• 2022-06-10 05:09:55
  • ព័ត៌មាន

តារាល្បីឈ្មោះ ៥ដួង ក្នុងទសវត្សរ៍២០០០ វិលចូលសិល្បៈវិញ ក្រោមហេតុផលដ៏គួរឲ្យចាប់អារម្មណ៍រៀងៗខ្លួន

  • 2022-06-10 05:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពលេចហើបៗក្នុងវិស័យសិល្បៈ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់តារាខ្មែរមួយចំនួន។ តារាខ្លះ ឃ្លាតឆ្ងាយពីសិល្បៈរាប់ឆ្នាំ ស្ទើរតែអ្នកគាំទ្រភ្លេចមុខ ឬសំឡេងទៅហើយ ប៉ុន្ដែថ្មីៗនេះស្រាប់តែបង្ហាញវត្ដមានជាបន្ដបន្ទាប់ក្នុងវិស័យសិល្បៈ ដោយលើកហេតុផលស្រដៀងគ្នាថា នៅស្រឡាញ់អាជីពសិល្បៈ។

ថ្ងៃនេះ Sabay សូមលើកយកតារាចម្រៀង និងតារាសម្ដែងល្បីឈ្មោះ៥ ដួង ក្នុងទសវត្សរ៍២០០០ មករំលឹកជូនប្រិយមិត្ដ។

១/ តារាចម្រៀង ហ៊ីបហប់ ពូឃ្លាំង។ ត្រឡប់មកកាន់វិថីសិល្បៈលើកទី២ នេះ លោកថែមទាំងបាននាំកូនប្រុសមាឌធាត់ទ្រលុកទ្រលន់ម្នាក់មកជាមួយទៀតផង ដោយឲ្យកូនចាប់អាជីពសម្ដែងដំបូងជាមួយ ផាន់ រ៉ុង ហើយលោកវិញចាប់យកអាជីពចម្រៀងដដែល ដោយត្រៀមចេញបទចម្រៀងថ្មីៗជាច្រើន។

គិតមកដល់ពាក់កណ្ដាលឆ្នាំ២០២២ នេះ ពូឃ្លាំងមិនទាន់អស់ចំហាយល្បីនៅឡើយទេ ព្រោះមានចម្រៀងជាច្រើនបទបានបន្សល់ទុកតាំងពីទសវត្សរ៍២០០០ នៅមានអ្នកស្រឡាញ់ និងចូលចិត្ដស្ដាប់។ បទដែលគេពេញនិយមកាលណោះ ហើយគេនៅចាំមិនភ្លេចមកដល់ពេលនេះ គឺបទ “ខ្ញុំមានដំណឹងល្អ"។

វាល្បី រហូតដល់នាយពាក់មី លើកមកច្រៀងក្នុងកម្មវិធីសម្ដែងកំប្លែងរបស់លោក ទទួលបានការគាំទ្រខ្លាំងម្ដងទៀត។ ចំពោះហេតុផលវិលចូលសិល្បៈវិញ ត្រូវបានពូឃ្លាំង ប្រកាសថា មកពីមានការជំរុញ និងលើកទឹកចិត្ដពីភរិយា និងកូនប្រុសជាទីស្រឡាញ់ ហើយម្យ៉ាងលោកក៏នៅស្រឡាញ់អាជីពចម្រៀង។

២/ លោក ហេង ប៊ុនលាភ ក៏បានប្រឡូក និងមានឈ្មោះបោះសំឡេងក្នុងសិល្បៈតាំងពីអំឡុងឆ្នាំ២០០០ មកដែរ។ កាលពីជិត ២០ឆ្នាំមុន ពោលគឺកាលពីលោកនៅក្នុងផលិតកម្មSSB រូបលោកបានច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា “ជីដូនកាកី” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងរបស់លោក ហ្វៃ សំអាង ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយកេរ្ដិ៍របស់លោកក៏កាន់តែល្បីតាមរយៈបទនេះ។

ល្បីបានមួយរយៈ ស្រាប់តែ ហេង ប៊ុនលាភ បាត់មុខពីសិល្បៈ ក្រោយពីលោកបានចូលបម្រើការងារជាមន្ដ្រីរាជការក្នុងរាជបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។ ទន្ទឹមគ្នានោះក៏លេចដំណឹងថាលោកមានមុខរបរផ្ទាល់ខ្លួនមួយចំនួនទៀតដែលអាចទ្រទ្រង់ជីវភាពរបស់លោកឲ្យកាន់តែប្រសើរ ហើយអាចប្រលែងដៃពីសិល្បៈបានដោយងាយ។

ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ លោក ហេង ប៊ុនលាភ បានប្រកាសចូលបម្រើអារម្មណ៍អ្នកគាំទ្រវិញ តាមរយៈបើកផលិតកម្មថ្មីមួយ ដោយនាំអ្នកចម្រៀងមួយចំនួន ដើម្បីបង្កើតទ្រនំសិល្បៈផ្នែកចម្រៀងនេះទៀតផង។ ប្រភពខ្លះបង្ហើបថា ក្រៅពីរវល់នឹងការងារជាមន្ដ្រីនគរបាល និងជាថៅកែលក់ដីឡូត៍ លោកក៏រវល់ខ្្លាំងណាស់ដែរក្នុងសកម្មភាពផលិតបទចម្រៀងថ្មីឡើងវិញ។ ចំពោះមូលហេតុវិលចូលសិល្បៈវិញ ត្រូវបានលោកបង្ហើបថា ជំនួញខាងអចលទ្រព្យលែងសូវដំណើរការខ្លាំង ឬលក់ដាច់ដូចមុន ហើយម្យ៉ាងលោកក៏នៅតែស្រឡាញ់អាជីពជាអ្នកសិល្បៈ។

