- 2022-06-01 11:03:33
- ព័ត៌មាន
រួសរាន់ឡើង! មហោស្រពភាពយន្តខ្លីចតុមុខ ផ្ដល់ឱកាសពិសេសដល់អ្នកមានស្នាដៃផលិតរឿងខ្លី ឆ្នាំនេះ
- 2022-06-01 11:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួសរាន់ឡើង! មហោស្រពភាពយន្តខ្លីចតុមុខ ផ្ដល់ឱកាសពិសេសដល់អ្នកមានស្នាដៃផលិតរឿងខ្លី ឆ្នាំនេះ
ចន្លោះមិនឃើញ
មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១១ ឆ្នាំ២០២២ បានចាប់ផ្តើមប្រកាសបើកទទួលស្នាដៃ របស់ផលិតករភាពយន្ត ខ្នាតខ្លី ចាប់តាំងពីខែមីនា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ ឥឡូវនេះនៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះ។ មហោស្រពសូមរម្លឹកដល់សមិទ្ធករភាពយន្ត ដែលមានចំណាប់អារម្មណ៍ទាំងអស់ ឱ្យបញ្ចប់ភាពយន្តខ្លី និងផ្ញើស្នាដៃរបស់ខ្លួន មកកាន់មហោស្រពដោយរួសរាន់។
រៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន យុទ្ធនាការ Chaktomuk Film Insight បានផ្សព្វផ្សាយដល់ទស្សនិកជន ទាំងតាមអ៊ីនធឺណិត និងដោយផ្ទាល់ បានចំនួន ៦ដង មក ហើយមកទល់នឹងពេលនេះ។ ការបញ្ចាំងភាពយន្តចុងក្រោយបង្អស់ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុននៅខេត្តរតនគិរី រួមជាមួយនឹងការបញ្ចាំងភាពយន្ត "តោះថតឯកសារកម្ពុជា" ដើម្បីរំលេចប្រភេទភាពយន្តឯកសាររបស់មហោស្រព។
លោក ស៊ុំ ស៊ីថែន ប្រធាន CSFF 2022 បានមានប្រសាសន៍ថា៖ «ដើម្បីលើកទឹកចិត្តដល់សមិទ្ធករភាពយន្តកម្ពុជា និងអន្តរជាតិ ឱ្យដាក់ភាពយន្តមកពួកយើង យើងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាបន្តបន្ទាប់ទៀត។ កម្មវិធី «ឡើងរោងកុន» យើងនឹងធ្វើឡើងជាមួយរោងភាពយន្តដៃគូសំខាន់របស់យើង គឺរោងភាពយន្តលេជេននៅសាខា Noro Mall ដោយមានការបញ្ចាំងភាពយន្តខ្លីៗ និងការសម្តែងក្បាច់គុនខ្មែរទៀត»។
ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត និងភាពយន្តឯកសារ CSFF នៅតែបន្តទទួលយកវីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែរយៈពេលអតិបរមានៃវីដេអូមិនលើសពី ៣០នាទី។ CSFF-XI នឹងបន្ថែមនូវពានរង្វាន់ថ្មី «ភាពយន្តខ្លី អន្តរជាតិល្អបំផុត» ដែលត្រូវបានវិនិច្ឆ័យដោយមេប្រយោគអន្តរជាតិ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា ៥ ប្រភេទដូចតទៅ៖
ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
ភាពយន្តខ្លីឆ្នើមអន្តរជាតិ
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ
ចាប់តាំងពីចាប់ផ្តើមជំនាន់ថ្មីរបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយ ក្រសួងព័ត៌មាន រោងភាពយន្ត Legend Cinemas, ផលិតកម្ម Kongchak, Snaeng Media, Sabay News និង Everything About Cambodia។
មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសរង្វាន់ជាសាច់ប្រាក់ ដល់ម្ចាស់ជើងឯកដែលសមនឹង ទទួលបាននាពេលខាងមុខ នៅក្នុងពានរង្វាន់ទាំង ៥ប្រភេទ។
ប្រសិនបើលោកអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀត នៅរាជធានីភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFF ឬ http://csff.co/submission/។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលទៅកាន់
ថតរឿងខ្លីឱ្យបានសប្បាយណា៎ អ្នកទាំងអស់គ្នា តែសូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផង!