មកនៅត្រឹម១៤ មីលីម៉ែត្របារ៉ត ក្នុង១លីត្រឈាម។

កូនប្រុសទី៣ របស់តារាសម្ដែងជើងចាស់រូបនេះ បានប្រាប់Sabay នៅមុននេះបន្ដិចថា ម្សិលមិញអាការជំងឺឪពុករបស់លោកបានធ្វើទុក្ខខ្លាំង រហូតធ្វើសាច់ និងភ្នែកឡើងពណ៌លឿងដែលបញ្ហានេះត្រូវបានគ្រូពេទ្យប្រាប់កូនៗថា បណ្ដាលមកពីស្ទះទងថង់ប្រម៉ាត់។

បើតាមប្រភពដដែល ឲ្យដឹងថា ទោះពេលនេះបានធូរបន្ដិច ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យចេញទៅសម្រាកនៅផ្ទះ ដោយប្រើថ្នាំដោយខ្លួនឯងនៅផ្ទះនៅឡើយទេ ព្រោះគ្រូពេទ្យនៅបន្ដតាមដានឲ្យសម្ពាធឈាមចុះនៅត្រឹម១១ ឬ១២ ដែលជាកម្រិតធម្មតាវិញសិន។

លោក គន្ធ តារាវណ្ណ ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជូរី រាជធានីភ្នំពេញ តាំងពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា។ ប៉ុន្ដែស្ថានភាពរបស់លោកកាន់តែធ្ងន់ធ្ងរកាលពីថ្ងៃម្សិលមិញ រហូតដល់កូនប្រុសទី២ របស់លោកប្រកាសដំណឹងដល់សាធារណជនពីស្ថានភាពដ៏គួរឲ្យព្រួយបារម្ភចំពោះឪពុករបស់លោក។

ឧត្ដមសេនីយ៍ទោ គន្ធ តារាវណ្ណ និងជាតារាសម្ដែងជើងចាស់ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៨៦។ បច្ចុប្បន្នលោកនៅតែមានប្រជាប្រិយភាព ហើយភាគច្រើនលោកដើរជាតួអង្គឪពុក ឬចាស់ព្រឹទ្ធាចារ្យ។ ប៉ុន្ដែជាអកុសល្យការងារសិល្បៈ ត្រូវរអាក់រអួលក្រោយពីស្ថានភាពជំងឺលើសឈាមរបស់លោកធ្វើទុក្ខខ្លាំង។ តាមពិតលោកមានជំងឺនេះជាង ៣០ឆ្នាំហើយ ហើយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រូបលោកក៏ត្រូវបានកូនចៅបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្ដងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់