៣/ អ្នកនាង យក់ ថិតរដ្ឋា។ តារាចម្រៀងមាឌមាំ ហើយសាច់នៅស្អាតចាំរូបនេះ បានប្រឡូកក្នុងវិស័យចម្រៀងតាំងអីអំឡុងឆ្នាំ២០០០ ជាមួយតារាប្រុសស្រីជាច្រើនរូបដូចជា ស្វាមីរបស់ខ្លួន គឺលោក ឃុំ ប៉ុណ្ណាដែត សែម សង្វាត និងអ្នកនាង គឹម លក្ខិណា ជាដើម។

គេនៅចាំបានថា បទល្បីរបស់តារាចម្រៀងរូបនេះ គឺបទ "តើឲ្យអូនក្បត់បងដូចម្ដេចទៅ"។ ប៉ុន្ដែ យក់ ថិតរដ្ឋា បានដកខ្លួនឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីអ្នកនាង បានរៀបការ និងរួមរស់ជាមួយលោក ឃុំ ប៉ុណ្ណាដែត រហូតបង្កើតបានកូនច្រើននាក់។

ប៉ុន្ដែពីចុងឆ្នាំ២០២១ អ្នកនាង យក់ ថិតរដ្ឋា បានប្រកាសចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ ហើយនៅឆ្នាំ២០២២ គេឃើញវត្ដមានតារាចម្រៀងស្រីកណ្ដាលរូបនេះ បានឡើងឆាកប្រគំតន្ដ្រីញឹកញាប់ ហើយទទួលបានការគាំទ្រច្រើនពីមហាជនដដែល។ ចំពោះមូលហេតុចូលសិល្បៈវិញ មិនត្រូវបានតារារូបនេះបញ្ចេញជាសាធារណៈទេ ប៉ុន្ដែប្រភពខ្លះទម្លាយថា គ្រួសារអ្នកនាងជួបបញ្ហាជីវភាព ក្រោយពីមានក្ដីក្ដាំរាំរ៉ៃជាមួយអ្នកធំម្នាក់ ទាក់ទងរឿងអចលនទ្រព្យ។

៤/តារាសម្ដែងប្រុស សុវណ្ណ មករា។ បន្ទាប់ពីបាត់មុខពីសិល្បៈ និងស្ពាយឈ្មោះជាបុរសពោះម៉ាយអស់រយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះលោកប្រកាសចូលសិល្បៈវិញ តាមរយៈអាជីពសម្ដែង។ លោក សុវណ្ណ មករា ធ្លាប់ជាដៃគូរសម្ដែងយ៉ាងសាកសមជាមួយអ្នកនាង សឿ សុធារ៉ា ក្នុងខ្សែភាពយន្ដជាច្រើន ក្នុងនោះគេនៅចាំបានថាអ្នកទាំងពីរធ្លាប់ដើរជាតួអង្គឯកក្នុងរឿង “ព្រះគោ ព្រះកែវ”។

អ្វីដែលគេចាប់អារម្មណ៍ ក្រោយពីលោក សុវណ្ណ មករា ចូលប្រឡូកក្នុងអាជីពសម្ដែងជាលើកទី២ កាលពីដើមឆ្នាំ២០២២ គឺលោកនៅមានរូបសម្បត្ដិស្រស់សង្ហារ។ ចំពោះមូលហេតុសំខាន់ដែលលោកចូលសិល្បៈវិញយ៉ាងណានោះ មិនទាន់ត្រូវបានសាមីខ្លួនទម្លាយទេ ប៉ុន្ដែការចូលវិញនេះបន្ទាប់ពីលោកលែងលះជាមួយគ្រួសារ ដោយបន្សល់កូនពីរនាក់។

៥/ តារាចម្រៀង ចាន់ សម័យ។ ដ្បិតថា តារាចម្រៀងរូបនេះ បានប្រកាសចូលសិល្បៈវិញពីរបីឆ្នាំទៅហើយក្ដី ប៉ុន្ដែលំនាំចូលសិល្បៈវិញរបស់លោក មិនខុសឆ្ងាយពីសិល្បករ-សិល្បការិនីប៉ុន្មានរូបដែល Sabay បានលើកមកនេះឡើយ ព្រោះក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ត្រូវបានគេប្រទះឃើញតារាចម្រៀងរូបនេះរស់នៅបន្ទប់ជួលក្នុងជីវភាពតោកយ៉ាកបំផុតជាមួយភរិយា និងកូន៥នាក់។

ធ្លាប់ជាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មព្រះវិហារ ចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០១ លោក ចាន់ សម័យ បានបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ស្ទើរតែប្រិយមិត្ដភ្លេចមុខ និងសំឡេងរបស់លោកទៅ ហើយ។ ប៉ុន្ដែឈ្មោះរបស់លោកត្រូវបានមហាជននឹកឃើញឡើងវិញ នៅពេលដែលគេនឹកឃើញ ឬបានស្ដាប់បទ “សុំមេមាន់” និងបទ “មិនស្រឡាញ់អូនមិនបាន”។

កាលពីចុងឆ្នាំ២០១៨ លោក ចាន់ សម័យ ត្រូវបានគេផ្ដល់ឱកាសឲ្យបានកាន់ក្បាលមេក្រូម្ដងទៀតតាមរយៈផលិតកម្ម ហ្គាឡាក់ស៊ីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីមហាជន និងប្រមុខរាជរដ្ឋាភិបាល ដឹងពីមូលហេតុ នៃការបាត់មុខពីសិល្បៈរបស់លោកដោយសម្ងំរស់នៅយ៉ាងស្ងៀមស្ងាត់ជាមួយគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ៕

ជិន សុភ័ក្ដ្រ

មតិយោបល់