• 2022-06-08 08:30:11
  • ព័ត៌មាន

ជួបគ្នាបានម្ដងនៅក្នុងក្លឹប Dj កាកា ក៏មានឱកាសចាប់ដៃគូរសម្ដែងជាមួយ ងួន សុបិន រហូតបានល្បីឈ្មោះ

  • 2022-06-08 08:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងលោក ងួន សុបិន និងDj កាកា ត្រូវបានប្រិយមិត្ដខ្លះយល់ច្រឡំថាជាបងប្អូនបង្កើត និងខ្លះថាត្រូវជាសាច់ញាតិនិងគ្នា ដោយសារតែតារាប្រុសទាំងពីរដួងនេះតែងតែដើរទៅណាមកណាជាមួយគ្នា ហើយការសម្ដែងទៀតសោតក៏អ្នកនិពន្ធច្រើនដាក់ឲ្យសម្ដែងជាដៃគូរជាមួយគ្នាស្ទើរគ្រប់រឿងដែរ។

លោក ភឿន សុភាពភា ហៅDj កាកា បានទម្លាយពីជំហ៊ានដំបូង នៃការសម្រេចដើរលើវិថីសិល្បៈទាំងដែលខ្លួនពុំមានបទពិសោធន៍អ្វីសោះ រហូតបានក្លាយជាអ្នកសម្ដែងបែបកំប្លែងមួយរូបដែលប្រិយមិត្ដស្គាល់ច្រើនតាមរយៈSabay កាលពីពេលថ្មីៗនេះ។ លោកថា ភាពជោគជ័យលើវិថីសិល្បៈរបស់លោក ក៏ព្រោះតែមានការជួយជ្រោមជ្រែងពីលោក ងួន សុបិន ដែលលោកចាត់ទុកដូចជាបងប្រុសបង្កើត ចាប់តាំងពីឆ្នាំ២០១៦។

Dj កាកា៖ “រវាងខ្ញុំ និងគាត់ជាអ្នកដទៃសុទ្ធ តែមានថ្ងៃមួយដែលខ្ញុំធ្វើការនៅក្នុងក្លឹប ហើយគាត់ទៅលេងហ្នឹង ជាមួយបងមាស សុខសោភា ហើយខ្ញុំក៏ទៅនិយាយជាមួយពួកគាត់…ដល់ពេលស្គាល់គាត់បានម្ដងហ្នឹង គាប់ជួនអីផលិតកម្ម អិល ឌី គេចេញថតរឿង ក៏ដាក់ខ្ញុំជាមួយគាត់ហ្មង"។

Dj កាកា រំលឹកថា រូបលោកបានជួបលោក ងួន សុបិន និងអ្នកនាង មាស សុខសោភា ព្រមទាំងតារាល្បីៗមួយចំនួនទៀតដោយផ្ទាល់ជាលើកដំបូងនៅក្នុងក្លឹបកម្សាន្ដមួយម្ដុំផ្សារទំនើបសូរិយា នៅអំឡុងឆ្នាំ២០១៦។ ពេលនោះហើយដែលលោកចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងជាមួយតួ និងលោក ងួន សុបិន។ ក្រោយមកលោក ងួន សុបិន ក៏បាននាំលោកឲ្យបានសម្ដែងក្នុងរឿងបង្គោលគ្រាក់សង្កត់វិញ្ញាណរបស់ផលិតកម្ម អិល ឌី និងកម្មវិធី “ដូច្នឹងផង” របស់ទូរទស្សន៍ថោន ជាបន្ដបន្ទាប់។

Dj កាកា៖ “រឿងក្រោយៗមកទៀត គេឃើញខ្ញុំ ហើយបងសុបិន លេងសង់តង់គ្នាល្អ ក៏ចាប់ឲ្យខ្ញុំសម្ដែងជាមួយគាត់រហូត…ដូចកម្មវិធីដូច្នឹងអី ជួបគ្នារាប់មិនអស់ហ្មង ចូលរាប់រយរឿងហើយ ហើយខ្ញុំក៏អគុណបងសុបិន ព្រោះជីវិតសិល្បៈខ្ញុំបានមកដល់ថ្ងៃនេះកុំបានគាត់ជួយ"។

បច្ចុប្បន្នក្រៅពីអាជីពសម្ដែង និងច្រៀង Dj កាកា ក៏ឈោងចាប់ជំនួញក្រៅសិល្បៈមួយដែរជាមួយលោក ងួន សុបិន។ នោះ គឺធ្វើជាតំណាងចែកចាយធំរបស់ក្រុមហ៊ុនលក់ផលិតផលថែទាំងសុខភាពសម្រស់មួយរបស់កូរ៉េ។ លោកថា ជំនួញនវក៏បានជួយលោកច្រើនដែរ ខណៈដែលស្ថានភាពកូវីដ-១៩ ទើបស្ងប់ស្ងាត់ ហើយការងារចាប់ផ្ដើមងើបឡើងវិញប្រហែល៦០ ទៅ៧០% បើប្រៀបធៀបកាលពីមុនឆ្នាំ២០១៩ ដែលជំងឺកូវីដ-១៩ ផ្ទុះឡើង គឺលោកចេញថត ស្ទើររកពេលសម្រាកគ្មាន។

តារាសម្ដែងមាឌធំ សម្បុរស្រអែម មានវ័យ ៣៣ឆ្នាំរូបនេះ រំលឹកថា រវាងលោក និងលោក ងួន សុបិន មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនជាងចំនួនរឿងដែលលោកធ្លាប់ថតជាមួយគ្នាទៀត។

លោកធ្លាប់អស់សង្ឃឹម និងទម្លាក់ដៃពីការងារសិល្បៈ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានវាយលុកដោយជំងឺកូវីដ-១៩ ហើយការងារសិល្បៈត្រូវបានផ្អាកដំណើរការស្ទើរទាំងស្រុង ប៉ុន្ដែលោក ងួន សុបិន បានណែនាំលោករហូតថាកុំឲ្យផ្ដេកផ្ដួលទៅតាមស្ថានការ ហើយលោកក៏ចាប់ផ្ដើមមានភាពជាម្ចាស់ការឡើងវិញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់